រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានជំរុញរដ្ឋបាលខេត្តទាំង ៤ នៃតំបន់ឆ្នេរសមុទ្រ រួមមានខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ធ្វើការរៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្ត ទាំងឆ្នេរនៅលើដីគោក និងឆ្នេរនៅលើដីកោះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងជ្រើសរើសត្រៀមដាក់បញ្ចូលឆ្នេរបេក្ខភាពឲ្យបានច្រើនក្នុងចលនាប្រទ្បងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី ៣ ឆ្នាំ ២០២២ នេះ ។
តាមការបញ្ជាក់របស់គណៈកម្មាធិការជាតិនេះ រដ្ឋបាលខេត្តតំបន់ឆ្នេរទាំងបួន មន្ទីរ និងអង្គភាពជំនាញនិមួយៗ ត្រូវរៀបចំផែនការច្បាស់លាស់ ម៉ឹងម៉ាត់ ក្នុងការរៀបចំឆ្នេរខ្សាច់កម្សាន្តប្រកបដោយសោភ័ណភាព បរិស្ថានល្អ សេវាកម្មល្អ និងប្រកបដោយសុវត្ថិភាពទាំងលើដីគោក និងក្នុងទឹកសម្រាប់ការចូលរួមប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្ត ស្អាត ។ ដើម្បីធានាបាននូវតម្លាភាព និងសុក្រឹត្យភាពនៃការវាយតម្លៃឆ្នេរខ្សាច់កម្សាន្តនីមួយៗ ឲ្យបានគ្រប់ជ្រុងជ្រោយ ។
ការវាយតម្លៃនឹងត្រូវធ្វើឡើងជាប្រចាំចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃចុះត្រួតពិនិត្យ វាយតម្លៃ និងដាក់ពិន្ទុចុងក្រោយ និងស្នើដល់រដ្ឋបាលខេត្ត មន្ទីរ និងអង្គភាពជំនាញនិមួយៗ ត្រូវចូលរួមជាមួយក្រុមការងារទទួលបន្ទុកតាមដាន និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្តនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងការដាក់ពិន្ទុ និងវាយតម្លៃឆ្នេរបេក្ខភាព ដោយឆ្លុះបញ្ចាំងទៅលើគ្រប់ទិដ្ឋភាពទាំងទិដ្ឋភាពនគរូបនីយកម្មនិងសំណង់ ទេសចរណ៍ បរិស្ថាន និងសន្តិសុខ សុវត្ថិភាព និងអនុលោមតាមគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត ។
តាមគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅកំលុងខែធ្នូ ឆ្នាំ ២០២២ កម្ពុជានឹងទទួលរៀបចំ «មហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក» នៅខេត្តព្រះសីហនុ និងខេត្តកោះកុង ភ្ជាប់ជាមួយនឹងពិធីបុណ្យសមុទ្រ ដូច្នេះគណៈកម្មាធិការ ជំរុញដល់រដ្ឋបាលខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា ធ្វើការរៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្តទាំងឆ្នេរនៅលើដីគោក និងឆ្នេរនៅលើដីកោះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងជ្រើសរើសត្រៀមដាក់បញ្ចូលឆ្នេរបេក្ខភាពឲ្យបានច្រើន ក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី ៣ ឆ្នាំ ២០២២ នេះ ដោយចាប់ផ្តើមរៀបចំ និងកែលម្អឆ្នេរខ្សាច់ទាំងនោះអោយស្របតាមសូចនាករដែលមានចែងនៅក្នុងគោលការណ៍ណែនាំស្តីការគ្រប់ឆ្នេរខ្សាច់កម្សាន្ត ដើម្បីឆ្ពោះទៅទទួលបានជ័យលាភីនាពេលខាងមុខផង និងជាឱកាសដ៏ល្អដើម្បីបង្ហាញដល់ប្រទេសជាសមាជិកក្លឹបឆ្នេរនូវគំរូពិសេសនៃការរៀបចំស្តង់ដាឆ្នេរខ្សាច់កម្សាន្តស្អាតរបស់កម្ពុជា ៕