មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញទៅលេងកំសាន្តនៅតំបន់រម្មណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍បានកោតសើរ សម្រស់ធម្មជាតិ រម្មណីយដ្ឋានទឹកធ្លាក់ភ្នំខៀវនាពេលបច្ចុប្បន្ននេះមានភាពស្រស់ស្អាតខុសប្លែកពីមុនៗ ក្នុងនោះក៏មានការអមដំណើរ ដោយលោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធផងដែរ។
លោកជំទាវបានបន្តថា៖ កាលពីមុនៗនៅតំបន់រម្មណីយដ្ឋានទឹកធ្លាក់ភ្នំខៀវនេះមិនសូវមានភាពស្រស់ស្អាត និងពិបាកធ្វើដំណើរទៀតផង តែបច្ចុប្បន្ននេះប្លែកច្រើនឃើញមានរៀបចំផ្លូវបេតុងឡើងទៅស្រួល ជាពិសេសនៅតំបន់ទឹកធ្លាក់ភ្នំខៀវមានរៀបចំបានស្អាតមានកន្លែងអង្គុយលេង មានរៀបចំខ្ចុះអង្គុយនៅខាងលើច្រាំងទៀតផង។ ចំណែកកន្លែងដាក់ឡានម៉ូតូធំទូលាយមិនធ្វើឲ្យមានការព្រួយបារម្ភពីសុវត្ថភាពបាត់បង់អ្វីឡើយ។ អ្វីដែលទាក់ទាញចិត្តយើងនោះ គឺទឹកជ្រោះធ្លាក់បែកផ្កាត្រែងមានទៅដល់៧ជាន់។ លោកជំទាវបានបន្តថា៖ ទាំងអស់នេះហើយដែលជាកត្តានាំអោយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្តសប្បាយរីករាយ ដែលជាកត្តាជួយជំរុញកំណើនភ្ញៀវទេសចរណ៍មកកំសាន្តក្នុងខេត្តប៉ៃលិន។
លោកជំទាវរដ្ឋរលេខាធិការក្រសួងទេសចរណ៍ បានកោតសសើរដល់ថ្នាក់ដឹកនាំខេត្តដែលមាន លោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្ត ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្ត អោយមានសក្តានុពលខ្ពស់។
សូមញ្ជាក់ថា៖ តំបន់រម្មណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ឬក៏គេច្រើនហៅថា ជ្រោះភ្នំខៀវ មានទីតាំងស្ថិតនៅ ភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងមានចម្ងាយប្រហែល៩គីឡូម៉ែត្រ ពីរូបសំណាកយាយយ៉ាត។ ទឹកធ្លាក់ភ្នំខៀវ ស្ថិតនៅក្នុងប្រភេទ៖ ទឹកជ្រោះឬទឹកធ្លាក់ ។ រីឯចំណុចសំខាន់ៗ នៅទឹកធ្លាក់ភ្នំខៀវ មានដូចជា៖ លេងទឹកឬហែលទឹក, ទស្សនាទេសភាពព្រៃភ្នំ, រៀបចំអាហារដោយខ្លួនឯង និងចំណុចផ្សេងៗទៀត។ ទឹកធ្លាក់ភ្នំខៀវជារម្មណីយដ្ឋាន ដ៏ល្បីល្បាញមួយរបស់ខេត្តប៉ៃលិន។ ហើយរម្មណីយដ្ឋាននេះ ជារម្មណីយដ្ឋានបែបធម្មជាតិដែលមាន ព្រៃប្រឹក្សា, ភ្នំ, ខ្យល់អាកាសបរិសុទ្ធ, ដើមឈើខៀវស្រងាត់ និងជាពិសេសទឹកធ្លាក់ថ្លាគួរឲ្យគយគន់ចង់លេងកម្សាន្ត។