ដើមស្រល់រាប់ពាន់ដើមត្រូវបានដាំជាជួរអមសងខាងផ្លូវ នៅក្នុងចម្ការផ្លែឈើមួយកន្លែងនៅជិត ប្រាសាទបាណន់ ខេត្តបាត់ដំបង បង្កើតបានទិដ្ឋភាពដ៏ស្រស់ត្រកាលស្ទើរតែស្អាតជាងរូបគំនូរទៅទៀត ។ តាមទំព័រហ្វេសប៊ុកផេកបាត់ដំបងដីស្អិតបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល និងលាន់មាត់ថា «វ៉ោវពិតជាស្អាតមែន» មិនដឹងសោះថានៅបាត់ដំបងមានកន្លែងស្អាតយ៉ាងនេះ ។
បើតាមអ្នកបាត់ដំបងបានឱ្យដឹងថា ដើមស្រល់ដ៏ស្រស់ស្អាតដូចជាកំពូលប្រាសាទ គឺស្ថិតនៅក្នុងចម្ការតាង៉ែន មួយកន្លែងនៅឃុំចែងមានជ័យ ស្រុកបាណន់ ផ្លូវបំបែកទៅវត្តកំពង់គល់ ដោយជិះតាមផ្លូវបាណន់ទៅសសរទេ ក្រឡេកមកស្ដាំនឹងឃើញហើយ ។ នៅទីនោះមានតែអ្នកយាម និងអ្នកចាំចម្ការទេ ចំណែកឯម្ចាស់ចម្ការយូរៗទើបមកម្ដង បើប្រិយមិត្តចង់ថតរូបលេងគ្រាន់តែសុំគេចូលទៅគេមិនកំណាញ់ឡើយ ។ បើតាមអ្នកបាត់ដំបងប្រាប់បន្ថែមទៀតនោះ ដើមស្រល់ទាំងនោះគេដាំដើម្បីការពារខ្យល់នៅពេលតែង៉ែនចេញផ្លែ តែក៏បង្កើតបានជាទេសភាពដ៏ស្រស់ស្អាតបែបនេះទៅ ៕