ភ្នំពេញ៖ ក្នុងការប្រកួតជើងឯកបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍ អាយុក្រោម ២៣ឆ្នាំ AFF U23 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃបើកឆាក នាយប់ថ្ងៃទី១៤កុម្ភៈនេះ កម្ពុជាបានយកឈ្នះប្រ៊ុយណេ ៦-០។ ចំណែកមួយគូទៀត ដែលបានប្រកួតនៅម៉ោង ៤រសៀល រវាងទីម័រ និងហ្វីលីពីន បញ្ចប់ដោយលទ្ធផល ២-២។
៦គ្រាប់របស់កម្ពុជា៖ នៅតង់ទី១ កម្ពុជា នាំមុខ ៣គ្រាប់ គឺគ្រាប់ទី១ នៅនាទីទី១៨ កីឡាករ សៀង ចាន់ធា។ គ្រាប់ទី២ នៅនាទីទី២០ សូស៊ីដាន់។ គ្រាប់ទី៣ នាទីទី៣២ សាទី។ នៅតង់ទី២ ក្រោយភ្លៀង កម្ពុជា ថែម ៣គ្រាប់ទៀត រួមមាន៖ គ្រាប់ទី៤ នាទីទី៧២ តាំង ប៊ុនឆៃ គ្រាប់ទី៥ នាទីទី៨៦ ស រតនា និងគ្រាប់ទី៦ នាទីទី៨៩ ណារ៉ុង កក្កដា។
សូមបញ្ជាក់ថា ដោយសារកត្តាអាកាសធាតុ ដែលមានភ្លៀងធ្លាក់ខ្លាំង ការប្រកួតបាល់ទាត់រវាងកម្ពុជា និងព្រុយណេ ត្រូវពន្យារពេល ៣០នាទី លើកទី១។ ក្រោយរាំងភ្លៀង ការប្រកួត បានបន្តនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ព្រឹត្តិការណ៍បាល់ទាត់ AFF U23 Championship 2022 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ពីថ្ងៃទី ១៤-២៦ ខែកុម្ភៈ ដោយមាន ១៩ប្រកួត នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងនៅពហុកីឡដ្ឋាន Prince។
ការប្រកួតនេះ មាន ១០ប្រទេសចូលរួម ដោយសារតែឥណ្ឌូនេស៊ី នាប៉ុន្មានថ្ងៃមុននេះ បានសម្រេចដកខ្លួនចេញពីការប្រកួត ដោយសារតែមានកីឡាករច្រើននាក់ បានឆ្លងកូវីដ១៩។ ប្រទេសទាំង ១០នោះ ចែកជា ៣ពូល រួមមាន៖ ពូលA មានកម្ពុជា ទីម័រ ហ្វីលីពីន និងប្រ៊ុយណេ។ ពូលB មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ( ឥណ្ឌូនេស៊ី ដកខ្លួនចេញ)។ ពូលC មាន ថៃ វៀតណាម និងសិង្ហបុរី។
តាមកម្មវិធីប្រកួត កម្ពុជា នឹងជួបហ្វីលីពីន នៅថ្ងៃទី១៧កុម្ភៈ ម៉ោង ៧យប់ មុននឹងជួបទីម័រ នៅម៉ោង ៧យប់ ថ្ងៃទី២០កុម្ភៈ។
នៅពូល A ដែលប្រកួតលើកទី១ នៅថ្ងៃទី១៤កុម្ភៈ បើកឆាកនេះ កម្ពុជា ឈរនៅកំពូលតារាង មាន ៣ពិន្ទុ ទីម័រ លេខ២ មាន ១ពិន្ទុ ហ្វីលីពីន លេខ៣ មាន ១ពិន្ទុ និងប្រុយណេ នៅបាតតារាង ០ពិន្ទុ៕