ភ្នំពេញ ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា បានអញ្ជើញទស្សនាការប្រកួតកីឡាបាល់ទាត់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ដោយផ្ទាល់ រវាង កម្ពុជា ប៉ះពាល់ជាមួយ ប្រ៊ុយណេ កាលពីរាត្រីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។
តាមរយៈគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៥ កុម្ភៈនេះ ថា «ឯកអគ្គរាជទូត មិកាមិ បានទស្សនាផ្ទាល់ការប្រកួតលើកទី១ នៃក្រុមជម្រើសជាតិកម្ពុជាក្នុងការ ប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ យុវជនអាយុក្រោម ២៣ឆ្នាំ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ យើងពិតជាមាន ក្តីរំភើបចំពោះការប្រកួត របស់ក្រុមជម្រើសជាតិកម្ពុជា»។
ស្ថានទូតបន្ដថា បាល់ទាត់គឺជាវិស័យមួយ ដែលគួរឲ្យកត់សំគាល់បំផុត នៃការផ្លាស់ប្តូរប្រជាជនរវាង ជប៉ុន និងកម្ពុជា។ ជនជាតិជប៉ុនជាច្រើនរូបកំពុង ជួយគាំទ្រដល់ការអភិវឌ្ឍ កីឡាបាល់ទាត់នៅកម្ពុជា ដូចជា គ្រូបង្វឹកក្រុមកីឡាករជម្រើសជាតិ ប្រធានអាជ្ញាកណ្តាល និងនាយកប្រតិបត្តិ នៃស្ថាប័នថ្មីមួយសម្រាប់ការ លើកកម្ពស់លីគបាល់ទាត់អាជីព។
ស្ថានទូតបន្ថែមថា លើសពីនេះ កីឡាករបាល់ទាត់វ័យក្មេងរបស់ជប៉ុន ក៏លេងឲ្យក្លឹបបាល់ទាត់កម្ពុជា ផងដែរ ដូច្នេះ ជូនពរក្រុមកីឡាករជម្រើសជាតិកម្ពុជា ទទួលជោគជ័យក្នុងការប្រកួត នានានាពេលអនាគត។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ យុវជនអាយុក្រោម ២៣ឆ្នាំ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី១៤ កុម្ភៈ ក្រុមបាល់ទាត់ជម្រើសជាតិ យុវជនអាយុក្រោម ២៣ឆ្នាំ របស់កម្ពុជា បានយកឈ្នះគូប្រជែង ប្រ៊ុយណេ ដល់ទៅ ៦ទល់នឹង០ ៕