(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រកាសពីបញ្ចេញថវិកា១០០លានដុល្លារ ទៅឲ្យធនាគាររដ្ឋចំនួន២ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងវិស័យសហគ្រាស ធុនតូច និងមធ្យម។
ថវិកា១០០លានដុល្លារនេះ ត្រូវផ្តល់ជូនដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចំនួន៥០លានដុល្លារ សម្រាប់ផ្តល់កម្ចីដល់វិស័យកសិកម្ម និងធនាគារសហគ្រាសធុនតូច និងធម្យ (SME Bank) សម្រាប់ផ្តល់កម្ចីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាមួយនឹងអត្រាការប្រាក់ទាប។
តាមរយៈកម្មវិធីហិរញ្ញប្បទានពិសេសនេះ សហគ្រាសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានលទ្ធភាពពង្រឹងអាជីវកម្ម និងធ្វើឲ្យប្រសើរឡើង នូវខ្សែច្រវាក់ផលិតកម្ម ក្នុងគោលដៅពង្រឹងភាពប្រកួតប្រជែង, រក្សាសន្តិសុខស្បៀងអាហារ និង ជំរុញការនាំចេញនៅក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩។
ថ្លែងក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកញ្ចប់ថវិកាចំនួន១០០លានដុល្លារអាមេរិក សម្រាប់គាំទ្រការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ នាព្រឹក១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់យ៉ាងដូច្នេះថា «ថវិកា១០០លានដុល្លារ នឹងត្រូវប្រើប្រាស់ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងវិស័យសហគ្រាស ធុនតូច និង មធ្យម ដែលជាវិស័យពីរដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ, ទាំងក្នុងការបង្កើតការងារ, កែលម្អជីវភាពរស់នៅរបស់ប្រជាជន និងកំណើនសេដ្ឋកិច្ចជាតិ»។
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ពិសេសសហគ្រាស ដែលស្ថិតក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា កសិកម្ម, កសិ-ឧស្សាហកម្ម, ការកែច្នៃម្ហូបអាហារ, កម្មន្តសាល, គ្រឿងបង្គុំ និងទេសចរណ៍ជាដើម ជាអាទិភាពគោលនយោបាយមួយដ៏សំខាន់។
ឧបនាយករដ្ឋមន្រ្តីបានបន្ថែមថា សហគ្រាសធុនតូច និងមធ្យម មិនត្រឹមតែចូលរួម ដល់ការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា និង ការបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនភាពធន់របស់សេដ្ឋកិច្ចជាតិទៅនឹងវិបត្តិផងដែរ។ ជាក់ស្តែង, សហគ្រាសធុនតូច និង មធ្យមមានប្រមាណ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា និងបានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៥៨% ព្រមទាំងផ្តល់ការងារប្រមាណ ៧៣% នៃចំនួនកម្លាំងពលកម្មសរុបនៅកម្ពុជា។
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យមជាពិសេស សហគ្រាសក្នុងវិស័យអាទិភាព រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាច្រើនដូចជា៖
១៖ ការដាក់ជាបន្ទុករបស់រដ្ឋនូវពន្ធនាំចូលឧបករណ៍, គ្រឿងម៉ាស៊ីន និង គ្រឿងចក្រ ជាដើម
២៖ ការបង្កើតឲ្យមានមូលនិធិអភិវឌ្ឍន៍ជំនាញ, មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និង សហគ្រិនខ្មែរ
៣៖ ការបង្កើតធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា (SME Bank)
៤៖ ការអនុវត្តកម្មវិធីសហហិរញ្ញប្បទាន តាមរយៈធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា (SME Bank) និងកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ឥណទានក្នុងអត្រាការប្រាក់សម្បទាន សម្រាប់ វិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB)
៥៖ ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្នុងការផ្តល់ការធានាឥណទាន ទៅសហគ្រាសដែលជួបនូវកង្វះខាតទ្រព្យបញ្ចាំ។
លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ARDB បានឲ្យដឹងថា គោលដៅនៃការប្រើប្រាស់មូលនិធិ៥០លានដុល្លារបន្ថែមនេះ ដើម្បីបន្ដគាំទ្រដល់តួនាទីជាធនាគារគោលនយោបាយនាំមុខជំរុញដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម និងកសិកម្មឧស្សាហកម្ម។
លោកបណ្ឌិត កៅ ថាច បានបន្ថែមទៀតថា ក្នុងឆ្នាំ២០២២ មូលនិធិនេះនឹងត្រូវបានប្រើប្រាស់លើមុខសញ្ញា៖ ការផ្ដល់ហិរញ្ញប្បទាន ដល់វិស័យស្រូវអង្ករ ថវិកាចំនួន១០លានដុល្លារ, ការផ្ដល់ហិរញ្ញប្បទានផ្ទាល់ចំនួន២០លានដុល្លារ និងសហហិរញ្ញប្បទានចែករំលែកហានិភ័យចំនួន២០លានដុល្លារ។
សម្រាប់ធនាគារ SME Bank វិញ ថវិកាចំនួន៥០លានដុល្លារអាមេរិកបន្ថែមនេះ សម្រាប់បន្តគម្រោង សហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និង មធ្យម ដំណាក់កាលទី២ ដែលធ្វើឲ្យបដិភាគរបស់រាជរដ្ឋាភិបាល មានចំនួនដល់១២០លានដុល្លារអាមេរិក៕