ក្រសួងបរិស្ថាន គ្រោងបង្កើតតំបន់ឡាំមេះ ដែលជាតំបន់ជនជាតិដើមភាគតិចរស់នៅ ធ្វើជាតំបន់អភិរក្សបេតិកភណ្ឌ នៅភ្នំណាមលៀរ ខេត្តមណ្ឌលគិរី ។ កន្លងមក ក្រសួងបរិស្ថាន បានសិក្សាស្រាវជ្រាវ និងកំណត់ថា តំបន់នោះ ជាតំបន់ដែលមានអាយុកាលដ៏យូរលង់មកហើយ និង ជាតំបន់ដែលអាចទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី ។
លោក លឿង កេសរោ ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌនៃក្រសួងបរិស្ថាន បានអះអាងថា គោលបំណងនៃការបង្កើតតំបន់ឡាំមេះនេះ គឺដើម្បីថែរក្សាសម្បតិ្តធម្មជាតិ ដោយអនុម័តចុះបញ្ចីតំបន់នោះ ជាដីសាធារណៈរបស់រដ្ឋ និងបោះបង្គាលកំណត់ព្រំដែនឲ្យបានច្បាស់លាស់ ។ លោក វុធ សារុំ នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានបញ្ជាក់ថា តំបន់អភិរក្ស បេតិក ភណ្ឌនេះជាកន្លែងដែលជនជាតិដើមភាគតិចព្នងជាច្រើនជំនាន់ ចាត់ទុកជាកន្លែងសក្ការបូជាដ៏ស័ក្ដិសិទ្ធ ។
នៅក្នុងតំបន់នោះ សម្បូរទៅដោយផ្ទាំងថ្មធំៗជាច្រើនដុះបន្តុបគ្នា មើលទៅមានរាងដូចជាប្រាសាទ បុរាណ ដែលផ្ទាំងថ្មនីមួយៗ មានប្រវែង ២ ម៉ែត្រ ។ លោក បន្តថា នៅចន្លោះផ្ទាំងថ្មខ្លះមានដើមឈើដុះព័ទ្ធជុំវិញ និងមានប្រភេទដើមឈើមួយចំនួនទៀត ដូចជា ដើមរកា ដើមជ្រៃលាភ នាងនួន ធ្នង ស្រឡៅ ឈើទាល និងឫស្សី … ជាដើម ។
ក្រុមការងារផ្នែកបរិស្ថាន មន្ត្រីឧទ្យានុរក្ស និង អាជ្ញាធរមូលដ្ឋាន បានសិក្សាស្រាវជ្រាវ និងត្រួតពិនិត្យតំបន់នេះរូចមក បានសង្កេតឃើញថា តំបន់នោះ មានសត្វព្រៃជាច្រើនប្រភេទដែលរស់នៅប្រមូលផ្តុំគ្នា ដូចជា ក្តាន់ញ៉ែង ឈ្លូស ជ្រូកព្រៃ សំពោច ឆ្មាបា និង សត្វកេងកង ជាដើម ព្រមទាំងមាន ទឹកជ្រោះធ្លាក់ដែលអាចឱ្យភ្ញៀវទេសចរមកលេងកម្សាន្តបានផងដែរ ៕