រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការបង្ហាញជាផ្លូវការហើយនូវបញ្ជីឈ្មោះកីឡាករ២៨នាក់ចុងក្រោយនៃក្រុមជម្រើសជាតិកម្ពុជាបន្ទាប់ពីបានធ្វើតេស្តចម្រាញ់អស់រយៈពេលជិត១០ថ្ងៃនៅលើទីលានជាក់ស្ដែងរួចមក ។ ហើយពួកគេនឹងត្រូវត្រៀមប្រកួតជម្រុះពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ AFF U23 Championship 2022ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ កុម្ភៈខាងមុខនេះ នៅទីលានពហុកីឡដ្ឋានជាតិមរតកតេជោ។
យោងតាមផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលបានបង្ហាញឱ្យដឹងកាលពីរសៀលថ្ងៃទី១២ កុម្ភៈសម្រាប់បញ្ជីឈ្មោះកីឡាករទាំង២៨នាក់ ក្នុងនោះមានមកពីក្លិបបឹងកេតអង្គរចំនួន៧នាក់រួមមាន ៖ កីឡាករហ៊ុល គឹមហុយ, កយ សាលឹម, សៀង ចន្ធា, សឿត ណាវ៉ា, តាំង ប៊ុនឆៃ, លឹម អារុណរ៉េយ មិននិងកីឡាករសាន គឹមហេង។
មកពីក្លិបវិសាខាចំនួន៦នាក់រួមមាន វិរៈ ដារ៉ា, ទេស សម្បត្តិ, ឡេង ណូរ៉ា, សារ ទី,រដ្ឋ វិៈ និងគីរីណា ។ មកពីខេត្តព្រៃវែង៤នាក់រួមមាន ចាន់ សារ៉ាពេជ្រ, ស រតនា, ស៊ីន សុវណ្ណមករា និងអាត អូនតូច ។ ភ្នំពេញក្រោន៣នាក់យ៉ើ សាហ្វី, សឿត បារាំង និងជួន ចាន់ចាវ ។
ព្រះខ័នរាជស្វាយរៀង៣នាក់រួមមាន មិន រតនៈ, នី សុខវី និងអាន ពិសី ។ កងយោធពលខេមរភូមិន្ទចំនួន២នាក់ ណារ៉ុង កក្កដា និងញាណ សុស៊ីដាន ។ អគ្គីសនីកម្ពុជា២នាក់ណុប ដេវីត និង ឈឿន វីស៊ីនុ ។ អង្គរថាយហ្គឺម្នាក់ម៉ៅ ពិសិដ្ឋ ។ ប៉ុន្តែគួឱ្យមានការសោកស្ដាយបំផុត គឺការអវត្តមានកីឡាករដ៏សំខាន់មួយរូបដែលគេតែងតែជាប់នៅក្នុងក្រុមជម្រើសជាតិកន្លងមកនោះគឺកីឡាករ លឹម ពិសុទ្ឋ ប៉ុន្តែសហព័ន្ធបានធ្វើការជូនដំណឹងមុនប្រកាសបេក្ខភាព២៨នាក់ចុងក្រោយថា មកពីកីឡាករខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរូបនេះ មានរបួសអំឡុងពេលហ្វឹកហាត់ ដូច្នេះរូបគេមិនអាចជួយដល់ក្រុមគោព្រៃជំទង់កម្ពុជាក្នុងបេសកកម្មប្រកួតAFF U23 Championship 2022ដែលនឹងប្រព្រឹត្តនៅថ្ងៃច័ន្ទដើមសប្ដាហ៍នេះបានឡើយ។
ហេតុដូច្នេះហើយ ទើបលោកKeisuke Hondaអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាសម្រេចឱ្យលឹម ពិសុទ្ធ សម្រាកព្យាបាល ចៀសវាងនាំឱ្យមានរបួសធ្ងន់ធ្ងរ បណ្ដាលឱ្យប៉ះពាល់ដល់អាជិពបាល់ទាត់របស់គេទៅថ្ងៃអនាគត ៕