ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាស ដើម្បីប្រតិកម្មនឹងសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយថា«ឯកឧត្តម អួន ព័ន្ធមុនីរ័ត្ន ប្រាប់រដ្ឋមន្ត្រីកសិកម្មថា ការឡើងថ្លៃជ្រូករស់ដោយសារកង្វះយន្តការប្រកួតប្រជែង »។ ក្រសួងកសិកម្មឆ្លើយតបថា ការចុះផ្សាយនេះ គឺខុសពីការពិត ហើយមិនមានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យសាធារណជនយល់ច្រឡំមកលើក្រសួងកសិកម្ម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម នៅល្ងាច ថ្ងៃទី១០កុម្ភៈនេះបានលើកឡើងថា កាលពីឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំឱ្យពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូល និងបង្កើនការដាំដុះបន្លែ ត្រី និងចិញ្ចឹមសត្វ ហើយដើម្បីឆ្លើយតបនឹងការណែនាំនេះ ក្រសួងកសិកម្មបានដាក់ចេញគោលការណ៍គ្រប់គ្រងការនាំចូលជ្រូករស់ពីបរទេសមកផ្គត់ផ្គង់ទីផ្សារកម្ពុជា ចាប់តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ក្នុងគោលបំណងទប់ស្កាត់ជំងឺឆ្លងដែនសត្វ ពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក។
សេចក្តីប្រកាសបន្តថា អគ្គនាយកដ្ឋានកសិកម្ម បានលើកទឹកចិត្តអ្នកចិញ្ចឹមសត្វ ហើយធ្វើឱ្យមានការកើនឡើងគួរឱ្យគត់សម្គាល់ ប៉ុន្តែការផ្គត់ផ្គង់ជ្រូករស់នៅលើទីផ្សារនៅមានការខ្វះខាត ដែលតម្រូវឱ្យមានការនាំចូលបន្ថែមប្រមាណ២៥០០ក្បាល ក្នុង១ថ្ងៃ រហូតដល់ខែកញ្ញា ឆ្នាំ២០២១ ហើយចាប់តាំងពីខែតុលា ឆ្នាំ២០២១មក មិនមានការនាំចូលជ្រូករបស់មកបំពេញបន្ថែមនោះទេ រហូតមកដល់បច្ចុប្បន្ន។
សេចក្តីប្រកាសដដែលបន្ថែមថា ទោះបីជាកម្ពុជាកំពុងស្ថិតនៅក្នុងវិបត្តិជំងឺកូវីដ១៩ តម្លៃជ្រូករស់ក្នុងស្រុក មិនមានការប្រែប្រួលខ្លាំងនោះទេ ជាក់ស្តែងនៅក្នុងសប្តាហ៍នេះ គឺមានតម្លៃចន្លោះពី១១៥០០ ទៅ១៣០០០រៀលក្នុង១គីឡូក្រាម អាស្រ័យតាមតំបន់នីមួយៗ។ ចំពោះតម្លៃសាច់ជ្រូកនៅលើទីផ្សារបានប្រែប្រួលចន្លោះពី២០០០០ ទៅ២៥០០០រៀលក្នុង១គីឡូក្រាម។
ក្រសួងបានបញ្ជាក់ថា ដោយសារស្ថិរភាពថ្លៃជ្រូកសាច់រស់ក្នុងរយៈពេលជិត២ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យផលិតកម្មជ្រូកមានការកើនឡើង ហើយសមាគមចិញ្ចឹមសត្វកម្ពុជា បានធ្វើការបោះទុនវិនិយោគបន្ថែមលើការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ពាណិជ្ជកម្មកាន់តែធំ និងទំនើប។
ការចេញសេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបានស្នើឱ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ចូលកម្ពុជាឱ្យមានតម្លាភាព ព្រោះកន្លងមកក្រសួងសេដ្ឋកិច្ចសង្កេតឃើញថា តម្លៃសាច់ជ្រូកនៅលើទីផ្សារកម្ពុជា មានការកើនឡើងគួរឱ្យគត់សម្គាល់ ដោយសារកង្វះយន្តការប្រកួតប្រជែងប្រកបដោយតម្លាភាព រវាងក្រុមហ៊ុននាំចូលជ្រូករស់សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារកម្ពុជា។
តម្លៃសាច់ជ្រូកនៅលើទីផ្សារកម្ពុជាមានការកើនឡើងគួរឱ្យគត់សម្គាល់ គឺនៅក្នុងឆ្នាំ២០១៩ និង២០២០ មានតម្លៃពី១៦៥០០ទៅ១៧០០០រៀលក្នុង១គីឡូក្រាម ហើយនៅឆ្នាំ២០២១ តម្លៃសាច់ជ្រូកបានឡើងរហូតដល់២៥០០០ ទៅ ២៦០០០ រៀលក្នុង១គីឡូក្រាម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរលើជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសក្នុងបរិបទនៃប្រក្រតីភាពថ្មី ក្នុងការរស់នៅជាមួយនឹងជំងឺកូវីដ១៩៕