ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងសិក្សាពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ទីផ្សារចិនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជំរុញឱ្យផ្លែទុរេនរបស់កម្ពុជាអាចទៅកាន់ទីផ្សារប្រទេសចិនបាននាពេលឆាប់ៗខាងមុខនេះ។
ក្នុងពេលចុះទៅពិនិត្យដំណាំទុរេននៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំកាលពីថ្ងៃទី ២៩ ខែមករា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្មសិក្សាពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ទីផ្សារចិន ដោយត្រូវធ្វើទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយចិនក្នុងការសិក្សាពីបែបបទ ឯកសារតម្រូវទាំងបច្ចេកទេស និងច្បាប់។
លោករដ្ឋមន្ត្រីលើកឡើងថា៖ «យើងគួរសហការជាមួយក្រុមហ៊ុននាំចេញស្វាយ ឬចេកអំបូងលឿង ដើម្បីស្វែងយល់បន្ថែមអំពីលទ្ធភាពនាំចេញផ្លែទុរេនកម្ពុជាទៅទីផ្សារប្រទេសចិននាពេលអនាគតដ៏ខ្លី។ មួយវិញទៀត អគ្គនាយកដ្ឋានកសិកម្មត្រូវធ្វើបច្ចុប្បន្នភាពផ្ទៃដីដាំដុះទុរេន និងទិន្នផលនៅទូទាំងប្រទេស ព្រមជាមួយគ្នានេះក៏ត្រូវយកចិត្តទុកដាក់សិក្សាស្រាវជ្រាវអំពីបច្ចេកទេសដាំដុះ ជំងឺ សត្វល្អិត និងបច្ចេកទេសកែច្នៃ ទុកដាក់សមស្របតាមស្តង់ដា CamGAP ជាពិសេសស្តង់ដាទីផ្សារនាំចេញ»។
លោកបន្ថែមថា ទុរេនជាដំណាំមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ដែលទាមទារបច្ចេកទេសដាំ តាក់តែងមែក ការកំណត់ចំនួនផ្លែក្នុងដើមនីមួយៗតាមអាយុកាល ការផ្តល់ជី ទឹក និងការមើលថែរក្សា ការពារជំងឺ និងសត្វល្អិតចង្រៃ ដោយត្រូវយកចិត្តទុកដាក់ប្រាកដប្រជាទើបទទួលបានទិន្នផលខ្ពស់។
លោក សុខ ឡេង ម្ចាស់ចម្ការទុរេន សុខ ឡេងផាន់នី នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ១ ខែកុម្ភៈថា បច្ចុប្បន្នផ្ទៃដីប្រមូលផលនៅចម្ការរបស់លោកមានចំនួន ១៣ ហិកតា ដោយកាលពីឆ្នាំ ២០២១ ទទួលបានទិន្នផល ១០០ តោននឹងរំពឹងកើនឡើងថែមទៀតក្នុងឆ្នាំ ២០២២ នេះ។
លោកបន្តថា ដំណាំទុរេនមានទីផ្សារល្អដោយអាចលក់បានក្នុងតម្លៃ ២០ ០០០ រៀលក្នុង ១ គីឡូក្រាម។ លោកបន្ថែមថា ជារឿងដ៏ប្រសើរបំផុតបើសិនទុរេនកម្ពុជា អាចមានវត្តមាននៅលើឆាកអន្តរជាតិ ពិសេសទីផ្សារចិន។
លោកប្រាប់ថា៖ «ក្រោយពីរដ្ឋមន្ត្រីក្រសួងកសិកម្មចុះមកពិនិត្យនៅចម្ការទុរេនរបស់ខ្ញុំរួចហើយ ខាងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានមកពិភាក្សាពីការរៀបចំបង្កើតចងក្រងបណ្តុំផលិត ឬសហគមន៍ទុរេនប្រចាំនៅខេត្តត្បូងឃ្មុំ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ពីផ្ទៃដីដាំដុះ ផ្ទៃដីប្រមូលផល និងបរិមាណផលដែលមានលទ្ធភាពផ្គត់ផ្គង់ឱ្យទីផ្សារក្នុង និងក្រៅប្រទេស»។
ទោះបីយ៉ាងណា លោកអះអាងថា របរដាំដុះទុរេន គឺត្រូវការដើមទុនច្រើន និងពិបាកថែទាំ ដែលទាមទារឱ្យកសិករមានចិត្តអំណត់ និងបច្ចេកទេសច្បាស់លាស់ទើបបានផល។
ម្ចាស់ចម្ការទុរេន ១ កន្លែងនៅខេត្តកំពតលោក ចាន់ ស៊ីថា បាននិយាយថា លោក និងកសិករដទៃទៀតក្នុងខេត្តកំពតរីករាយនឹងសហការជាមួយក្រសួងពាក់ព័ន្ធក្នុងការសិក្សាពីលទ្ធភាព ក៏ដូចជាបច្ចេកទេសនៃការដាំដុះទុរេនឱ្យត្រឹមត្រូវតាមស្តង់ដាសម្រាប់នាំចេញទៅទីផ្សារប្រទេសចិន។
លោក ស៊ីថា បញ្ជាក់ថា៖ «កន្លងទៅ ការដាំទុរេនតែងធ្វើឡើងតាមបច្ចេកទេសរបស់កសិកររៀងៗខ្លួន ដូចនេះបើមានអ្នកជំនាញពីក្រសួងពាក់ព័ន្ធចុះមកបណ្តុះបណ្តាលឱ្យមានការដាំដុះតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យនោះ ជាការល្អ ដើម្បីជំរុញឱ្យទុរេនកម្ពុជាអាចនាំចេញបាន»។
តាមរបាយការណ៍ពីមន្ទីរកសិកម្មខេត្តត្បូងឃ្មុំនៅទូទាំងខេត្តនេះ មានផ្ទៃដីដាំដុះទុរេនសរុប ៦១០ ហិកតា (ស្រុកមេមត់ ពញាក្រែក តំបែរ និងស្រុកអូររាំងឪ) ដោយក្នុងនោះផ្ទៃដីប្រមូលផលមាន ៣០០ ហិកតាទទួលបានទិន្នផល ៤ ៥៤៨ តោន៕