រាជធានីភ្នំពេញ ៖ គង់ ហូវ មកពីក្លិបគោព្រៃគុនខ្មែរ និងពុទ្ធ ម៉ាណូយ មកពីក្លិបពុទ្ធសេរីវង្សខណ្ឌពោធិសែនជ័យ បានសម្រេចគោលដៅក្នុងការដណ្ដើមយកប្រាក់លានខារ៉ាបាវដូចគ្នា បន្ទាប់ពីពួកគេទាំងពីរយកឈ្នះគូប្រកួតដោយពិន្ទុរៀងៗខ្លួន នៅលើសង្វៀនស៊ីអិនស៊ី កាលពីថ្ងៃសៅរ៍ ទី៥ កុម្ភៈ ឆ្នាំ២០២២។
ការមកប៉ះជាមួយកីឡាករពុទ្ធ សំបូរ មកពីក្លិបពុទ្ធសេរីវង្សខណ្ឌពោធិសែនជ័យលើកនេះ គង់ ហូវ ពិតជាធ្វើបានល្អមែនទែន ។ ជាក់ស្ដែងនៅក្នុងទឹកទី៣ គេបានទាត់ត្រូវកញ្ចឹងកគូប្រកួតមួយជើងយ៉ាងពេញទំហឹង បណ្ដាលឱ្យពុទ្ធ សំបូរ វង្វេងវង្វាន់ត្រូវលោកអាជ្ញាកណ្ដាលរាប់៨ទើបអាចតាំងស្មារតីបានវិញ ។
តាមពិតទៅ កីឡាករពុទ្ធ សំបូរក៏ល្អណាស់ដែរ ដោយអាងមានប្រៀបខាងកម្ពស់ស្រាប់នោះ គេបានសម្រុកដើរចូលវាយទាំងកម្រោលទៅលើគង់ ហូវ ប៉ុន្តែត្រូវគង់ ហូវ វាយបកសងវិញភ្លាមៗតាំងតែពីទឹកទី១ រហូតដល់ទឹកទី៣ ។ ចូលដល់ទឹកទី៤និងទី៥ ពុទ្ធ សំបូរ កាន់តែសម្រុកកាន់តែធ្វើឱ្យគង់ ហូវ វាយត្រូវកាន់តែខ្លាំង ។ ចប់ការប្រកួតទឹកទី៥ គង់ ហូវ ត្រូវបានគណៈកម្មការប្រកួតប្រកាសឱ្យឈ្នះពិន្ទុដាច់ទាំង៥ទឹកតែម្ដង។
មួយគូទៀតដែលជាការប៉ះគ្នារវាងកីឡាករពុទ្ធ ម៉ាណូយ និងកីឡាករធន់ អៀនឡេង មកពីសមាគមកីឡាប្រដាល់កងយោធពលខេមរៈភូមិន្ទក៏កក្រើកណាស់ដែរ ។ គូនេះពន្លះគ្នាយ៉ាងសាហាវចាប់តាំងពីបើកឆាកប្រកួតទឹកទី១មកម្លេះ ជាពិសេសធន់ អៀងឡេង បានព្យាយាមសម្រុកចូលទាត់ទៅលើគូប្រកួតដូចព្យុះ ធ្វើឱ្យពុទ្ធ ម៉ាណូយ ដួលទៅលើក្តារតាពីថែមទៀត ។ ធន់ អៀនឡេងមិនសូវជាសម្រុកពេកនោះទេ គេគ្រាន់តែដកថយនិងបានវាយបកសងវិញមួយៗ ប៉ុន្តែចំគោលដៅបានល្អច្រើន ។ ចូលដល់ទឹកទី៤និងទី៥ ធន់ អៀនឡេង នៅតែបន្តវាយសម្រុកមិនដកថយឡើយ ដោយសង្ឃឹមថា នឹងឈ្នះក្លាយជាម្ចាស់ប្រាក់លានលើកនេះ ។ ប៉ុន្តែក្រោយពីបញ្ចប់ការប្រកួតទឹកទី៥ ធន់ អៀនឡេងត្រូវបានគណៈកម្មការប្រកួតប្រកាសឱ្យចាញ់ទាំងប្រផិតប្រផើយ២ទល់៣ ធ្វើឱ្យធន់ អៀនឡេង បានត្រឹមតែខកចិត្តដើរចុះពីលើសង្វៀនទាំងមិនអស់ចិត្តប៉ុណ្ណោះ៕