ខេត្តប៉ៃលិន៖ នាឱកាសបុណ្យចូលឆ្នាំ ប្រពៃណីចិន និងវៀតណាម ក្នុងឆ្នាំ២០២២នេះ គេសង្កេតឃើញភ្ញៀវទេសចរជាតិ បាននាំគ្នាដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តប៉ៃលិន ដូចជា នៅតាមរមណីយដ្ឋានម្លប់សាវម៉ាវ រមណីយដ្ឋានចំការខ្នុរ ជាពិសេសរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ហៅ ទឹកធ្លាក់ភ្នំខៀវ ជាដើម គឺមានភ្ញៀវទេសចរ ដើរលេងកម្សាន្តជាលក្ខណ:គ្រួសារយ៉ាងច្រើនកុះករ។
ចំណែកការលក់ដូររបស់អាជីវករ មានការមមាញឹក គួរឱ្យកត់សម្គាល់ ស្ទើរតែធ្វើម្ហូបអាហារ មិនទាន់នោះឡើយ។
ភ្ញៀវទេសចរម្នាក់ រស់នៅក្នុងខេត្តប៉ៃលិន ឈ្មោះ ពៅ ភេទប្រុស បានរៀបរាប់ថា នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម ក្រោយពីធ្វើការសែនព្រេនឧទ្ទិសដល់កុងម៉ា ជីដូនជីតារួចរាល់ គាត់បាននាំគ្នាទៅដើរលេងកម្សាន្ត នៅក្នុងរមណីយដ្ឋានចំការខ្នុរ និងរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ខណ:ផ្លូវឡើងទៅលេងរមណីយដ្ឋានមួយនេះ ត្រូវបានអាជ្ញាធរខេត្តរៀបចំ ចាក់បេតុងតាំងពីដើមផ្លូវ រហូតដល់កន្លែងលេងទឹកជ្រោះតែម្តង។
លោកបន្តទៀតថា ចំណែកសេវាកម្មថ្លៃចូលលេងកម្សាន្ត នៅរមណីយដ្ឋានទឹកអូរតាវ៉ៅហៅ (ធ្លាក់ភ្នំខៀវ) គឺម៉ូតូ ១គ្រឿង តម្លៃ ៤០០០រៀល រថយន្តធុនតូច ១គ្រឿង តម្លៃ ១៣០០០រៀល រថយន្តសាំងយ៉ុង ឬ១៣កៅអី ១គ្រឿង តម្លៃ ១៨០០០រៀល តម្លៃទាំងនេះ គិតរួមទាំងថ្លៃផ្ញើផងដែរ។ រីឯនៅរមណីយដ្ឋានចម្ការខ្នុរវិញ គេយកតម្លៃសំបុត្រចូលកម្សាន្ត រថយន្ត ១គ្រឿង ១០០០០រៀល ហើយសំបូរភ្ញៀវទេសចរ ចូលទៅលេងកម្សាន្តផងដែរ។
លោក លឹម វាសនា ប្រធានមន្ទីរទេសចរខេត្តប៉ៃលិន បានឱ្យដឹងថា ភ្ញៀវទេសចរ ដែលចូលមកទស្សនាកម្សាន្ត ក្នុងខេត្តប៉ៃលិន នាឱកាសថ្ងៃចូលឆ្នាំចិន ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ គឺចំនួនភ្ញៀវទេសចរជាតិ សរុបមានចំនួន ៦,៨៩៣នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ដែលមានចំនួនភ្ញៀវសរុបចំនួន ៣,៩៧២នាក់ ឃើញថា នៅឆ្នាំនេះ កើនឡើង ចំនួន ៧៣,៥៣%។ ចំណែកភ្ញៀវអន្តរជាតិគឺគ្មានទេ៕