ប៉ៃលិន៖ រសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅបរិវេណសាលាខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ លើកទឹកចិត្តដល់សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុយិភូមិនិទ្ទេស A,B,C,D,E នាសម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សា ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្ស ប្រមាណជាង ៤០០នាក់។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានធ្វើរបាយការថា៖ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ២០២១នេះ គឺមានបេក្ខជនប្រឡងទូទាំងខេត្តប៉ៃលិន សរុបចំនួន៤៩៥នាក់ស្រី ២៧០នាក់ មណ្ឌលប្រឡងមានចំនួន០២មណ្ឌល និងមាន២១បន្ទប់ ហើយជាលទ្ធផលបេក្ខជនប្រឡងជាប់មានចំនួន ៣២៥នាក់ ស្មើនឹង ៦៧,៧០% ក្នុងនោះមាននិទ្ទេស A ចំនួន ៦នាក់, និទ្ទេស B ៦នាក់, និទ្ទេស C ៣៥នាក់, និទ្ទេស D ១២០នាក់ និងនិទ្ទេស E ចំនួន ១០៥នាក់។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំធ្វើកំណែទម្រងវិស័យអប់រំនៅកម្ពុជាជាបន្តបន្ទាប់ និងបានរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា ប្រកបដោយសមត្ថភាពប្រកួតប្រជែងនៅក្នុងតំបន់ និងលើសកលលោក ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដើម្បីចូលរួមកសាងអភិវឌ្ឍប្រទេសជាតិយើង ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍កោតសសើរដល់គណៈគ្រប់គ្រង សាលា លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យទាំងពីរក្នុងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការផ្ទេរចំណេះដឹងដល់សិស្សានុសិស្សរបស់ខ្លួនប្រកបដោយគុណភាព ដោយបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ដល់ទៅចំនួន ៦នាក់ ដែលនេះ ជាប្រវត្តិសាស្ត្រ សម្រាប់ខេត្តប៉ៃលិនយើង ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្មួយៗជាសិស្សទាំងអស់ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិ នាសម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នេះ ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីអនាគតរបស់ខ្លួន និងប្រទេសជាតិ ហើយចំពោះក្មួយៗ ដែលគ្មានលទ្ធិភាពក្នុងការទៅបន្តការសិស្សានៅសកលវិទ្យាល័យនានា សូមទាក់ទងមកក្រុមការងាររបស់រដ្ឋបាលខេត្ត ដើម្បី ស្វែងរកអាហារូបករណ៍ផ្តល់ជូនសម្រាប់បន្តការសិក្សារៀនសូត្រ។
សូមបញ្ជាក់ថា៖ សិស្សជាប់និទ្ទេស A ក្នុងម្នាក់ៗទទួលបានម៉ូតូ Hondaម៉ាកនិក ១គ្រឿង, សិស្សជាប់និទ្ទេស B ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៤០ម៉ឺនរៀល, សិស្សជាប់និទ្ទេស C ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៣០ម៉ឺនរៀល, សិស្សជាប់និទ្ទេស D និង E ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល និងលោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០ម៉ឺនរៀលផងដែរ៕