ភ្នំពេញ)៖ ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយភាព ចាន់ វឌ្ឍនាកា នឹងធ្វើការវះកាត់របួសដាច់សរសៃជង្គង់ខាងស្ដាំ (ACL) នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ចុងសប្ដាហ៍នេះ នៅក្នុងមន្ទីរពេទ្យមួយក្នុងក្រុងភ្នំពេញ។ នេះបើតាមការបញ្ជាក់លើបណ្ដាញសង្គមផ្លូវការរបស់សាមីខ្លួន នារសៀលថ្ងៃពុធនេះ។
វឌ្ឍនាកា បានបញ្ជាក់ថា «ខ្ញុំនឹងធ្វើការវះកាត់របួសដាច់សរសៃជង្គង់ ACL ខាងស្ដាំនៅរសៀលថ្ងៃសៅរ៍ខាងមុខនេះ ដែលត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ (05.02.2022) ដោយក្រោយការបើកប្រជុំពីក្រុមគ្រូពេទ្យជំនាញកាលពីព្រឹកមិញ ដោយការវះកាត់នឹងធ្វើឡើងនៅមន្ទីរពេទ្យមួយក្នុងក្រុងភ្នំពេញ»។
បន្ថែមលើនេះកីឡាករដ៏សំខាន់នៃក្រុមជម្រើសជាតិកម្ពុជា និងក្រុមបឹងកេតរូបនេះ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែលបានស្វះស្វែងយ៉ាងយកចិត្តទុកដាក់ និងអរគុណអ្នកគាំទ្រ រួមទាំងប្រជាពលរដ្ឋទាំងអស់ដែលបានសម្ដែងនូវការបារម្ភ និងជូនពរខ្លួន បន្ទាប់ពីរងរបួស កាលពីថ្មីៗផងដែរ។
តាមការបញ្ជាក់របស់លោក ចាន់ ចេស្ដា ឪពុកបង្កើតកីឡាករ ចាន់ វឌ្ឍនាកា ថា កូនប្រុសរបស់ខ្លួននឹងធ្វើការវះកាត់ជាមួយក្រុមគ្រូពេទ្យថៃ។ លោកថា ដោយទទួលព័ត៌មានពីក្លិបបឹងកេត ដើម្បីកាត់បន្ថយភាពស្មុគស្មាញក្នុងការធ្វើដំណើរទាំងមុន និងក្រោយការវះកាត់នៅប្រទេសថៃ ទើបក្រុមគ្រូពេទ្យថៃ សម្រេចបញ្ជូនក្រុមជំនាញវះកាត់ មកធ្វើការវះកាត់ វឌ្ឍនាកា នៅក្រុងភ្នំពេញតែម្ដង។
សូមបញ្ជាក់ថា ចាន់ វឌ្ឍនាកា បានរងរបួសខាងលើកាលពីថ្ងៃទី២៦ ខែមករាកន្លងទៅ ក្នុងជំនួបពានរង្វាន់លក្ខណៈមិត្តភាពរវាងក្រុមបឹងកេត និងវិសាខា ដែលធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំង រហូតដល់ថ្នាក់ដឹកនាំផងដែរ ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្ដេចបានឧបត្ថម្ភថវិកាផ្ទាល់ចំនួន ៥ម៉ឺនដុល្លារ ដើម្បីជួយសម្រួលដល់ការព្យាបាលរបួសរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះទៀតផង៕