ដំណឹងវិនិយោគនេះ ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំរវាងលោករដ្ឋមន្រ្តី វេង សាខុននិងលោក Akira Taniguchi នាយកក្រុមហ៊ុន YEBISS HOLDINGS និងសហការីចូលជួប នៅថ្ងៃទី២៥ ខែមករានេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រុមហ៊ុនជប៉ុននេះ បានស្នើសុំអនុសាសន៍មួយចំនួនពីលោករដ្ឋមន្ត្រី វេង សាខុន ទាក់ទងការវិនិយោគដំណាំស្វាយចន្ទី និងបង្កើតរោងចក្រកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។
ក្រសួងកសិកម្ម ប្រកាសថា លោកនាយកក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាទទួលជួប និងពិភាក្សាអំពីកម្មវត្ថុវិនិយោគលើដំណាំស្វាយចន្ទី លើផ្ទៃដី ១០០០ហ.ត ក្នុងខេត្តព្រះវិហារ។ ការវិនិយោគនេះ មានគោលបំណងសំខាន់៣ គឺ ៖ ទី១- បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី សម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរ ជាតិផ្សេងទៀត ទី២- កែច្នៃសំបកគ្រាប់ស្វាយចន្ទីជាប្រេង ដើម្បីយកទៅកែច្នៃធ្វើជាសម្ភារប្រើប្រាស់ ដូចជា កំប៉ុង ថង់ កែវ ទុយូ ប្រអប់។ល។ ជំនួសឲ្យវត្ថុប្លាស្ទីក ដែលកំពុងបំផ្លាញបរិស្ថាន។ អ្វីដែលមានសារៈសំខាន់បំផុតនោះ គឺផលិតផលជាកំប៉ុង ដប ថង់ ។ល។ ដែលផលិតចេញជាប្រេងពីសំបកគ្រាប់ស្វាយចន្ទី នឹងអាចរលាយយ៉ាងងាយស្រួលបំផុតទៅក្នុងដី ក្រោយពេលបានប្រើប្រាស់រួច។
ក្រសួងកសិកម្ម បន្តថា ដោយយល់ច្បាស់ពីគោលបំណងរបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវមតិស្វាគមន៍ និងគាំទ្រ ចំពោះកម្មវត្ថុនៃការវិនិយោគរបស់ក្រុមហ៊ុនលើផលិតកម្មគ្រាប់ស្វាយចន្ទី កែច្នៃ និងនាំចេញ។
ភ្ជាប់ទៅនឹងកម្មវត្ថុនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនលោកនាយកក្រុមហ៊ុនដោយសង្ខេបអំពីសក្តានុពលនៃដំណាំស្វាយចន្ទី ទិន្នផលប្រមូលបាន និងបរិមាណនាំចេញ ជាពិសេសថ្មីៗនេះ មានក្រុមហ៊ុនក្នុងស្រុកមួយ សហការជាមួយក្រុមហ៊ុនជប៉ុន បាននាំចេញផលិតផលស្វាយចន្ទីកែច្នៃរួច ចេញទៅកាន់ទីផ្សារជប៉ុន ហើយផលិតផលនេះ ត្រូវបានដាក់តាំងបង្ហាញ និងមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនជប៉ុនទៀតផង។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គម្រោងវិនិយោគនេះ នឹងនាំមកនូវពហុប្រយោជន៍យ៉ាងច្រើនដល់កសិករ សហគមន៍ និងចម្ការស្វាយចន្ទី តាមរយ:ការផ្សព្វផ្សាយបច្ចេកទេស ពូជ ជី និងថ្នាំសម្លាប់សត្វល្អិតចង្រៃ និងជាពិសេសប្រើប្រាស់អស់លទ្ធភាពនូវវត្ថុធាតុដើមដ៏មានតម្លៃមួយនេះ បង្កើតការងារ និងបង្កើនប្រាក់ចំណូល ដែលនេះ ប្រាកដជានឹងចូលរួមបង្កើនសេដ្ឋកិច្ចគ្រួសារ ឆ្លើយតបតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ ២០៣០ និង២០៥០។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់យោបល់ឲ្យក្រុមហ៊ុន បង្កើតរោងចក្រជាជំហានដំបូង ជាការសាកល្បងប្រើប្រាស់វត្ថុធាតុដើម (សំបក) បន្ទាប់មកធ្វើកិច្ចសន្យាប្រមូលទិញពីប្រជាកសិករ សហគមន៍ និងក្រុមហ៊ុនក្នុងស្រុកមួយចំនួនទៀត។ សំខាន់ជាងនេះ គឺស្រូបយកពលកម្មក្នុងស្រុក បង្កើតការងារ និងបង្កើនប្រាក់ចំណូល។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនលោកនាយកថា ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការគ្រប់បែបយ៉ាង ធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគនេះ ទទួលបានជោគជ័យ។ ទីមួយគឺមានឈ្មោះល្បីលើឆាកអន្តរជាតិថា កម្ពុជាយកសំបកគ្រាប់ស្វាយចន្ទី ធ្វើជាប្រេង និងទីពីរកម្ពុជា យកសំបងគ្រាប់ស្វាយចន្ទី ជាប្រយោជន៍សម្រាប់វិស័យឧស្សាហកម្មប្លាស្ទីក កែច្នៃជាសម្ភារប្រើប្រាស់ជាពហុប្រយោជន៍ ដែលពីមុនវាមានតម្លៃស្នើសូន្យ។
លោកនាយកក្រុមហ៊ុន ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា លោកនឹងទទួលយកអនុសាសន៍នេះ ហើយចាប់ផ្តើមដំណើរការផែនការសកម្មភាពវិនិយោគ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលនឹងត្រូវអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីជាអធិបតីក្នុងពិធីនោះផងដែរ៕