គ្នាយើងជាច្រើនពិតជាចង់ដឹងហើយថា តើមនុស្សប្រភេទណាដែលងាយប្រឈមនឹងការឆ្លងវីរុសកូវីដ-១៩ ក៏ដូចជាមានរោគសញ្ញាខាងរាងកាយ សរសៃប្រសាទ ឬការយល់ដឹងដែលមិនងាយជាសះស្បើយមិនខាន។
យោងតាមលទ្ធផលនៃការស្រាវជ្រាវ និងការតាមដានលើអ្នកជំងឺកូវីដ-១៩ ជាង ២០០នាក់ សម្រាប់រយៈពេល ២ទៅ ៣ខែ បានរកឃើញថា មានកត្តាជីវសាស្ត្រចំនួន៤ ដែលធ្វើឲ្យយើងអាចប៉ាន់ស្មានបានថា តើអ្នកជំងឺត្រូវការពេលយូរក្នុងការព្យាបាលជំងឺកូវីដ-១៩ ដែរឬអត់ ហើយកត្តាទាំងនេះ ក៏អាចកំណត់បានពីរយៈពេលព្យាបាល តាំងពីនៅដំណាក់កាលដំបូងក្រោយឆ្លងមេរោគកូវីដ-១៩ មកម្ល៉េះ។
ទន្ទឹមនឹងនេះដែរ ក្រុមអ្នកស្រាវជ្រាវក៏បានឲ្យដឹងថា កត្តាទាំង ៤នេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងការឆ្លងកូវីដ រយៈពេលយូរ មិនថាការឆ្លងដំបូងមានសភាពធ្ងន់ធ្ងរ ឬស្រាលប៉ុនណាឡើយ។ មួយវិញទៀត អ្នកស្រាវជ្រាវក៏អាចយល់ដឹងពីវិធីសាស្ត្រការពារ ឬព្យាបាលករណីឆ្លងកូវីដ-១៩ រយៈពេលយូរ រួមទាំងការផ្ដល់ថ្នាំប្រឆាំងនឹងវីរុសភ្លាមៗ បន្ទាប់ពីរកឃើញថាវិជ្ជមានកូវីដ-១៩ ផងដែរ។
កត្តា ៤យ៉ាង នាំឲ្យការព្យាបាលកូវីដ-១៩ មានរយៈពេលយូរ
កត្តាមួយក្នុងចំណោមកត្តាទាំង ៤ ដែលក្រុមអ្នកស្រាវជ្រាវអាចកំណត់បាននោះគឺ ហ្សែន RNA នៅក្នុងឈាមបន្ទាប់ពីឆ្លងដំបូង ដែលចង្អុលបង្ហាញពីការផ្ទុកមេរោគ។ កត្តាមួយទៀត គឺវត្តមានរបស់អង់ទីគ័រកើតឡើងដោយខ្លួនឯង ដែលវាយលុកជាលិកាក្នុងរាងកាយដោយការភ័ន្តច្រឡំ។ ចំណែកឯកត្តាទី៣នោះ គឺកត្តាមេរោគពពួក Epstein-Barr virus មានសកម្មភាពឡើងវិញ ដែលច្រើនតែកើតលើអ្នកដែលមានវ័យក្មេង ដែលមិនចេញរោគសញ្ញា។
រីឯកត្តាចុងក្រោយ ដែលនាំឲ្យអ្នកខ្លះកើតកូវីដ-១៩ ហើយ មិនងាយជាសះស្បើយនោះ គឺអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២ ដែលអាចបង្កើនហានិភ័យនៃការឆ្លងកូវីដ-១៩ រយៈពេលយូរ និងមិនងាយជាសះស្បើយឡើយ៕