ប៉ៃលិន៖ ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ បានធ្វើពិធីបួងសួងសុំសេចក្តីសុខចម្រើន និងឡើងអាស្រមអ្នកតាភ្នំខៀវថ្មី ស្ថិតនៅមុខ ក្លោងទ្វារផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដែលស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោយពីស្ថាបនាផ្លូវបេតុងអាមេ ឡើងទៅកាន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ភ្នំខៀវ រួចរាល់ទាំងស្រុង គឺនឹងបើកដំណើរការឱ្យភ្ញៀវទេសចរណ៍ជាតិ+អន្តរជាតិ មកលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ឆាប់ៗខាងមុខនេះ ខណ:ក្រុមការងារក៏បានកំពុងរៀបចំតុបតែងដាំដើមផ្កាចម្រុះពណ៌នៅសងខាងផ្លូវ សួនរូបសត្វគ្រប់ប្រភេទដើម្បីកម្ពស់សោភ័ណ្ឌភាព ក្នុងការទាក់ទាក់ទាញភ្ញៀវទេសចរណ៍ មកលេងកម្សាន្តក្នុងខេត្តប៉ៃលិនឲ្យកាន់តែច្រើនកុះករ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ទន្ទឹមនឹងនោះ ដោយសង្កេតឃើញរូបសំណាក់អ្នកតាភ្នំខៀវស្នាក់នៅក្នុងកូនខ្ទមតូចចាស់ទ្រុឌទ្រោមរេចរិលផងនោះ ទើបខាងរដ្ឋបាលខេត្តក៏បានធ្វើការសាងសង់អាស្រមថ្មីចំនួន ៣ខ្នង ដោយមាន ខ្ទមតូចចំនួន ០២ និងខ្ទមធំចំនួន០១ ព្រមទាំងបានរៀបចំពិធីឡើងអាស្រមអ្នកតាភ្នំខៀវ ដើម្បីទុកសម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលមានជំនឿ ធ្វើការបួងសួងសុំសេចក្តីសុខចម្រើន។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ទៀតថា៖ ការធ្វើពិធីនេះឡើង គឺដើម្បីបួងសួងសុំសេចក្តីសុខចម្រើន ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកលេងកម្សាន្តរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ឱ្យទទួលបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅទាំងមក ហើយទទួលបាននូវភាពសប្បាយរីករាយ ជាមួយសម្រស់ដ៏ស្រស់ត្រកាលបែបធម្មជាតិ មានភ្នំ មានព្រៃ និងទឹកជ្រោះថ្លាឆ្វេង ជាច្រើនជាន់។
សូមបញ្ជាក់ថា៖ រម្មណីយដ្ឋាន ទឹកធ្លាក់អូរតាវ៉ៅ ជារម្មណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់ ៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្នអាជ្ញាធរខេត្ត បានធ្វើការស្ថាបនាផ្លូវបេតុងអាមេ ប្រវែងជាង ៣គីឡូម៉ែត្របន្ថែម ឡើងទៅកាន់រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ+អន្តរជាតិ។