ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តមតំណាងរាស្ត្រ ព្រមទាំងអភិបាលរងខេត្ត មន្ត្រីជំនាញរដ្ឋបាលសាលាខេត្ត បានអញ្ជើញចុះពិនិត្យមើលសួនផ្កា ក្នុងរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ដើម្បីបើកទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខនេះ បន្ទាប់ពីរមណីយដ្ឋាននេះ បានផ្អាកជាបណ្តោះអាសន្នក្នុងការស្ថាបនាផ្លូវឡើងទៅខាងលើ និងបានធ្វើកែលំអរបរិស្ថានមួយសងខាងផ្លូវ ដើម្បីជាសោភ័ណភាពបន្ថែម ក្នុងការទាក់ទាញភ្ញៀវទេសចរ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត ជាពិសេសអភិវឌ្ឍតំបន់រម្មណីយដ្ឋានទេសចរណ៍នានា ឱ្យកាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តក្នុងខេត្តប៉ៃលិន ឱ្យកាន់តែច្រើនឡើង ដែលជាកត្តាចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យប្រសើរឡើង។
លោកជំទាវ បានបញ្ជាក់ថា ដោយមើលឃើញពីសក្តានុពល នៃវិស័យទេសចរធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាព រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ លោកជំទាវ បានណែនាំអោយយុវជន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សហការជាមួយមន្ត្រីជំនាញ ធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងរុះរើខ្យូសដែលពុកផុយចេញ និងដាក់ជំនួសដោយខ្យូសថ្មី រៀបចំទីសក្ការៈគោរពបូជា សួនផ្កាចម្រុះពណ៌ ដែលមានរចនាបថបែបទាក់ទាញប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តនៅលើទឹកដីដ៏តូចច្រឡឹងនៃខេត្តត្បូងពេជ្រមួយនេក្នុងឱកាសនោះផងដែរ លោកជំទាវ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលមកកំសាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសំអាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ចៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈផងដែរ៕