រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការប្រកាសថា ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានសម្រេចបោះទុននាំចូលខ្សែប្រយុទ្ធស្លាប ម៉ៅ ពិសិដ្ឋ ក្នុងលក្ខខ័ណ្ឌខ្ចីជើង ចំនួន១ រដូវកាល ពីក្លិបបាល់ទាត់ភ្នំពេញក្រោន បានធ្វើអោយកីឡាកររូបនេះទទួលបានការចាប់អារម្មណ៍គួរសម ដោយសារតែលោកត្រូវគេមើលឃើញថា បើគ្មានសមត្ថភាព និង ភាពលេចធ្លោក្នុងក្រុម ក៏មិនត្រូវបានគេខ្ចីជើងចេញពីក្លិបចាស់ ដើម្បីទៅលេងអោយក្លិបល្បីមួយបែបនេះដែរ។ ជាមួយនឹងការចាប់អារម្មណ៍គេក៏ឃើញលោកប្រឹងប្រែងហ្វឹកហាត់នៅក្នុងក្លិបថ្មី ដោយលោកក៏បានសន្យាថា នឹងប្រើអោយសមត្ថភាពក្នុងមួយរដូវកាល នៅក្នុងក្លិបអង្គរថៃហ្គ័រ ដែលសម្រេចខ្ចីជើងនេះ។
កីឡាករ ម៉ៅ ពិសិដ្ឋ ក៏កំពុងជាប់ឈ្មោះជាកីឡាករមានទីផ្សារ ដែលអាចទាក់ចិត្តក្លិបអង្គរថៃហ្គ័រ អោយសម្រេចចិត្តខ្ចីជើង ដែលធ្វើអោយលោកបានហក់ពីក្លិបចាស់ នៅដើមឆ្នាំ២០២២នេះផងដែរ។ លោកថាសប្បាយចិត្ត ដែលត្រូវបានក្លិបអង្គរថៃហ្គ័រ សុំសិទ្ធិផ្ទេរជើង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នោះផងដែរ។ លោកថា នៅក្នងក្រុមណាក៏លោកនឹងប្រឹងនោះដែរ ប៉ុន្តែដើម្បីអោយសមនឹងការផ្ដល់តម្លៃរបស់ទីតាំងថ្មី គឺលោកនឹងប្រឹងអោយអស់ពីចិត្តពីថ្លើម ព្រោះលោកក៏ត្រូវការសាងកេរ្តិ៍ឈ្មោះ ក្នងឱកាសខ្ចីជើងនាពេលនេះផងដែរ។ មិនខុសពីការអះអាង គេឃើញកីឡាកររូបនេះបង្ហាញខ្លួនហ្វឹកហាត់ជាមួយសមាជិកថ្មី យ៉ាងសកម្ម ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មីខាងមុខ ជួយដល់ក្រុមអង្គរថៃហ្គ័រ។
យោងតាមភាពជាក់ស្ដែង កីឡាករវ័យ២១ឆ្នាំរូបនេះ មិនសូវមានឱកាសបង្ហាញខ្លួនលើទីលានឡើយ ក្រោមការដឹកនាំរបស់លោក Oleg Starynskyi ឡើយ កាលពីរដូវកាលមុន ហើយនេះជាមូលហេតុក្លិបអនុញ្ញាតឲ្យ អង្គរថាយហ្គឺរ ខ្ចីជើងចំនួន ១ រដូវកាល ដើម្បីលើកទឹកចិត្តលោកផង ដើម្បីកុំអោយកីឡាករជើងល្អម្នាក់ត្រូវបានផ្អឹបចោល ព្រោះតែក្លិបមានកីឡាករខ្លាំងៗច្រើននោះផង។ ក្លិបភ្នំពេញក្រោន បានអះអាងថា ខ្លួននឹងប្រកាសបន្តកិច្ចសន្យាជូនខ្សែការពារកណ្តាល យ៉ើ សាហ្វី រយៈពេល៤ឆ្នាំបន្ថែមទៀតផងដែរ ពោលគឺរហូតដល់ឆ្នាំ២០២៥ ទើបសម្រេចអោយដាច់ ឬពិចារណាបន្ត ក្រោយពីប្រកាសបញ្ចេញ ម៉ៅ ពិសិដ្ឋ អោយទៅសាងកេរ្តិ៍ឈ្មោះក្នងក្លិបមួយដែលខ្លាំងផងដែរ បែបនេះ៕