ខេត្តប៉ៃលិន ៖ ទោះបីជាពិភពលោកកំពុងស្ថិតនៅក្នុងបរិបទជំងឺកូវីដ១៩ក្តី ដែលមិនអាចឱ្យចេញដើរទៅណាឆ្ងាយពីផ្ទះ ឬឆ្លងដែនទៅរកការងារធ្វើនៅប្រទេសគេជាដើម តែសម្រាប់បងប្អូនប្រជាកសិករខ្មែរមួយចំនួនចាប់ផ្តើមដំាដំណាំផ្សេងនៅលើដីចម្ការរបស់ខ្លួន ។ ហើយសង្កេតឃើញ ក្រៅពីដំណាំពោតក្រហម ដំឡូងមី និងដំណាំហូបផ្លែផ្សេងៗទៀត ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន បានចាប់ផ្តើមដាំដំណាំចេកណាំវ៉ា (ចេកស) នៅលើដីរបស់ខ្លួន ដើម្បីប្រមូលផលលក់ឱ្យឈ្មួញ សម្រាប់យកថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។
ជាក់ស្តែង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ មានកសិករម្នាក់ ឈ្មោះ ហៀន ហន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរៀបរាប់ឱ្យភ្នាក់ងារកោះសន្តិភាពយើងដឹងថា លោកបាន ចាប់ផ្តើមដាំ ដំណាំចេកណាំវ៉ា (ចេក.ស) ចំនួន១៣០០គុម្ព នៅលើដីចម្ការចំនួន៤,៥ហិកតា ។
លោកបន្តទៀតថា ការដាំចេកណាំវ៉ានេះ ចាប់ផ្តើមបានរយ:ពេលជិត១ឆ្នាំមកហើយ ក៏បានប្រមូលផល២ទៅ៣សារមកហើយដែរ ដោយហាងឆេងផ្លែចេកនាពេលបច្ចុប្បន្ន គឺងាយស្រួលក្នុងការលក់ដូរជាងពីមុន ខណ:មានម៉ូយបើកបររថយន្តមកពីតាមបណ្តានានា ដូចជា ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាបជាដើម ចូលទៅទិញកាប់ស្ទងចេក ដល់ក្នុងចម្ការខ្លួនឯងតែម្តង ដោយខាងលោកគ្រាន់តែរាប់ស្និតហើយគិតប្រាក់ជាការស្រេច។ ចំពោះការលក់ដូរ ផ្លែចេកណាំវ៉ានេះ គឺ១ស្និត ឈ្មួញទិញក្នុងតម្លៃ១០០០ ទៅ១១០០រៀល ដោយ១ខែ អាចប្រមូលផលម្តង ពោលគឺតាំងពីដាំរហូតមកដល់ពេលនេះ ប្រមូលផលបានជិត១០០០ស្និតហើយ។
លោកបញ្ជាក់ទៀតថា តែនៅរដូវប្រាំងកាលឆ្នាំ២០២១ មានការងាប់ដើមចេកអស់ជាច្រើនដោយសារតែរាំងភ្លៀងអស់រយ:ពេលយូរ អត់ទាន់មានប្រព័ន្ធទុយោទឹកបូមស្រោចតាមគុម្ពចេកនីមួយៗ តែក៏បានដាំជួសឡើងវិញពេញផ្ទៃដីអស់ហើយ និងដាំដើមដំឡូងមីនៅចន្លោះដើមគុម្ពចេកផងដែរ។ ចំណែកអ្នកខ្លះទៀត គេដាំដើមកាកាវនៅចន្លោះគុម្ពចេកផងដែរ ព្រោះជាដំណាំដែលឈ្មួញអាចយកទៅច្នៃធ្វើគ្រឿងហូប និងភេសជ្ជ:បានច្រើនមុខ តែចាប់ពីឆ្នាំក្រោយៗទៅ មិនអាចដាំដំណាំផ្សេងទៀតបានឡើយ ព្រោះដំណាំចេក បានបែកគុម្ពរីកជិតចម្ការអស់ដែរ។
ទោះបីជាយ៉ាងណា ការថែទាំចេកណាំវ៉ានេះ មិនសូវមានការលំបាកខ្លាំងដូចដំណាំផ្សេងៗនោះទេ ដោយការពារកុំឱ្យមានករណីភ្លើងឆេះព្រៃ និងក្រាស៊ីដើមជាការស្រេច ៕