រមណីយដ្ឋាន កំពូលពេជ្រ គឹជារមណីយដ្ឋានបែបធម្មជាតិកែច្នៃមួយ ដែលកំពុងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងខ្លាំង ដោយសារ តែទេសភាពស្រស់បំព្រង និងសម្រស់ធម្មជាតិដ៏ឆើតឆាយនៃរមណីយដ្ឋានមួយនេះ ។
រមណីយដ្ឋាន កំពូលពេជ្រ មានទីតាំងស្ថិតនៅផ្លូវលេខ ៥១ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានចំងាយត្រឹមតែ ១១០ គីឡូម៉ែត្រ ប៉ុណ្ណោះពីភ្នំពេញ
រមណីយដ្ឋានកំពូលពេជ្រ ជាកន្លែងកម្សាន្តបែបធម្មជាតិ លាតសន្ទឹងលើផ្ទៃដីជាច្រើនហិកតា គ្របដណ្តប់ដោយព្រៃភ្នំតូចធំខៀវស្រងាត់ ទេសភាពស្រស់ត្រកាល មើលដាច់កន្ទុយភ្នែក និងមានសួនផ្កាចម្រុះពណ៌សាយភាយក្លិនគន្ធា យ៉ាងក្រអូបប្រហើរ។
បន្ថែមពីនេះ នៅតាមជើងភ្នំ និង ចង្កេះភ្នំនៃរមណីយដ្ឋាន កំពូលពេជ្រ ក៏មានចំការដំណាំហូបផ្លែជាច្រើន ប្រភេទរបស់ប្រជាកសិករនៅទីនោះ ដាំសម្រាប់លក់ និង ផ្គត់ផ្កង់គ្រួសារ។ រីឯ ភ្ញៀវទេសចរក៏អាចទៅទិញ កសិផលធម្មជាតិពីចំការនៅទីនោះទៀតផង។
នៅទីនោះ ក៏មានអាងហែលទឹកធម្មជាតិដ៏ធំ ដែលអាចឱ្យភ្ញៀវទសចរ ជិះទាទឹក ជិះក្តាររំអិល និងងូតទឹកលេងយ៉ាងរីករាយ។ អ្វីដែលកាន់តែពិសេស នៅទីនោះមាន បឹងហ្គាឡូសម្រាប់ស្នាក់នៅ និង មានខ្ចុះជាប់មាត់ទឹកសម្រាប់ភ្ញៀវទេសចរអង្គុយលេង ព្រមទាំងអាចកុម្ម៉ង់ម្ហូបយកមកទទួលទានយ៉ាងឆ្ងាញ់ទៀតផង៕