ស្ថិតនៅចម្ងាយប្រមាណជា ៤០ គីឡូម៉ែត្រពីឆ្នេរសមុទ្រក្រុងព្រះសីហនុ កោះរុង ជាគោលដៅទេសចរយ៉ាងសំខាន់មួយរបស់កម្ពុជា ដែលមានទេសភាពស្អាតៗជាច្រើនសម្រាប់ទស្សនា ដែលហ៊ុមព័ទ្ធជុំវិញទៅដោយផ្ទៃទឹកសមុទ្រខៀវស្រងាត់ មានឆ្នេរខ្សាច់សក្បុរស ជាដើម ។
ជាមួយគ្នានេះដែរ បើយើងធ្វើដំណើរចេញពីក្រុងព្រះសីហុនតាមរយៈកាណូតប្រមាណជា ២ ម៉ោង នោះគេនឹងទៅដល់ទឹកដីកោះរុង ។ អ្វីដែលភ្ញៀវនឹកឃើញទៅដល់មុនគេនោះគឺ «ព្រែកតាសុខ» ដែលមានទីតាំងស្ថិតនៅសង្កាត់កោះរុង ក្រុងកោះរុង ខេត្តព្រះសីហនុ ។ «ព្រែកតាសុខ» ជាទីកម្សាន្តបែបទេសចរធម្មជាតិ ដែលភ្ញៀវទាំងឡាយមិនគួរមើលរំលងក្រោយកូវីដ-១៩ ស្ងប់ស្ងាត់ទៅ ប្រកបទៅដោយទេសភាពស្រស់ស្អាតដាច់គេ ។
ភ្ញៀវទាំងឡាយអាចជិះទូកកាយ៉ាកនៅក្នុងដង «ព្រែកតាសុខ» មានទឹកថ្លាយង់បានយ៉ាងសប្បាយរីករាយ គយគន់ទេសភាពដើមឈើខៀវស្រងាត់ដុះច្រូងច្រាំងអមតាមមាត់ព្រែក ។ លើសពីនេះក៏អាចងូតទឹកជ្រោះដ៏ត្រជាក់ដូចទឹកអម្រឹតលេងកម្សាន្តផងដែរ ។
អ្វីដែលជាលក្ខណៈពិសេសមួយទៀតរបស់ «ព្រែកតាសុខ» ដែលទាក់ទាញអារម្មណ៍របស់ភ្ញៀវទេសចរខ្លាំងបំផុតស្ទើរដកចិត្តមិនរួចនោះគឺ ព្រែកដ៏ស្អាតបំផុតមួយនេះ មានរាងដូចទៅនឹងទន្លេអាម៉ាហ្សូនដ៏ល្បីល្បាញនៅទូទាំងពិភពលលោករបស់ប្រទេសប្រេស៊ីល ៕