ប្រជាពលរដ្ឋរស់នៅភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ដែលមានមុខរបរដាំឈូកយកគ្រាប់ទុំលក់ មានក្តីរីករាយសប្បាយចិត្ត ព្រោះតែដំណាំឈូករបស់ពួកគាត់លូតលាស់បានល្អ និងមានតម្លៃលើផ្សារដែលអាចរកចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យមានភាពប្រសើរឡើងបាន ។
កសិករឈ្មោះ យាន យ៉ន់ អាយុ៤៥ឆ្នាំ មានទីលំនៅភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ បានបញ្ជាក់ថា រូបគាត់ធ្វើស្រែនិងដាំឈូក ប៉ុន្តែឈូករបស់គាត់មិនទាន់ទុំនៅឡើយទេ អាចប្រហែលជាងមួយខែទៀតទើបប្រមូលផល ។ ដោយឡែក ប្អូនប្រុសរបស់គាត់ឈ្មោះ សាន ស៊ីម ដែលមានដីដាំឈូក ជាប់ចំការគាត់ ដែរគឺបានប្រមូលផលរួចហើយ បានប្រមាណជាង៦០០គីឡូក្រាមនៃគ្រាប់ឈូកទុំ លើផ្ទៃដីដែលដាំដុះប្រមាណតែកន្លះហិកតាប៉ុណ្ណោះ ។
គ្រាប់ឈូកប្រមូលផលពីដើមដៃលក់បានថ្លៃពី៨ពាន់ទៅ៩ពាន់រៀល ក្នុង១គីឡូក្រាម ឬអាចច្រើនជាងនេះ ។ បើគិតជាមធ្យមត្រឹមតែ៨ពាន់ រៀលក្នុង១គីឡូក្រាម ។ ប្អូនប្រុសគាត់បានទទួលបានបា្រក់ជាង៤លាន៨០ម៉ឺនរៀល ក្នុងគ្រាប់ឈូកតែ៦០០គីឡូក្រាមតែប៉ុណ្ណោះ ។ បើកាត់ថ្លៃចាក់ប្រេងបូមទឹកនិងដាក់ជី អាចនៅសល់ចំណេញពីការដាំឈូកប្រមាណជាង៣លានរៀល ។សម្រាប់គាត់អាចបានច្រើនជាងនេះ ព្រោះគាត់មានផ្ទៃដីធំជាង ។
លោក យាន យ៉ន់ ក៏បានបញ្ជាក់ដែរថា មុខរបរដាំឈូកនេះ គឺយើងដាំកូនក្នុងរយៈពេលតែ ៣ខែគឺបានប្រមូលផលហើយ ដោយប្រមូលផលរហូតដល់ខែទី៥។ នៅពេលដែលប្រមូលផលរួចហើយ ដើមឈូកចាស់ទាំងអស់ ត្រូវម្ចាស់ចម្ការរាស់សម្លាប់ចោល រួចដាក់ទឹកថ្មី ក្រោយមកកូនឈូកនិងដុះលាស់ថ្មី ចេញមកមួយសារទៀត ដែលនឹងត្រូវប្រមូលផល ជាលើកទី២ នៅប្រមាណជាង៣ខែក្រោយ ។ ដូច្នេះ ក្នុង១ឆ្នាំអាចប្រមូលផលបាន២ដង ។
ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង ដែលមានមុខរបរដាំឈូកមានប្រមាណជាង១០០គ្រួសារ ។ ដោយឡែក ក្រុមគ្រួសារគាត់ដែលនៅលើទីទួលខ្ពស់ជាងគេ នេះមានប្រមាណតែ ៦ គ្រួសារប៉ុណ្ណោះ ពួកគាត់អាចប្រមូលផលបានមុនគេ ។ មូលហេតុដោយសារតែដីគាត់ខ្ពស់ គាត់លើកជាភ្លឺខ្ពស់ បូមទឹកដាក់ រួចយកកូនឈូក មកដាំតែម្ដង ។ ចំណែកអ្នកដែលមានដីទំនាបត្រូវរង់ចាំទឹកស្រក ទើបដាំបាន ។ និយាយជារួមគឺដាំតាមទឹកស្រក ដូចធ្វើស្រែបណ្តេញទឹកដែរ ។
គួរបញ្ជាក់ដែរថា ដំណាំឈូក ត្រូវបានប្រជាកសិករនៅគ្រប់ភូមិឃុំ ដែលអាចមានទឹកស្រោចស្រប់ ទាំងប្រាំងនិងវស្សា ។ ចំណែកឈ្មួញបានចុះទិញគ្រប់ទីកន្លែង ដោយឈ្មួញខ្លះមានឱ្យប្រាក់ដល់កសិករអ្នកដាំខ្ចីមុន ដើម្បីធ្វើទុនក្នុងការទិញ ប្រេង
បួមទឹក និងជីជាដើម លុះពេលប្រមូលផល ត្រូវលក់ឱ្យឈ្មួញ ដែលជាអ្នកឱ្យប្រាក់ខ្ចីវិញ រួចកាត់កងប្រាក់ជំពាក់តាមហ្នឹងទៅ ៕