កំពតជាខេត្តដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរតែងធ្វើដំណើរទៅលេងកម្សាន្តកម្រអាក់ខានណាស់មិនថាថ្ងៃចុងសប្ដាហ៍ ឬ ថ្ងៃឈប់សម្រាកបុណ្យទាននោះទេ ដ្បិតអីទឹកដីដ៏សែនមនោរម្យនេះនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញឡើយ ។ តំបន់ទេសចរណ៍ស្អាតៗច្រើនកន្លែងរាប់មិនអស់ មានទាំងជ្រោះជ្រងជ្រលងដងអូរ ដងព្រែក ព្រៃភ្នំ និងរមណីយដ្ឋានធម្មជាតិជាច្រើនមានស្ទើរគ្រប់ទីកន្លែងនៅក្នុងខេត្តនេះ ។ យ៉ាងណាមិញតើប្រិយមិត្តធ្លាប់បានទៅលេងកម្សាន្តនៅ ជ្រលងភ្នំក្រហម ហើយឬនៅ?
ជ្រលងភ្នំក្រហម គឺជាតំបន់ទេសចរណ៍ធម្មជាតិ ១០០% មានទេសភាពស្អាតក្រៃលែង ហ៊ុមព័ទ្ធដោយជួរភ្នំយ៉ាងវែងអន្លាយ មានព្រៃព្រឹក្សាកូនរុក្ខជាតិតូចធំដុះច្រូងច្រាងរំលេចជាទិដ្ឋភាពបែតងខ្ចីត្រជាក់ភ្នែកគយគន់មិនជិនណាយ ។ ជ្រលងភ្នំក្រហម លាក់ខ្លួននាកណ្ដាលបុព្វតា មានសភាពស្ងប់ស្ងាត់ខ្យល់អាកាសល្អបរិសុទ្ធប្រហើរដិយក្លិនគន្ធាកំពុងរីកស្គុះស្គាយ បង្អួតសម្រស់ ទាក់ចិត្តទេសចរឱ្យលង់ស្នេហ៍ ទៅហើយមិនចង់វិលវិញ។ លក្ខណៈពិសេសនៅទីនោះ យើងអាចឈរពីលើកំពូលកូនភ្នំមើលទៅទេសភាពដែលឆ្ងាយដាច់កន្ទុយភ្នែកស្រូបយកខ្យល់អាកាសដ៏ល្អបរិសុទ្ធ ពិសេសចំពោះអ្នកស្រឡាញ់ផ្កាកាន់តែត្រូវចិត្តថែមទៀតព្រោះនៅទីនោះមានដាំផ្កាចម្រុះពណ៌កំពុងរីកត្រសាយស្រស់ស្អាតខ្លាំង ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នៅជ្រលងភ្នំក្រហម ក៏មានផ្ទះស្នាក់នៅតាមជំរាលភ្នំ សង់ឡើងយ៉ាងល្អប្រណីតល្អបំផុតសម្រាប់អ្នកចង់ស្នាក់នៅលម្ហែកាយ ហើយក៏មានផ្ដល់ជូននូវអាហារឆ្ងាញ់ៗគ្រប់ប្រភេទទៀតផង។ ជ្រលងភ្នំក្រហម នៅនៅឯណាឆ្ងាយឡើយ គឺស្ថិតនៅស្រុកដងទង់ មានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីទីរួមខេត្តកំពត។ អូហ៍ភ្លេចប្រាប់ ចំពោះការចូលទស្សនាតម្រូវឱ្យបង់ប្រាក់ម្នាក់ ២ ពាន់រៀល ៕