ស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា ពោធិ៍សាត់ មានសក្ដានុពលទេសចរណ៍ មិនចាញ់ខេត្តដ៏ទៃឡើយ ដោយសារខេត្តនេះពោរពេញទៅដោយ កន្លែងទេសចរណ៍ស្រស់ស្អាតជាច្រើន ដែលភ្ញៀវទេសចរកំពុងចាប់អារម្មណ៍ និងចង់ទៅទស្សនាកម្សាន្ត ដែលមានដូចជា រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិ ច្រកល្អៀង , ភ្នំ ១៥០០ , ភ្នំទំព័រ និងកំពង់ហ្លួងជាដើម ។ ក្នុងនោះសម្រាប់អ្នកចូលចិត្តផ្សងព្រេងមិនគួរមើលរំលងនាទឹកដីខេត្តនេះដែរ នោះគឺ ភ្នំខ្នងព្រះ ។
ស្ថិតនៅតាមតំបន់ភ្នំ ១៥០០ នៃឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានចម្ងាយប្រមាណជា ៣២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ភ្នំខ្នងព្រះ ជាតំបន់ទេសចរណ៍ ដ៏គួរឱ្យទាក់ទាញ សម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តធ្វើដំណើរកម្សាន្ត តាមបែបផ្សងព្រេង ដោយសារស្ថានភាពក្នុងការធ្វើដំណើរទៅទីនោះ គឺតម្រូវឱ្យអ្នកដំណើរ ត្រូវចំណាយកម្លាំង ដើរថ្មើរជើង ០៨គីឡូម៉ែត្រ ពីចំណុចផ្លូវតំបន់ភ្នំ ១៥០០ ទើបទៅដល់ភ្នំខ្នងព្រះបាន ។
បើបរិយាយពី បរិយាកាស និងទេសភាព នៅទីនោះវិញ គឺមិនខុសពី កំពុងបរិយាយ ពីស្ថានសួគ៌ាល័យឡើយ ។ ក្រោយពីបានឈានជើងឡើងដល់កំពូលភ្នំហើយ ប្រិយមិត្តនឹងទទួលបានអារម្មណ៍ ស្រស់ស្រាយរសាយអស់នៅទុក្ខកង្វល់ ដោយនៅទីនោះមាន អាកាសធាតុត្រជាក់ស្រេប អាចអង្គុយមើលទេសភាព៣៦០ ដឺក្រេ ពីលើកំពូលភ្នំ មើលឃើញខេត្តពោធិ៍សាត់ និង ផ្លូវកាច់កោងគួរឱ្យទាក់នេត្រា នៃភ្នំ១៥០០ ។ នៅពេលព្រឹកព្រលឹម ប្រិយមិត្តអាចអង្គុយមើលថ្ងៃរះពីលើកំពូលភ្នំ នៅពេលថ្ងៃអាចដើរកំសាន្តថតរូប ឯពេលរាត្រី អាចដុតភ្លើងអង្គុយមុខតង់ មើលផ្កាយរះ និងមីគីវ៉េរាប់លានគ្រាប់នៅលើផ្ទៃមេឃា ៕