ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំទាំង២បានធ្វើសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំក្នុងអាណត្តទី៤ និងលើកទិសដៅអនុវត្តន៍បន្តក្នុងរយៈពេល៥ឆ្នាំ ក្នុងអាណត្តទី៥ (២០២២-២០២៧)។ សន្និបាតនេះបានធ្វើឡើងនៅក្នុងស្រុកសាលាក្រៅ ក្រោមអធិបតីភាពលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន។ សមាជិក សមាជិកា នៃអង្គសន្និបាតដែលបានអញ្ជើញចូលរួមនាឱកាសនោះ មានឯកឧត្តម លោកជំទាវ លោកលោកស្រី ជាថ្នាក់ដឹកនាំ និងជាសមាជិក សមាជិកា ក្រុមការងារចុះជួយឃុំទាំង២, បេក្ខជន បេក្ខនារី ឈរឈ្មោះក្រុមប្រឹក្សាឃុំទាំង២ ព្រមទាំងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាមកពីតាមបណ្តាភូមិ ក្នុងឃុំទាំង២ រួមមាន សមាជិកគណបក្សឃុំសាលាក្រៅមានចំនួន ២៥៣នាក់ និងឃុំអូរអណ្តូងមានចំនួន ៤៥៩នាក់។
សន្និបាតនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីសមិទ្ធិផលការងារ ដែលឃុំសាលាក្រៅ ឃុំអូរអណ្តូង សំរេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងអាណត្តទី៤ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដាក់ទិសដៅសំរាប់ការអនុវត្តបន្តក្នុងអាណត្តទី៥ (ឆ្នាំ២០២២-២០២៧) ។ ហើយអ្វីដែលសំខាន់គឺការដកពិសោធលើចំណុចខ្លាំង ចំណុចខ្សោយនៃការដឹកនាំ អភិវឌ្ឍន៍ឃុំសាលាក្រៅ និងឃុំអូរអណ្តូងក្នុងស្រុកសាលាក្រៅ នៅក្នុងអាណត្តិទី៤ កន្លងមក។ ជាមួយគ្នានោះអង្គសន្និបាតបានផ្តល់មតិយោបល់លើផែនការសកម្មភាពសំរាប់ដណ្តើមបានជ័យជំនះក្នុងពេលបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះ និងការបោះឆ្នោតជ្រើសរើសបេក្ខភាពដែលមានប្រជាប្រិយភាព សមត្ថភាព មានការគោរពស្រឡាញ់ គាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដើម្បីអោយឈរឈ្មោះ សំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនាពេលខាងមុខដើម្បីដឹកនាំ។
ក្នុងអង្គពិធីប្រធានគណបក្សឃុំ ពីរនៅ ឃុំអូរអណ្តូង និងឃុំសាលាក្រៅ បានអានរបាយការពីសមិទ្ធិផលការងារ ០៥ឆ្នាំ និងលើកទិសដៅការងារ ០៥ឆ្នាំបន្ត (២០២២-២០២៧) ។ ក្នុងរយៈពេល៥ឆ្នាំ នៃអាណត្តិរបស់ខ្លួនកន្លងមកនេះ បានបំពេញតួនាទីសហការដឹកនាំប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួនដោយខិតខំប្រឹងប្រែងយ៉ាងអស់កម្លាំងកាយចិត្តអនុវត្តនូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីជាប្រមុខ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនឲ្យបានអតិបរមា។ ជាពិសេសការអនុវត្តន៍គោលនយោបាយវិមជ្ឍការនៅថ្នាក់ឃុំ-សង្កាត់ ការអនុវត្តន៍គោលនយោបាយអភិបាលកិច្ចល្អ តាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានដែលជាការឆ្លើយតបទៅនិងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ទន្ទឹមនេះគណបក្សឃុំបានលើកទិសដៅ៥ឆ្នាំបន្ត២០២២-២០២៧ ឆ្ពោះទៅការអភិឌ្ឍន៍មូលដ្ឋានលើគ្រប់វិស័យ ដើម្បីបង្កើតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលមានចំណុចសំខាន់ដូចជា ៖ លើកកម្ពស់ស្ថានភាពសង្គម សេដ្ឋកិច្ចនៅជនបទ ពង្រឹង និងលើកកម្ពស់សិទ្ធអំណាចសហគមន៍នៅមូលដ្ឋានភូមិ ឃុំដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការពឹងផ្អែកដោយខ្លួនឯងបាន។ បន្តថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រក្សាបានការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរម្យនា។ បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែខ្លាំងក្លា និងកាន់តែមានប្រសិទ្ធភាព។
លោកជំទាវ បាន ស្រីមុំ បានលើកឡើងថា៖ ក្រោមម្លប់សុខសន្តិភាព តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យើងមានការអភិវឌ្ឍន៍រីកចំរើន លើគ្រប់វិស័យ និង យ៉ាងឆាប់រហ័សរួមមានៈ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធសព្វបែបយ៉ាងត្រូវបានកសាង បំរើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ធ្វើអោយការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋយើងមានភាពងាយស្រួល និងមានការរីកចំរើន សំបូរធូធារ ។ លោកជំទាវបានមានប្រសាសន៍បន្តថា សមិទ្ធិផល និងស្នាដៃដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងត្រូវផ្សព្វផ្សាយពន្យល់ណែនាំពីសមិទ្ធផលទាំងអស់នេះ អោយដល់ប្រជាពលរដ្ឋទូទៅអោយបានយល់ដឹងផងដែរ ដើម្បីទាក់ទាញការគាំទ្រមកលើគណបក្សប្រជាជនកម្ពុជា។ ម្យ៉ាងទៀត សមាជិក សមាជិការរបស់គណបក្សយើងក៏ត្រូវមានតួនាទីឆ្លើយតបដោយសេចក្តីថ្លៃថ្នូរ ចំពោះជនអគតិមួយចំនួនដែលមានចេតនាលាបពណ៌ មួលបង្កាច់ថ្នាក់ដឹកនាំ បំភ្លៃការពិត ឬចេតនាជាន់ពន្លិចស្នាដៃរបស់គណបក្សជាដើម ដែលធ្វើអោយប៉ះពាល់ដល់ឥទ្ធិពលគណបក្ស។ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បញ្ជក់ថា គណបក្សប្រជាជនកម្ពុជាត្រូវការបោះឆ្នោតផ្ទៃក្នុងរៀងរាល់ ៥ឆ្នាំម្តង ដើម្បីជ្រើសរើសបេក្ខជនដែលមានសមត្ថភាព មានការគាំទ្រច្រើនពីមហាជន តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ ជាការពិតណាស់ បេក្ខជនរបស់គណបក្សប្រជាជនកម្ពុជាមានការផ្លាស់ប្ដូរថ្មីៗមួយចំនួន អាស្រ័យទៅតាមសមត្ថភាព សុខភាព និងវ័យរបស់បេក្ខជនយើង។ តែបេក្ខជនទាំងអស់ ទាំងថ្មី និងចាស់ ត្រូវបន្តនូវប្រពៃណីដឹកនាំដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា នឹងត្រូវខិតខំធ្វើការងារបំរើប្រជាជន បង្កើនសមត្ថភាព ប្រជាប្រិយភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីទាក់ទាញទឹកចិត្តរបស់ប្រជាជនមកគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕