ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់បរយ៉ាខា សង្កាត់ទួលល្វា បានធ្វើសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំក្នុងអាណត្តទី៤ និងលើកទិសដៅអនុវត្តន៍បន្តក្នុងរយៈពេល៥ឆ្នាំ ក្នុងអាណត្តទី៥ (២០២២-២០២៧)។ ការសន្និបាតនេះបានធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃអង្គសន្និបាតដែលបានអញ្ជើញចូលរួមនាឱកាសនោះមានឯកឧត្តម លោកជំទាវ លោកលោកស្រី ជាថ្នាក់ដឹកនាំ និងជាសមាជិក សមាជិកា ក្រុមការងារចុះជួយ សង្កាត់ទាំង២,បេក្ខជន បេក្ខនារី ឈរឈ្មោះក្រុមប្រឹក្សាសង្កាត់ទាំង២ ព្រមទាំងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាមកពីតាមបណ្តាភូមិ ក្នុងសង្កាត់បរយ៉ាខា ៣៤៥នាក់ និង សង្កាត់ទួលល្វាមានចំនួន២៧៤នាក់។
នៅក្នុងអង្គពិធីប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង២ បានឡើងថ្លែងសន្ទរកថាបើកអង្គ សន្និបាត និងធ្វើរបាយការណ៍បូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សសង្កាត់ រយ:ពេល៥ឆ្នាំ(២០១៧- ២០២២) និងលើកទិសដៅអនុវត្តន៍បន្តក្នុងរយៈពេល៥ឆ្នាំ (២០២២-២០២៧) របស់ខ្លួនកន្លងមកនេះ បានបំពេញតួនាទីសហការដឹកនាំប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន ដោយខិតខំប្រឹងប្រែងយ៉ាងអស់កម្លាំងកាយចិត្តនូវគោលនយោបាយយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដ៏ឆ្នើម ។ ការធ្វើកម្មវិធីនយោបាយអភិវិឌ្ឍន៍សង្កាត់ជាពិសេសការអនុវត្តន៍គោលនយោបាយវិមជ្ឍការនៅថ្នាក់ឃុំសង្កាត់ ការអនុវត្តន៍គោលនយោបាយអភិបាលកិច្ចល្អ តាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានដែលជាការឆ្លើយតបទៅនិងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ជាមួយគ្នានោះសង្កាត់បានធ្វើការអភិវឌ្ឍន៍ទៅលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងចងក្រងបទពិសោធន៍សម្រាប់បន្តទៀត។ ទន្ទឹមនឹងនោះគណបក្សសង្កាត់ទាំងពីរបានលើកទិសដៅ៥ឆ្នាំបន្ត២០២២-២០២៧ ឆ្ពោះទៅការអភិឌ្ឍន៍មូលដ្ឋានលើគ្រប់វិស័យ ដើម្បីបង្កើតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងជនបទ និងទីប្រជុំជន ដែលមានចំណុចសំខាន់ដូចជា ៖ទី១/ លើកកម្ពស់ស្ថានភាពសង្គម។ ទី២/ សេដ្ឋកិច្ចនៅជនបទ។ ទី៣/ ពង្រឹង និងលើកកម្ពស់សិទ្ធអំណាចសហគមន៍នៅមូលដ្ឋានភូមិ សង្កាត់ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការពឹងផ្អែកដោយខ្លួនឯងបាន។ទី៤/ បន្តថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរក្សាបានការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរម្មនា។ទី៥/ បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែខ្លាំងក្លា និងកាន់តែមានប្រសិទ្ធភាព។ ទី៦/ ប្រឆាំង ទប់ស្កាត់អំពើរំលោភច្បាប់ អំពើពុករលួយ ការជួញដូរ និងចែកចាយគ្រឿងញៀនខុសច្បាប់។ទី៧/ បន្តផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ និងបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋទីទ័លក្រីក្រនៅមូលដ្ឋានផ្ទាល់។ ទី៨/ គ្រប់គ្រងថែរក្សាបរិស្ថានធនធានធម្មជាតិ និងមរតកវប្បធម៌ឲ្យបានល្អគង់វង្ស ដើម្បីពង្រឹងពង្រីកវិស័យទេសចរណ៍មូលដ្ឋាន។
ក្នុងអង្គសន្និបាតសមាជិកបក្សភូមិតំណាងឲ្យប្រជាពលរដ្ឋ បានលើកឡើងពីបញ្ហាសំខាន់ៗនិងសំណូមពរមួយចំនួនផងដែរ។ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ រាល់បញ្ហានិងសំណើររបស់បងប្អូនប្រជាពលរដ្ឋខាងក្រុមការងារនិងយកទៅពិភាក្សាជាមួយ ភាគីដែលពាក់ព័ន្ធដើម្បីធ្វើការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ។ លោកជំទាវ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា និងថ្នាក់ដឹកនាំគណបក្សសង្កាត់ ព្រមទាំងក្រុមការងារគណបក្សប្រជាជនចុះជួយសង្កាត់បរយ៉ាខា និងសង្កាត់ទួលល្វា ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចបំរើប្រជាជនបានល្អ នៅក្នុងសង្កាត់ទាំងមូល ដោយធ្វើការអភិវឌ្ឍន៍ ជាបន្តបន្ទាប់តាំងពីអាណត្តិទី១ ទី២ ទី៣ និងទី៤នេះ ដោយគណបក្សប្រជាជនកម្ពុជា មានការរីកចំរើនគួឲ្យកត់សំគាល់ ។លោកជំទាវបានបន្តថា៖ ក្នុងរយៈកាល៥ឆ្នាំនេះការអនុវត្តន៍គោលនយោបាយ ឈ្នះ ឈ្នះ មានការអភិវិឌ្ឍន៍តាមគោលដៅរបស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យប្រទេសមានសន្តិភាពពេញលេញមួយរយភាគរយ ដូចនេះយើងត្រូវដឹងគុណមាតាបីតានិងថ្ងៃ ៧ មករា យើងត្រូវថែក្សាសន្តិភាពកុំបង្ករចលាចលសង្គម សមាជិកយើងត្រូវមានជំហររឹងមាំកុំចាញ់បោកការឃោសនារបស់ជនអគតិមួយចំនួនដែលមកបំពុលសង្គម នាំធ្វើបាតុកម្មឬក៏បដិវត្តពណ៌អ្វីឡើយ សូមឲ្យបងប្អូនសមាជិកសមាជិកាសាមគ្គីគ្នាជាធ្លុងមួយដើម្បីដំណើរការបានល្អក្នុងការបម្រើប្រជាពលរដ្ឋព្រោះថាការសាមគ្គីគ្នានេះមានសារៈសំខាន់ណាស់សំរាប់សមាជិកសមាជិកាឃុំ/សង្កាត់។ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បញ្ជក់ថា គណបក្សប្រជាជនកម្ពុជាត្រូវការបោះឆ្នោតផ្ទៃក្នុងរៀងរាល់ ៥ឆ្នាំម្តង ដើម្បីជ្រើសរើសបេក្ខជនដែលមានសមត្ថភាព មានការគាំទ្រច្រើនពីមហាជន តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ ជាការពិតណាស់ បេក្ខជនរបស់គណបក្សប្រជាជនកម្ពុជាមានការផ្លាស់ប្ដូរថ្មីៗមួយចំនួន អាស្រ័យទៅតាមសមត្ថភាព សុខភាព និងវ័យរបស់បេក្ខជនយើង។ តែបេក្ខជនទាំងអស់ទាំងថ្មី និងចាស់ ត្រូវបន្តនូវប្រពៃណីដឹកនាំដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា នឹងត្រូវខិតខំធ្វើការងារបំរើប្រជាជន បង្កើនសមត្ថភាព ប្រជាប្រិយភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីទាក់ទាញទឹកចិត្តរបស់ប្រជាជនមកគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕