ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃសៅរ៍ទី០៨ខែមករាឆ្នាំ២០២២ បានប្រកាសរកឃើញករណីវីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទ អូមីក្រុង ឆ្លងក្នុងសហគមន៍ ជាលើកដំបូង។
ករណីនេះ ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរម្នាក់ អាយុ២៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បានបញ្ជាក់បន្តថា តាំងពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ បុរសរូបនេះបានទៅទីតាំងនានាដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តកំពត ដោយបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពីប្រទេសអូស្ដ្រាលី មកដល់ភ្នំពេញនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២។
បើងាកទៅមើលប្រទេសអង់គ្លេសឯណោះវិញ វីរុសបំប្លែងខ្លួនអូមីក្រុង កំពុងវាយលុកធ្ងន់ធ្ងរ ហើយបង្កការចម្លងរីករាលដាល។
លោកសាស្ត្រាចារ្យ Tim Spector ដែលដឹកនាំកម្មវិធីសិក្សារោគសញ្ញាកូវីដ ZOE បានបញ្ជាក់ថា ក្រៅពីការបែកញើសពេលយប់ដែលខុសពីរោគសញ្ញាវីរុសបំប្លែងខ្លួនដទៃទៀត, អូមីក្រុង មានរោគសញ្ញាចំនួន៧ផ្សេងទៀតដែលមួយចំនួន ដូចជាជំងឺផ្តាសាយ។
រោគសញ្ញាទាំង៧ទៀតនោះមានដូចជា៖
- រមាស់បំពង់ក
- ហៀរសំបោរ
- អស់កម្លាំង
- កណ្តាស់
- ឈឺខ្នងផ្នែកខាងក្រោម
- ឈឺក្បាល
- ឈឺសាច់ដុំ
យ៉ាងណាក្តី ទិន្នន័យបានបង្ហាញថា វ៉ាក់សាំងដូសជំរុញ គឺជាការការពារដ៏ល្អបំផុតប្រឆាំងនឹង អូមីក្រុង ហើយថ្នាំបង្ការដូសទី៣ អាចជំរុញប្រសិទ្ធភាពរហូតដល់៧៥ភាគរយ៕