រយៈពេលពីរថ្ងៃ គឺថ្ងៃសៅរិ៍ និង ថ្ងៃអាទិត្យទី៨ និងទី៩ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំចំនួន២ គឺឃុំស្ទឹងត្រង់ និងឃុំស្ទឹងកាច់ ក្នុងស្រុកសាលាក្រៅ និងសង្កាត់ចំនួន២ គឺ សង្កាត់ប៉ៃលិន និង សង្កាត់អូរតាវ៉ៅ ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន បានធ្វើសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ( ២០១៧-២០២២) និងលើកទិសដៅ ៥ឆ្នាំបន្ត (២០២២-២០២៧) ក្រោមអធិបតីភាពឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន។ សមាជិក សមាជិកា នៃអង្គសន្និបាតដែលបានអញ្ជើញចូលរួមនាឱកាសនោះ មានឯកឧត្តម លោកជំទាវ លោកលោកស្រី ជាថ្នាក់ដឹកនាំ និងជាសមាជិក សមាជិកា ក្រុមការងារចុះជួយឃុំ សង្កាត់ទាំង៤, បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់ទាំង៤ ព្រមទាំងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាមកពីតាមបណ្តាភូមិ ក្នុងឃុំសង្កាត់ទាំង៤ សរុបចន្លោះពី៣០០នាក់ ទៅ៤០០នាក់។
សន្និបាតនេះមានរបៀបវារៈទី១- ប្រធានគណៈកម្មាធិការបក្សឃុំ សង្កាត់ ឡើងថ្លែងសន្ទរកថាបើកអង្គសន្និបាត និងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សឃុំ សង្កាត់ រយ:ពេល៥ឆ្ឆ្នាំ(២០១៧- ២០២២) និងទិសដៅបន្តសម្រាប់៥ឆ្នាំបន្ត(២០២២-២០២៧)។ ទី២-បទអន្តរាគមន៍របស់សមាជិកសមាជិកានៃអង្គសន្និបាតលើខ្លឹមសារនៃរបាយការណ៍ការងាររយៈពេល ៥ ឆ្នាំ និងទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សឃុំ សង្កាត់។ ទី៣- មតិណែនាំ និងផ្ដល់អនុសាសន៍របស់ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តប៉ៃលិន។ ទី៤- មតិបូកសរុបលទ្ធផលនៃអង្គសន្និបាត និងសន្តរកថាបិទអង្គសន្និបាត។
បន្ទាប់ពីលោកប្រធានគណៈកម្មាធិការបក្សឃុំ សង្កាត់ បានរាយការណ៍ពីសមិទ្ធិផលការងាររបស់គណៈកម្មាធិការគណបក្សឃុំ សង្កាត់ រយ:ពេល៥ឆ្ឆាំ(២០១៧- ២០២២) និងទិសដៅសម្រាប់៥ឆ្នាំបន្ត(២០២២-២០២៧ រួចមក សមាជិកសមាជិកានៃអង្គសន្និបាតបានធ្វើបទអន្តរាគមន៍ដោយបានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹងដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគាំទ្រពេញទំហឹងលើបេក្ខភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្តាប់ទៀត។ អង្គសន្និបាតក៏បានស្នើដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់គណបក្ស ត្រូវបន្តចុះដល់មូលដ្ឋានប្រជាជនបន្ថែមទៀត ដើម្បីពង្រឹងសតិអារម្មណ៍ និងយល់ដឹងអោយកាន់តែស៊ុជម្រៅអំពីសុខទុក្ខរបស់ប្រជាជននៅមូលដ្ឋាន។ ម្យ៉ាងទៀតក៏ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាជនឲ្យបានកាន់តែល្អបន្ថែមទៀត ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសេវារដ្ឋបាលផ្សេងៗជាច្រើនទៀត។ បន្តការកសាងស្ពាន ថ្នល់ ឲ្យដល់មូលដ្ឋានប្រជាពលរដ្ឋដាច់ស្រយ៉ាល ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ដឹកជញ្ជូនផលិតផលរបស់បងប្អូនប្រជាពលរដ្ឋ និងចូលរួមដោះស្រាយទំនាស់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
ក្នុងសន្ទរកថាបូកសរុបនៃអង្គសន្និបាត លោកប្រធានគណៈកម្មាធិការបក្សឃុំ សង្កាត់ទាំង៤ បានគត់សំគាល់ថាៈ ចាប់ពីពេលនេះតទៅមុខ ភារកិច្ចជាចំបងៗរបស់គណៈកម្មាធិការគណបក្ស ឃុំ សង្កាត់ និងក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់, ត្រូវប្រព្រឹត្តនូវអំពើល្អ គ្រប់ផ្នែកការងាររបស់ខ្លួន ដើម្បីបង្កើនប្រជាប្រិយភាព និងជំនឿទុកចិត្តរបស់ប្រជាជន បំបាត់អោយបានដាច់ខាតនូវអំពើខុសឆ្គង បាតុភាព អសកម្មទាំងឡាយ ដែលបង្ករអោយមានភាពមន្ទិលសង្ស័យ និងការថ្នាំងថ្នាក់ ពីប្រជាជន ។ ជាពិសេស បេក្ខជនឈរ ឈ្មោះ ដែលទទួលបាននូវទំនុកចិត្ត ពីអង្គសន្និបាត,ទាំងពេញសិទ្ធិ និងបម្រុង , ត្រូវមានស្មារតីសាមគ្គី ឯកភាព ជាធ្លុងមួយ និងត្រូវគិតផលប្រយោជន៍ គណបក្សជាធំ, ត្រូវរួបរួមចុះផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធ ជាមួយសមាជិកគណបក្ស និងមហាជន ប្រជាជន ស្វែងយល់ និងដោះស្រាយនូវសំណូមពរ បំណងប្រាថ្នា របស់ប្រជាជន អោយបានល្អ ដើម្បី ទាក់ទាញសមានចិត្តគាំទ្រ ពីគ្រប់មជ្ឈដ្ឋាន សំដៅសម្រេចបានជោគជ័យយ៉ាងត្រចេះប្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលដ៏ខ្លីខាងមុខនេះ ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងត្រូវប្រព្រឹត្តទៅ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ។ បើគណបក្សប្រជាជនទទួលបានជ័យជំនះក្នុងការបោះឆ្នោត នោះកម្មវិធីនយោបាយ និងគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ដែលអង្គសន្និបាតបានអនុម័តនេះ នឹងក្លាយទៅជាផែនទីបង្ហាញផ្លូវសម្រាប់ក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥ យកទៅអនុវត្តដើម្បីអភិវឌ្ឍន៍មូលដ្ឋានឃុំ សង្កាត់នីមួយៗ។ ដើម្បីសម្រេចបាននូវគោលដៅនេះ សូមសំណូមពរដល់គណៈពង្រឹងមូលដ្ឋាន និងគណៈកម្មាធិការគណបក្ស គ្រប់ថ្នាក់ ត្រូវនាំគ្នាបន្តគាំទ្រ ជួយដល់មូលដ្ឋានឃុំ សង្កាត់/ភូមិ ទាំងស្មារតី ទាំងសំភារៈ ទាំងថវិកា ដើម្បីបង្ករលក្ខណៈឱ្យ បេក្ខជនរបស់យើងចេញធ្វើសកម្មភាពដណ្តើមប្រៀបឈ្នះ លើគូរប្រជែង ។ គណៈកម្មាធិការគណបក្សឃុំ សង្កាត់ គណៈពង្រឹងមូលដ្ឋាន និងក្រុមការងាគណបក្សចុះពង្រឹងមូលដ្ឋាន តាមបណ្តាភូមិ ក្នុងទូទាំងឃុំសង្កាត់ ត្រូវទទួលខុសត្រូវ ថែបំប៉នសតិអារម្មណ៍ និងរក្សាតួរលេខសមាជិកគណបក្ស នៅតាមគោលដៅទទួលខុសត្រូវរៀងខ្លួន ដើម្បីឆ្លើយតបបាននូវគោលការណ៍របស់គណបក្ស គឺសមាជិកម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក។
មានប្រសាសន៍ណែនាំនៅក្នុងអង្គសន្និបាត ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានថ្លែងអំណរគុណដល់សន្តិភាព ថ្លែងអំណរគុណដល់នយោបាយឈ្នះ-ឈ្នះ និងថ្លែងអំណរគុណដល់ប្រតិបត្តិករឯក នៃនយោបាយឈ្នះ-ឈ្នះ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនដូចសព្វថ្ងៃ។ ឯកឧត្តមបានមានប្រសាសន៍ថា គ្មានសម្ដេចតេជោ គឺគ្មានសន្តិភាព គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍន៍ និង គ្មានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ ដូចពេលនេះឡើយ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា គណបក្សប្រជាជនកម្ពុជាត្រូវការបោះឆ្នោតផ្ទៃក្នុងរៀងរាល់ ៥ឆ្នាំម្តង ដើម្បីជ្រើសរើសបេក្ខជនដែលមានសមត្ថភាព មានការគាំទ្រច្រើនពីមហាជន តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ ជាការពិតណាស់ បេក្ខជនរបស់គណបក្សប្រជាជនកម្ពុជាមានការផ្លាស់ប្ដូរថ្មីៗមួយចំនួន អាស្រ័យទៅតាមសមត្ថភាព សុខភាព និងវ័យរបស់បេក្ខជនយើង។ តែបេក្ខជនទាំងអស់ ទាំងថ្មី និងចាស់ ត្រូវបន្តនូវប្រពៃណីដឹកនាំដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា នឹងត្រូវខិតខំធ្វើការងារបំរើប្រជាជន បង្កើនសមត្ថភាព ប្រជាប្រិយភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីទាក់ទាញទឹកចិត្តរបស់ប្រជាជនមកគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ, ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។ ហេដ្ឋារចនាសម្ព័ន្ធ មាន: ស្ពាន ថ្នល់ ប្រព័ន្ធធារាសាស្រ្ត សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាដើម មានការកសាងស្ទើរគ្រប់ទីកន្លែង បម្រើដល់ការរស់នៅ ភាពសុខដុមរមនារបស់ ប្រជាពលរដ្ឋយើង។ ជាក់ស្ដែងក្នុងខេត្តប៉ៃលិន, ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន មានការកសាង កែលម្អ ហេដ្ឋារចនាសម្ព័ន ស្ពាន ថ្នល់ ប្រព័ន្ធធារាសាស្រ្ត ពិសេសការការពារទប់ស្កាត់ការចម្លងនៃមេរោគកូវីដ-១៩ ដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន ដែលជាការងារមួយដ៏លំបាក តែយើងក៏ទទួលបានជោគជ័យ ការពារបាននូវសុខភាពល្អរជូនប្រជាពលរដ្ឋយើង នឹងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវ។ ក្នុងឱកាសនោះដែរឯកឧត្តម អ៊ី ឈាន ក៏បានរំលឹកពីការឈឺចាប់របស់ប្រជាជនកម្ពុជាកាលពីអតីតកាល ការបែកបាក់ផ្ទៃក្នុង សង្រ្គាមកាប់សម្លាប់រវាងខ្មែរ និងខ្មែរ និងដំណើរស្វែងរកសន្តិភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រហូតដល់ទទួលបានសន្តិភាពទាំងស្រុងនៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយនាំមកនូវសន្តិភាពពេញបរិបូរណ៍ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅទូទាំងប្រទេសកម្ពុជា ដើម្បីឱ្យសមាជិកសមាជិកានៃអង្គសន្និបាត និងមហាជនបានជ្រាបបន្ថែម ដើម្បីមានការដឹងគុណ និងជឿជាក់មោះមុត ទៅលើគណបក្សប្រជាជនកម្ពុជា និងដង្ហែតាមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជារៀងរហូតទៅ៕ ដោយ វួច ពឿន AKP ប៉ៃលិន