ឃ្លោក ជាបន្លែហូបផ្លែដែលសម្បូរវីតាមីន និងសារធាតុចិញ្ចឹមដូចជា វីតាមីន A, B, C និង ម៉ង់ហ្គាណេស ម៉ាញ៉េស្យូម កាល់ស្យូម ជាតិដែក ប៉ូតាស្យូម អ៊ីយ៉ូត និងជាតិសរសៃជាដើម។
លើសពីនេះផ្លែឃ្លោក បានផ្ដល់សារៈប្រយោជន៍ដល់អ្នកទទួលទានដូចជា៖ ជួយការពារ និងបន្ថយជាតិអាស៊ីតក្នុងក្រពះ, ការពារជំងឺរលាក និងដំបៅក្រពះពោះវៀន, ជួយសម្រកទម្ងន់ និងរក្សាទម្ងន់ឱ្យនៅឋេរ, ជំនួយស្មារតី និងពង្រឹងសុខភាពផ្លូវចិត្ត, ជួយឲ្យស្បែក និងសក់មានសុខភាពល្អ, បំបាត់បញ្ហារំលាយអាហារ, ព្យាបាលដំបៅក្រពះ, គ្រប់គ្រងជំងឺទឹកនោមផ្អែម, បន្ថយសម្ពាធឈាមផងដែរ។
ខាងក្រោមនេះ ជាបច្ចេកទេស ដាំដុះដំណាំឃ្លោក៖
ការជ្រើសរើសពូជ
- ជ្រើសរើសពូជសុទ្ធ មានអត្រាដំណុះខ្ពស់ ឆាប់ផ្តល់ផល ធន់នឹងជម្ងឺនិងសត្វចង្រៃ សមស្របនិងតំបន់ដាំដុះ
ការរៀបចំដី
- សម្អាតស្មៅចម្ការឲ្យស្អាត
- កាប់ឬភ្ជួរដីឱ្យជ្រៅ ជម្រៅ២៥ ទៅ ៣០ ស.ម វាយដីរើសស្មៅចេញឱ្យស្អាត
- កាប់រណ្តៅទំហំ ៥០x៥០ ស.ម ជម្រៅ៣០ស.ម ដាក់ជីធម្មជាតិ ២ទៅ៣គីឡូក្រាម ក្នុង១រណ្តៅ
ការដាំដុះ
ការដាំដោយគ្រាប់ផ្ទាល់៖
- យកគ្រាប់ពូជពី ២ទៅ៣គ្រាប់ ដាក់ដាំក្នុងមួយរណ្តៅ ដោយទុកចន្លោះគុម្ពពី១-១.៥ម ឬ២.៥ ទៅ៣ម
- បន្ទាប់មក ត្រូវស្រោចទឹក រហូតដល់វាដុះ
ការដាំដោយបណ្តុះកូន៖
- យកដី២ភាគ លាយជាមួយអាចម៍គោ១ភាគ ផេះអង្កាម មមោគ ស្រកីដូងចិញ្ច្រាំឲ្យល្អិត
- យកល្បាយទៅលាយ ទៅច្របល់ ហើយលីងរហូតដល់ក្តៅសព្វ
- យកដីបណ្តុះដែលលីងហើយ ទុកឲ្យត្រជាក់ មុនរៀបដាក់ថ្នាលបណ្តុះ ឬកន្ទោង
- យកគ្រាប់ពូជចំនួន ១គ្រាប់ៗ ដាក់ក្នុងថ្នាលបណ្តុះ ឬកន្ទោងនីមួយៗ
- ស្រោចទឹកឲ្យជោគ ទើបយកថ្នាល ឬកន្ទោងទៅ ដាក់នៅកន្លែងបណ្តុះ
- មុនយកកូនឃ្លោកមកដាំ ត្រូវបន្ថយការស្រោចទឹក ដាក់ឲ្យត្រូវពន្លឺ ២-៣ថ្ងៃ ដើម្បីពង្រឹងកូនឃ្លោក
- កូនឃ្លោកអាយុ ពី៧-១០ថ្ងៃ អាចយកទៅដាំបាន
- មុនដាំត្រូវស្រោចទឹកលើរង ដែលគ្របចំបើង ដាក់ជីគីមី តាមរណ្តៅមុនដាំពី៣-៥ថ្ងៃមុន ហើយច្របល់ជាមួយដីឲ្យសព្វ កណ្តាលរណ្តៅ
- ដាំកូនឃ្លោកត្រឹមដីបណ្តុះ កុំដាំកូនឃ្លោក កប់លិចដើម ព្រោះវាធ្វើឲ្យកូនឃ្លោករលួយ
ការថែទាំ
- ត្រូវស្រោចទឹកម្តងម្កាលបានហើយ បើសង្កេតឃើញថា ដីមានសភាពស្ងួត ព្រោះឃ្លោកមិនមែនជាដំណាំត្រូវការទឹកច្រើនណាស់ណាទេ
- ជម្រះស្មៅ ជ្រុំដី ពូនគល់
- ដករំលោះកូនចេញខ្លះ ដោយទុកតែ១ដើមក្នុងរណ្តៅ (មុនស្រោចជីទឹក ឬជីធម្មជាតិ)
ការដាក់ជីមាន៣លើក ជាចាំបាច់គឺ ៖
- លើកទី១៖ ទ្រាប់បាត ២ទៅ៣គីឡូក្រាម (ជីធម្មជាតិ) ក្នុង១រណ្តៅ មុនពេលដាំ
- លើកទី២៖ ក្រោយដាំពី១៥ ទៅ ២០ ថ្ងៃ ស្រោចជីកំប៉ុស្តទឹក ១កំប៉ុងទឹកដោះគោ លាយទឹកចំនួន១០លីត្រ សម្រាប់៤រណ្តៅ
- លើកទី៣៖ ពេលឃ្លោកចាប់ផ្តើមចេញផ្កា ឬក្តឹប កប់ជីធម្មជាតិថែមជុំវិញគល់ ចំនួន៣-៤ គីឡូក្រាម ជ្រុំដីឱ្យបានសព្វល្អម្តងទៀត តែត្រូវប្រយ័ត្ន កុំឱ្យដាច់ឫស នាំឱ្យអន់ ឬងាប់
ការស្រោចស្រព៖
- ស្រោចទឹកនៅពេលព្រឹក កុំស្រោចទឹករសៀល ឬល្ងាចដែលអាចធ្វើឲ្យរលួយឬស ឬរលាកដើមឃ្លោក
- ស្រោចទឹកឲ្យបានទៀងទាត់ បន្ទាប់ពីដាំកូនហើយ ត្រូវរក្សាសំណើមដីឲ្យបានល្អ ព្រោះកូនឃ្លោកត្រូវការលូតលាស់ ឬស ដើម ស្លឹក
- នៅពេលចេញផ្កាត្រូវស្រោចទឹកឲ្យបានទៀងទាត់ បើទឹកមិនគ្រប់គ្រាន់ វាចេញផ្កា និងផ្លែមិនបានល្អ
- ឧស្សាហ៍ពិនិត្យមើលគល់ឃ្លោក បើស្ងួតត្រូវស្រោចទឹកបន្ថែម បើសើមពេក ត្រូវបន្ថយការស្រោចទឹក កុំឲ្យរលួយឬស ឬងាប់ដើមឃ្លោក
- ត្រូវចាប់ធ្វើទ្រើងនៅពេលដែលឃើញឃ្លោក ចាប់ផ្តើមបោះទង
- កាត់ត្រួយដើមមេ ក្រោយពេលឃ្លោកបោះទង បានប្រហែល ០.៦០-១ម៉ែត្រ ដើម្បីឱ្យឃ្លោកបែកខ្នែងបានច្រើន
- ចំពោះស្លឹកឬថ្នាំងទី១ ដល់ ៨ ត្រូវទុកដើម១ប៉ុណ្ណោះ(គ្មានខ្នែង)
- ចាប់ពីស្លឹក/ថ្នាំង ទី៩ទៅ ទើបទុកខ្នែងតាមដែលវាចេញ និងលូតលាស់
- ការកាត់ខ្នែងនេះ ដើម្បីដើមមេលូតលាស់លឿន ផ្តល់ផ្លែបានធំស្មើគ្នា
ការបំផ្លាញលើដំណាំឃ្លោក
ជម្ងឺទុំលឿងស្លឹក៖ វាធ្វើឲ្យស្លឹក មានចំនុចលឿង រាងជ្រុងៗ ហើយប្រែជាពណ៌ត្នោត នៅក្រោមផ្ទៃស្លឹកមានដុំជាំ រាងជ្រុងៗ
វិធានការណ៍៖
- បេះស្លឹកមានជម្ងឺចេញ ដោយកំាំបិត ឬកន្ត្រៃ រួចយកទៅកប់ឬដុតចោលឆ្ងាយ
- កុំស្រោចទឹកជោគពេក
- ពង្រីកចន្លោះជួរ និងចម្ងាយគុម្ព ដើម្បីឲ្យទូលាយ ស្រលះល្អ និងងាយឆាប់ស្ងួត បន្ទាប់ពីភ្លៀង
- កំចាត់ស្មៅ និងដំណាំគ្មានប្រយោជន៍ចេញ
- ប្រើថ្នាំគីមីកសិកម្ម ដូចជា មេតាឡាកស៊ីល, ម៉ង់កូសិប, ហ្វូសេទីល-អាល់មីញ៉ូម បាញ់ពី៣-៧ថ្ងៃម្តង បាញ់ពេលល្ងាច ក្រោមស្លឹក
ដង្កូវស៊ីញ៉េ៖ ជាដង្កូវដែលស៊ីបំផ្លាញកោសិកាស្លឹក ធ្វើឲ្យរុក្ខជាតិមិនអាចធ្វើរស្មីសំយោគបាន
វិធានការណ៍៖
- កាត់ស្លឹកដែលរងការបំផ្លាញចោល ដោយកប់ឬដុតចោលឆ្ងាយ
- ប្រើថ្នាំគីមីកសិកម្មដូចជា៖ អាបាមិចទីន, ដាយណូតឺហ្វុយរ៉ាន់, ក្លរ៉ានត្រានីលីប្រុល
ទ្រីប៖ វាបំផ្លាញត្រួយដំណាំ ធ្វើឲ្យត្រួយ ឈប់លូតលាស់
វិធានការណ៍៖
- ត្រូវបាញ់ទឹកស្រោចឲ្យចំត្រួយដំណាំ
- បន្ថយការប្រើជីអុយរ៉េ
- ប្រើថ្នាំគីមីកសិកម្មដូចជា៖ អាបាមិចទីន, ដាយណូតឺហ្វុយរ៉ាន់, អីមីដាក្លភ្រីដ, ហ្វីប្រូនីល
ការប្រមូលផល
- អាចប្រមូលផលផ្លែឃ្លោក ក្រោយពេលដាំ ប្រហែល៧៥ថ្ងៃ ដោយបេះ តែផ្លែណាខ្ចីល្មម មិនទុកឱ្យវាចាស់ទេ
- ប្រមូលដោយកាត់នឹងកាំបិតយ៉ាងមុត ល្អជាការបេះដោយដៃ ដែលពេលខ្លះធ្វើឱ្យខូច ឬប្រេះស្រាំដល់ទង នាំឱ្យប៉ះពាល់ដល់ការលូតលាស់របស់វា
- ជ្រើសរើសផ្លែណាដែលធំទុំមុនគេ គ្មានជំងឺ និងសត្វល្អិតបំផ្លាញ បេះរួចទុករយៈពេល៣ទៅ៥ថ្ងៃ ដើម្បីឱ្យគ្រាប់របេះចេញពីសាច់ ទើបពុះច្របាច់ លាងទឹកឱ្យស្អាត ហាលថ្ងៃឱ្យស្ងួតល្អ ច្រកពូជក្នុងដប ឬកែវ គ្របទុក រួចទុកនៅកន្លែងដែលសមស្របមានខ្យល់ចេញចូល ដើម្បីទុកពូជ៕