នៅល្ងាចថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ សមាគមគ្រឹះបរិស័ទ ខេត្តប៉ៃលិនប្រារព្ធពិធីបុណ្យណូអែលអបអរសាទរខួបព្រះរាជកំណើតនៃព្រះយេស៊ូវគ្រឹស្ទក្នុងឆ្នាំ២០២២ ក្រោមអធិបតីយភាព ឯកឧត្តម សៀ សុខភ័ក្រ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និង លោក ឃ្លោក នួយ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត អភិបាលរងក្រុង ប្រធានសមាគមន៍គ្រឹស្ទសាសនាខេត្ត រួមទាំងសមាគម គ្រឹះបរិស័ទជាច្រើននាក់ ដែលពីធីនេះប្រារព្ធធ្វើឡើងនៅល្អាងឬស្សីក្តីស្រលាញ់ ស្ថិតក្នុងភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ឃ្លោក នួយ អភិបាលរងខេត្តបានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលជាស្ថាបនិក បានដឹកនាំប្រទេសជាតិអោយមានសុខសន្តិភាព ស្ថេរភាព ក្នុងនោះនៅក្នុងខេត្តប៉ៃលិនដែលមានឯកឧត្តម ឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ ជាប្រតិបត្តិករដ៏ឆ្នើមរួមជាមួយកម្លាំងរបស់បងប្អូនប្រជាពលរដ្ឋអតីតតំបន់ខ្មែរក្រហមបានធ្វើសមាហរណកម្ម ទើបមានសាសនាគ្រឹស្ទនេះកើតឡើងមកដល់សព្វថ្ងៃនេះ ហើយគ្មានអ្វីធំជាងសន្តិភាពនេះទេ ដូច្នេះ តម្លៃសុខសន្តិភាពនេះហើយបានផ្តល់ឱកាសអោយបងប្អូន គ្រឹះបរិស័ទមកជួបជុំគ្នាប្រារព្វកម្មវិធីផ្សេងៗក្នុងជំនឿរគ្រឹស្ទសាសនារបស់ខ្លួនដោយសប្បាយរីករាយ និងកំសាន្តសប្បាយនៅក្នុងពីធីបុណ្យតូចធំនៅគ្រប់រដូវកាលទាំងអស់ ។
លោកបានបន្តថា៖ ទោះបីមានកូវីដ-១៩បំម្លែងថ្មីហៅអូមីក្រុង(Omecron)ក៏ដោយ ប៉ុន្តែយើងត្រូវអនុវត្តប្រកាន់ខ្ជាប់ការអនុវត្តបីកុំបីការពារ ព្រោះវានៅក្បែរខ្លួនយើងជានិច្ច ហើយក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ និងមិនទាន់បានចាក់ដូសជម្រុញឬដូសទី៣ សូមទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា តាមមណ្ឌលដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានរៀបចំ នឹងកំពុងចាក់។ លោកបន្តទៀតថា៖ ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់វ៉ាក់សាំងដើម្បីចាក់ការពារដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិនយើងនេះ។
ឯកឧត្តម សៀ សុខភ័ក្រ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាបានមានប្រសាសន៍ពាំនាំការសួសុខទុក្ខពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដល់បងប្អូនសមាគមគ្រឹះបរិស័ទទាំងអស់តែងតែរួមសាមគ្គីគ្នាគាំទ្រនូវតម្លៃសុខសន្តិភាពដែលប្រទេសកម្ពុជាខំប្រឹងប្រែងរកមកយ៉ាងលំបាក។ ឯកឧត្តមបានបន្តថា៖ តម្លៃនៃសុខសន្តិភាពនេះហើយដែលធ្វើអោយប្រជាពលរដ្ឋមានសិទ្ធសេរីភាពជំនឿសាសនា ដែលបងប្អូនស្រឡាញ់ពេញចិត្ត ដូច្នេះគ្រឹះបរិស័ទក្នុងខេត្តប៉ៃលិនទាំងអស់ត្រូវចូលរួមថែរក្សាតម្លៃសន្តិភាពអោយបានដាច់ខាតនិងចេះរួបរួមសាមគ្គីនិងសហការគ្នាជាមួយរដ្ឋបាលខេត្តនិងអាជ្ញធរមូលដ្ឋាននៅតាមភូមិឃុំសង្កាត់អោយបានល្អប្រសើរ។
ឯកឧត្តមបានបន្តទៀតថា៖ គោលបំណងនៃការប្រារព្ធពិធីអបអរសាទរខួបព្រះរាជកំណើតនៃព្រះយេស៊ូគ្រឹស្ទឬបុណ្យណូអែលឆ្នាំ២០២២ នេះមានគោលបំណងបង្ហាញពីសេចក្តីស្រលាញ់ពីព្រះយេស៊ូវគ្រឹស្ទចំពោះមនុស្សដែលជាដើមចមនៃព្រះយេស៊ូវគ្រឹស្ទចាប់កំណើត ហើយយេស៊ូវគ្រឹស្ទស្រលាញ់មនុស្សដោយគ្មានលក្ខ័ណអ្វីទាំងអស់ និងជួយមនុស្សអោយរួចពីអំពើបាប ព្រមទាំងអោយមនុស្សមានសេចក្តីសង្ឃឹមរស់។
ក្នុងឱកាសនោះដែរកម្មវិធីបុណ្យណូអែលក៏បានរៀបចំការច្រៀងចំរៀង សម្តែងរបាំ និងសម្តេងរឿងស្តីពីកំណើតព្រះយរស៊ូវគ្រឹស្ទ ព្រមទាំងពិសារអាហារសាមគ្គីរួមគ្នាផងដែរ៕