រាជធានីភ្នំពេញ ៖ ប្រហែលជាមួយឆ្នាំ ក្រោយពោលគឺឆ្នាំ២០១៩ នៅ ស្រីពៅ បានប្រឡូកចូលក្នុងអាជីពគុនចម្រុះ និងបានចេញ ប្រកួតលើឆាកអន្តរជាតិលើកដំបូង បានយកឈ្នះកីឡាការិនីថៃ Rika Ishige កាលខែកុម្ភៈ នៅស្ថាប័ន ONE Championship ប៉ុន្តែពីរប្រកួត ក្រោយចាញ់កីឡាការិនីហ្វីលីពីន Priscilla Hertati Lumban Gaol និងចាញ់កីឡាការិនីឥណ្ឌា Ritu Phogat នៅឆ្នាំ ២០២០ ។
ទោះជាយ៉ាងណា ប្រហែលជាជាងមួយឆ្នាំចុងក្រោយនេះ នៅ ស្រីពៅ បានប្តូរមកហាត់គុនខ្មែរវិញ ដែលជាជំនាញហ្វឹកហាត់ដំបូង របស់នាង ។
កីឡាការិនីពហុជំនាញរូបនេះ បាននិយាយថា ៖« ខ្ញុំបានដូរពី MMA និងប្រដាល់សកល មកផ្តោតលើគុនខ្មែរតាំងពីឆ្នាំមុន ។ ពីព្រោះខ្ញុំដាក់ចិត្តលើគោលដៅសំខាន់ គឺស្វែងរកមេដាយជូនជាតិ ។ ខ្ញុំចង់ឈ្នះមេដាយពីកីឡាស៊ីហ្គេម នៅឆ្នាំ២០២២ ក្នុងប្រទេស វៀតណាម ។ ជាពិសេសស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដូច្នេះហើយបានជាខ្ញុំកំពុងផ្តោតលើការហ្វឹកហាត់ខ្លាំង» ។
គួរបញ្ជាក់ផងដែរថា កញ្ញា ស្រីពៅ បានឈប់ពីការសិក្សាត្រឹមថ្នាក់ទី៩ ហើយមកធ្វើការជាកម្មកររោងចក្រនៅភ្នំពេញអស់រយៈពេលជាង១ឆ្នាំ។ ក្រោយមកកញ្ញា បានសម្រេចចិត្តចូលហាត់កីឡាប្រដាល់ ដែលកាលពីដំបូងឡើយ ម្ដាយរបស់ស្រីពៅ មិនព្រមឱ្យកូនស្រីចូលហាត់នោះទេ តែដោយសារតែការខិតខំ និងបានសាងស្នាដៃល្អៗជាច្រើន ម្តាយរបស់កញ្ញាក៏យល់ព្រមតាមក្តីស្រឡាញ់របស់កញ្ញា ។ ក្នុងបទសម្ភាសន៍កញ្ញា នៅ ស្រីពៅ បានប្រាប់ឱ្យដឹងថា ក្នុងនាមជាមនុស្សស្រីម្នាក់អាចដើរដល់ផ្លូវ គ្រប់យ៉ាងគឺមកពីស្រីពៅមានគោលដៅច្បាស់លាស់ ស្មារតីរឹងមាំ និងភាពអត់ធ្មត់ច្រើន ស្រីពៅបានស៊ូនឹងពាក្យបំបាក់ទឹកចិត្តបែរជាលើកទឹកចិត្តខ្លួនឯងឱ្យបានច្រើន ព្រោះមិនចង់ធ្វើការងារឱ្យគេដូចអាជីពកម្មកររោងចក្រ ដោយប្ដូរមកជ្រើសអាជីពជាកីឡាការិនីប្រដាល់ដែលខ្លួនស្រលាញ់ និងមានដុងពីកំណើតវិញ។
នាងបានលើកឡើងដដែលជាដដែលថា នៅដើមឆ្នាំ២០១៣ ក្នុងពេលមានអាយុប្រមាណ១៦ឆ្នាំ ក្នុងពេលរស់នៅស្រុកកំណើតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសារបញ្ហាជីវភាពគ្រួសារ នាងក៏បានបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី៩ នៅវិទ្យាល័យទូលអំពិល ហើយសម្រេចចិត្តចូលធ្វើការនៅរោងចក្រមួយនៅភ្នំពេញដែលជាស្រុកកំណើតរបស់ខ្លួន។ ក្រោយមកឪពុករបស់ស្រីពៅ ក៏បានសួរទៅកូនស្រីថា តើកូនចង់ហាត់ប្រដាល់ដែរទេ? ជាមួយនឹងបងប្រុសបង្កើតម្នាក់របស់ស្រីពៅគឺ លោក នៅ ស៊ីថា ក៏ជាអ្នកហាត់ប្រដាល់គុនខ្មែរមួយរូបផងដែរ។ កញ្ញា ស្រីពៅ ក៏មិនទាន់យល់ព្រមភ្លាមៗ ដោយទុកពេលសម្រេចចិត្តនៅពេលក្រោយ ។ ដោយសារស្រីពៅ មិនចង់ធ្វើការនៅរោងចក្រទៀតទេ ចង់ធ្វើការដោយខ្លួនឯង មិនមានគេថាឱ្យនៅមុខក្រោយឡើយ ទើបសម្រេចចិត្តថា ចូលហាត់ប្រដាល់។
តែអ្វីជាឧបសគ្គ ម្ដាយស្រីពៅមិនព្រមឱ្យចូលហាត់ដូចឪពុករបស់ស្រីពៅឡើយ។ ស្រីពៅ ចំណាយពេលជាង០៣ខែ ទំរាំតែបញ្ចុះបញ្ចូលម្ដាយឱ្យយល់ព្រមបាន ហេតុនេះស្រីពៅ ត្រូវតែបេ្តជ្ញាចិត្តថា ខ្លួននឹងធ្វើឱ្យគាត់បានឃើញថា ខ្លួនជាមនុស្សស្រីក៏អាចធ្វើបានដែរ។ ជាមួយគ្នានេះផងដែរ អ្នកជិតខាងក៏ធ្លាប់ថាឱ្យឪពុកម្ដាយរបស់ស្រីពៅថា ម្ដេចក៏បណ្ដោយឱ្យកូនស្រីទៅហាត់ប្រដាល់ដូចមនុស្សប្រុសចឹង វាអត់សមទេ។ អញ្ចឹងហើយស្រីពៅចង់ធ្វើឱ្យពួកគាត់ទាំងអស់នោះ បានឃើញ និងបានយល់ថា មនុស្សស្រីក៏អាចធ្វើបានដូចមនុស្សប្រុសបានដែរ ដែលជាកម្លាំងចិត្តធ្វើឱ្យស្រីពៅខិតខំខ្លាំងណាស់។
កញ្ញាស្រីពៅ និយាយថា «ពេលចូលហាត់ដំបូង វាឈឺខ្លួនមែនទែន។ បើអ្នកដែលមិនអាចស៊ូបាន និងមិនមានភាពអត់ធ្មត់ច្រើនទេនោះ ប្រហែលពួកគេអាចនឹងបោះបង់នៅពាក់កណ្ដាលទីក៏ថាបាន។ តែសម្រាប់ខ្ញុំវិញមិនចង់បោះបង់ឡើយ ដោយសារខ្ញុំគិតថាខ្ញុំនឹងធ្វើតាមអ្វីដែលខ្លួនប៉ងប្រាថ្នាឱ្យបានសម្រេចជោគជ័យខានមិនបាន ហើយម្យ៉ាងទៀតមានការលើកទឹកចិត្តពីគ្រួសារទៀតផង ហេតុនេះខ្ញុំមិនបោះបង់ចោលនោះទេ»។ នាងថា ខ្លួនសប្បាយចិត្តដែលសាងឈ្មោះល្បីល្បាញនៅក្នុងវិស័យនេះ ហើយក្នុងពេលបន្ទាប់នាងនឹងឡើងប្រកួតគុនខ្មែរអោយបានច្រើន ដើម្បីអោយកេរ្តិ៍ឈ្មោះក្នុងស្រុកឈានឡើង តែនាងក៏ស្មុគស្មាញផងដែរ នៅពេលការប្រកួតគុនខ្មែរ ហាក់មិនសូវមាននារីឡើងរេញ ៕