រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ សកម្មភាពផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិក កំពុងត្រូវបាន NOCC និង កីឡាករពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយយ៉ាងខ្លាំង។ សកម្មភាពទាំងនោះ ត្រូវបានគេឃើញមានការផ្សព្វផ្សាយកាន់តែខ្លាំង នៅតាមគ្រឹះស្ថានសាលារដ្ឋ និងឯកជន ដោយមានមន្ត្រីផ្នែកកីឡា និងកីឡាករជាអ្នកមានជំនាញជាច្រើនមកធ្វើការពន្យល់ ។ មជ្ឈដ្ឋានមួយចំនួននៅតែមានការចាប់អារម្មណ៍ថាអ្វីជាកត្តាដែលជំរុញអោយគុណតម្លៃអូឡាំពិកត្រូវធ្វើការបញ្ជ្រាបនៅក្នុងស្រទាប់សិស្សនិស្សិតជាយុវ័យ បើសិស្សនិស្សិតទាំងនោះ មិនពាក់ព័ន្ធនឹងវិស័យកីឡាក្តី។ យ៉ាងណាមិញ មន្ត្រីជំនាញបានធ្វើការពន្យល់ពីសកម្មភាពទាំងនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាន មានប្រសាសន៍ថា គុណតម្លៃរបស់អូឡាំពិក មាន៣នោះ គឺ មិត្តភាព ការគោរព និងស្វែងរកឧត្តមភាព។
គុណតម្លៃរបស់អូឡាំពិកធ្វើឡើងដើម្បីចំមិត្តភាព ការគោរព និងស្វែងរក ឧត្តមភាព ហើយគណៈកម្មការជាតិអូឡាំពិកកម្ពុជា កំពុងធ្វើការផ្សព្វផ្សាយ។ កាលពីគុណតម្លៃអូឡាំពិកនេះ ត្រូវបានបញ្ជ្រាបតែក្នុងរង្វង់គណៈកម្មការ និងកីឡាករប៉ុណ្ណោះ ដើម្បីអោយយល់កាន់តែច្បាស់ថា កីឡាដ្បិតតែមានចាញ់ឈ្នះ តែមិនមែនប្រកួតប្រជែងដូចក្នុងឆាកសង្គ្រាមនោះទេ តែគឺដើម្បីមិត្តភាព និងដើម្បីបង្ហាញពីសមត្ថភាពក្នុងនាមជាកីឡាករ។
គុណតម្លៃនេះចង់អោយកីឡាករ និងផ្នែកពាក់ព័ន្ធដឹងថា ការប្រកួតត្រូវតែសុក្រឹត ស្មើភាព និងគ្មានការស៊ីសំណូក ហើយការបញ្ជ្រាបពីខ្លឹមសារនេះ ក៏ដើម្បីអោយគ្រប់ភាគីទាំងអស់ អាចរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ ប្រកបដោយគុណធម៌ និង យុត្តិធម៌ ក្នុងនាមជាម្ចាស់ផ្ទះ កុំអោយមានការរិះគន់។
ហេតុផលដែលនាំអោយ NOCC បន្តបញ្ជ្រាបពីសកម្មភាពនេះដល់គ្រប់កីឡាករ និងស្រទាប់មហាជន គឺចង់អោយកីឡាករទាំងអស់ដឹងថា ក្រៅពីសមត្ថភាពអាចប្រកួតប្រជែង គ្រប់រូបកីឡាករ ក៏ត្រូវតែមានគុណធម៌ សីលធម៌ និងវិន័យច្បាស់លាស់ បន្ថែមពីលើសមត្ថភាពដែលត្រូវបានពង្រឹង។ ក្នុងនោះបាវចនារបស់អូឡាំពិក អន្តរជាតិ ដែល NOCC បង្កើនការបញ្ជ្រាបរួមមាន ខ្ពស់ជាង លឿន ជាង និង ខ្លាំង ជាង ក៏ជាអ្វីដែលត្រូវតែអោយកីឡាករគ្រប់រូបប្រកាន់ភ្ជាប់ផងដែរ ដើម្បីឱកាសដណ្ដើមមេដាយ។
លោកបានសង្កត់ធ្ងន់ថា នៅលើលោកយើងនេះ គ្មានអ្វីប្រសើរជាងការចែករំលែកនៃការអប់រំនេះទេ ដែលធ្វើឲ្យយើងចេះគោរព គ្នា មានសីលធម៌ មានគោលការណ៍ ចេះរស់នៅសុខដុមរមនាជាមួយគ្នា ។ ការអប់រំ គឺជាការសំខាន់ណាស់ សម្រាប់សង្គមជាតិរប ស់យើង ដើម្បីឲ្យសង្គមយើងក្លាយជាសង្គមស៊ីវិល័យ មានភាពថ្លៃថ្នូរមានចរិតលក្ខណៈល្អ ។ យើងត្រូវចេះរួបរួមគ្នាស្រឡាញ់គ្នា ចេះ ស្រឡាញ់គ្នា ចេះអត់ឱនឲ្យគ្នា ដែលការចេះអត់ឱនឲ្យគ្នានេះ ហើយនឹងប្រែក្លាយបញ្ហាធំមកបញ្ហាតូច ហើយពីបញ្ហាតូចមកជាគ្មាន បញ្ហា ។ ដូច្នេះទាំងអស់នេះហើយ គឺជាគោលការណ៍នៃមនុស្សជាតិ និងសង្គមរបស់យើង ហើយកីឡា គឺជាជីវិតរបស់យើងម្នាក់ៗ »។
ជាមួយនឹងការពន្យល់ គេឃើញគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយនឹងបណ្ដាសាលាគ្រឹះស្ថានរដ្ឋ និង ឯកជន ដើម្បីបញ្ជ្រាបចំណេះដឹងទាំងនេះ ដល់ក្មេង និងយុវវ័យផងដែរ។ លោក វ៉ាត់ ចំរើន បានបញ្ជាក់តាំងពីមុនធ្វើយុទ្ធនាការថា មហាជន និងយុវវ័យ គឺជាហ្វេនគាំទ្រដ៏សំខាន់ ហើយក៏ជាអ្នកកាត់ក្ដីដែលមិនអាចខ្វះបានសម្រាប់ការប្រកួតនីមួយៗ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមផង ទើបសាលាកាន់តែច្រើនក៏បានក្លាយជាទីលានក្នុងការបញ្ជ្រាបសកម្មភាពនេះ។
ជាក់ស្ដែងកាលពីពេលថ្មី អនុវិទ្យាល័យវត្តដំបូកខ្ពស់ រាជធានីភ្នំពេញ ក៏បានរៀបចំកម្មវិធីគុណតម្លៃអូឡាំពិក ដែលមានការចូលរួមពីសិស្សានុសិស្សជាច្រើននាក់ដើម្បីទទួលបាននូវចំណេះដឹងពីចលនាអូឡាំពិក គុណប្រយោជន៍នៃការលេងកីឡា ក៏ដូចជាបញ្ជ្រាបការផ្សព្វផ្សាពីដំណើររបស់កម្ពុជា ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
លោក សោម សុទ្ធ នាយកអនុវិទ្យាល័យ វត្តដំបូកខ្ពស់បានលើកឡើងថា នេះជាឆ្នាំទី២ ដែលវិទ្យាល័យវត្តដំបូកខ្ពស់សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានរៀបចំកម្មវិធីគុណតម្លៃអូឡាំពិកនេះឡើង ដើម្បីបញ្ជ្រាបចំណេះដឹងពីចលនាអូឡាំពិក និងការផ្សព្វផ្សាយឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។
លោកនាយកអនុវិទ្យាល័យបន្ថែមថា សាលាយើងខ្ញុំមានកម្មវិធីកីឡា២ម៉ោង ក្នុង១សប្តាហ៍ ពីព្រោះការអប់រំ និងកីឡាបានផ្សាភ្ជាប់គ្នា ដើម្បីឆ្ពោះទៅគោលដៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ។ នៅក្នុងការបញ្ជ្រាបចំណេះដឹងពីគុណតម្លៃអូឡាំពិក ឆ្នាំទី២នេះ លោកនាយកបានអះអាងថា គ្រាន់តែឮថា ខាងNOCC ចុះមករៀបចំកម្មវិធីនេះ គឺសិស្សានុសិស្សមានក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលបានចូលរួមស្វែងយល់ពីចំណេះដឹងគុណតម្លៃអូឡាំពិក ហើយក្នុងនាមជាថ្នាក់ដឹកនាំសាលា លោកយល់ថា នេះក៏ជាការបញ្ជ្រាបពីអត្ថន័យស៊ីជម្រៅ និង ចំណេះដឹងដ៏ល្អ ដើម្បីក្មេងៗបានជ្រាបកាន់តែច្បាស់ផងដែរ ៕