ព្រះសីហុន ជាខេត្តមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ដែលប្រិយមិត្តបានស្គាល់រួចមកហើយថាជាខេត្តជាប់ឆ្នេរសមុទ្រធំជាងគេ និង សម្បូរទៅដោយកោះជាច្រើន ។
នៅក្នុងចំណោមកោះទាំងនោះគេឃើញមានកោះមួយដែលកំពុងទទួលបានភាពល្បីល្បាញថា មានទេសភាពឆ្នេរខ្សាច់សក្បុសបែបធម្មជាតិដ៏ស្រស់ត្រកាល ជាទីតាំងរមណីយដ្ឋានដ៏ប្រណីតមួយ ដែលស្ទើរតែរកកន្លែងណាមកប្រៀបប្រដូចមិនបានឡើយ នោះគឺ «កោះក្របី» ។
កោះដ៏ប្រណីតហ៊ុមព័ទ្ធជុំវិញទៅដោយផ្ទៃសាគរដ៏ធំល្វឹងល្វើយមួយនេះ ។ «កោះក្របី» ស្ថិតក្នុងលក្ខណៈជារមណីយដ្ឋាន មានផ្ទះវីឡាចំនួន ៤០ កន្លែងនៅដាច់ដោយឡែកពីគ្នា មានអាងហែលទឹក និង រានហាលផ្ទាល់ខ្លួន ។
មិនតែប៉ុណ្ណោះ នៅលើកោះធម្មជាតិមួយនេះ ក៏មានកន្លែងលេងកម្សាន្ត កន្លែងសម្រាកបែបឯកជន ងូតទឹកលេងកម្សាន្ត ធ្វើដំណើរលើស្ពានគយគន់ទេសភាពនៅជុំវិញកោះ រួមទាំងលក្ខណៈពិសេសជាច្រើនទៀត ។ បន្ថែមលើសពីនេះ «កោះក្របី» កំពុងក្លាយជាគោលដៅថ្មីមួយសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប៉ុនប៉ងទៅសម្រាកលម្ហែកាយក្រោយកូវីដ-១៩ ធូរស្រាល ៕