ប៉ៃលិន៖ ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ បានអញ្ជើញបើកបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២០-២០២១ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការប្រឡងបាក់ឌុបឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គឺនីតិវិធីនៃការរៀបចំប្រឡង មានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុត ទោះបីស្ថិតនៅក្នុងបរិបទកូវីដ–១៩ក៍ដោយ ដូច្នេះអ្នកចេះគឺជាប់ ម្យ៉ាងវិញទៀត វិញ្ញាសាដែលបានយកមកប្រឡងនៅពេលនេះ គឺមានការវិចខ្ចប់ និងដឹកជញ្ជូនបានត្រឹមត្រូវ ព្រមទាំងរក្សាទុកនៅកន្លែងមានសុវត្ថិភាព ដោយគ្មានបញ្ហាបែកធ្លាយវិញ្ញាសារនោះឡើយ ដើម្បីធានាបាននូវការប្រឡងនឹងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានទាំងអស់គ្នា។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំធ្វើកំណែទម្រងវិស័យអប់រំនៅកម្ពុជាជាបន្តបន្ទាប់ និងបានរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា ប្រកបដោយសមត្ថភាពប្រកួតប្រជែងនៅក្នុងតំបន់ និងលើសកលលោក ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដើម្បីចូលរួមកសាងអភិវឌ្ឍប្រទេសជាតិយើង ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើ ដល់កូនៗ និងក្មួយៗជាបេក្ខជនទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសនៅថ្ងៃប្រឡង ហើយត្រូវខិតខំធ្វើវិញ្ញាសារប្រឡងឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរតាមបទបញ្ជាផ្ទៃនៅពេលប្រឡងឲ្យបានល្អ ដើម្បីថែរក្សាសន្តិសុខសុវត្ថិភាព និងរក្សាបាននូវសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងពេលប្រឡង ព្រមទាំងជូនពរ ឱ្យទទួលបានជោគជ័យ និងទទួលបាននិទ្ទេសល្អ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២០-២០២១នេះ។
បើតាមការបញ្ជាក់របស់លោក តង់ ធារា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិនបានឱ្យដឹងថា៖ ឆ្នាំ២០២១នេះ ខេត្តប៉ៃលិន មានបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ៥០៥នាក់ ស្រី ២៧៧នាក់ ក្នុងនោះបេក្ខជន ស្វៃរិន ចំនួន ៣៦នាក់ ស្រី ១២នាក់ និងមានមណ្ឌលប្រឡងចំនួន ០២មណ្ឌល រួមមាន៖ មណ្ឌលវិទ្យាសាស្រ្តសង្គម មានបន្ទប់ប្រឡងចំនួន ១៥បន្ទប់ មានបេក្ខជនចំនួន ៣៥១នាក់ ស្រី ១៩៤នាក់ និង មណ្ឌលវិទ្យាសាស្រ្ត មានបន្ទប់ប្រឡងចំនួន ០៧បន្ទប់ មានបេក្ខជនចំនួន ១៥៤នាក់ ស្រី ៩៣នាក់ ៕