ស្ថានីយ៍បុរេប្រវត្តសាស្រ្ត “បឹងក្ងោក” ដែលមានទំហំប្រមាណ ៤៧,៧៣០ ម៉ែត្រការ៉េ កំពុងលាក់ខ្លួននៅក្នុងដីចំការរបស់ប្រជាពលរដ្ឋឈ្មោះ អ៊ុ នន និងឈ្មោះ ងួន ងន ដែលមានទីតាំងស្ថិតក្នុងភូមិអូរទឹកភ្លាវ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ស្ថានីយ៍បុរេប្រវត្តសាស្រ្ត ”បឹងក្ងោក” គឺយកឈ្មោះតាមបឹងមួយ ដែលជាបឹងស្ថិតនៅក្នុងបរិវេណស្ថានីយ៍នេះ ដែលគេសង្ស័យថា មានជាប់ទាក់ទងទៅនឹងរឿងប្រវត្តិសាស្ត្រអ្វីមួយជាក់ជាមិនខាន ប៉ុន្តែគេក៏មិនទាន់អាចរកបានពត៌មានជាក់លាក់ណាមួយ អំពីប្រវត្តិបឹងដ៏ចំណាស់នេះនៅឡើយទេ, ដោយអ្វីៗស្ថិតក្នុងការស្រាវជ្រាវ។
យោងតាមការផ្តល់ពត៌មានរបស់ម្ចាស់ដីឈ្មោះ ងួន ងន ភេទប្រុស អាយុ ៧១ ឆ្នាំ (ជាប្តី) និងឈ្មោះ ស៊ឹង ប្រេង ភេទស្រី អាយុ ៦៣ ឆ្នាំ (ជាប្រពន្ធ) ថា រូបគាត់ និងប្រពន្ធបានយកគ្រឿងចក្រកាយធ្វើព្រំដីរួចបានប្រទះឃើញវត្ថុបុរាណមួយចំនួនមាន ដូចជា៖ កងដៃធ្វើអំពីថ្មពណ៌ស , ថ្មពណ៌ខ្មៅ និង បំណែកកូឡាភាជ ព្រមទាំងបំណែកឆ្អឹងសពមួយចំនួន។ នៅក្នុងចន្លោះបណ្តោយប្រឡាយប្រមាណ ៤ ទៅ ៥ ម៉ែត្រ មានរណ្តៅសពជាច្រើន ដោយក្នុងរណ្តៅសពនីមួយៗ ពិនិត្យឃើញមានកូឡាភាជបែកបាក់ និងគ្រឿងអលង្ការមួយចំនួនផងដែរ។
លោក អ៊ី លីឈុន អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន បានអោយដឹងថាៈ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន និងលោកប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ត បានដឹកនាំមន្ត្រីចុះត្រួតពិនិត្យ និងទទួលវត្ថុបុរាណយកមករក្សាទុកនៅការិយាល័យសារៈមន្ទីរខេត្តប៉ៃលិន ហើយលោកប្រធានមន្ទីរក៏បានជូនដំណឹងនេះទៅកាន់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈដើម្បីបញ្ជូនមន្ត្រីជំនាញចុះមកសិក្សាអំពីស្ថានីយ៍ និងវត្ថុបុរាណទាំងនេះ ដែលជាលទ្ធផលដោយយោងទៅតាមរូបរាង រចនាបថ បានបញ្ជាក់អោយឃើញថា វត្ថុបុរាណទាំងនេះ ជាវត្ថុបុរាណដែលបានបន្សល់ទុកតាំងពីសម័យបុរេប្រវត្តិ(សម័យថ្មរំលឹង ឬ ថ្មបំបែក) នឹងបានកំណត់ទំហំដីស្ថានីយ៍ដែលមានទំហំប្រមាណ ៤៧៧៣០ ម៉ែត្រការ៉េ។
បច្ចុប្បន្នស្ថានីយ៍បុរេប្រវត្តសាស្រ្ត “បឹងក្ងោក” ត្រូវបានចុះត្រួតពិនិត្យ និងថែរក្សា ការពារយ៉ាងយកចិត្តទុកដាក់ និងបន្តចុះត្រួតពិនិត្យ និងសិក្សាស្ថានីយ៍ផ្សេងៗទៀត ដែលមានក្នុងខេត្តប៉ៃលិនផងដែរ៕