រាជធានីភ្នំពេញ ៖ យោងតាមការប្រកាសរបស់លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ ដែលបានលើកឡើងក្នុងកិច្ចប្រជុំសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ គឺនឹងមានតែ៧ប្រទេសប៉ុណ្ណោះនៅអាស៊ាន មកប្រកួតវិញ្ញាសារនេះ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ យ៉ាងណាមិញបណ្ដាប្រទេសដែលមិនបានដាក់កីឡាករមកប្រកួត ក៏នឹងអាចប្រែប្រួលផងដែរ ដោយសារតែពេលវេលានៅវែងឆ្ងាយទៀត។
លោកក៏បានប្រកាសថា កម្ពុជា ជាពិសេសគឺធនធានរបស់តៃក្វាន់ដូ ដែលធ្លាប់ដណ្ដើមបានមេដាយលើឆាកអន្តរជាតិ បានត្រៀមខ្លួនរួចហើយ ក្នុងដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយក្នុងនោះក៏នឹងចាប់ផ្ដើមពង្រឹងតាំងពីដំណាក់កាលតាមប្រព័ន្ធអនឡាញតទៅ លើកិច្ចប្រជុំ និងរៀបចំផ្សេងៗ ដើម្បីឆក់ឱកាសដណ្ដើមយកមេដាយពី៧ប្រទេសដែលនឹងដាក់កីឡាករមកប្រកួត។
លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក៏បានថ្លែងផងដែរថា ការប្រកួតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នោះ នឹងមានតែកីឡាករមកពី៧ប្រទេសប៉ុណ្ណោះដាក់ពាក្យមកប្រកួត។ ដូច្នេះហើយទើបសហព័ន្ធត្រូវត្រៀមបែបផែនច្រើន ដើម្បីទទួលស្វាគមន៍កីឡាករទាំងនោះអោយបានល្អ។ ក្រៅពីពិនិត្យមើលលើសកម្មភាព វឌ្ឍនភាពការងារសហព័ន្ធអាស៊ីអាគ្នេយ៍ លោកថា ប្រធានសហព័ន្ធគឺលោក កែវ រ៉េមី ក៏តែងតែជម្រាបជូនអំពីដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ ដោយបានបញ្ជាក់អំពីវិញ្ញាសា ដែលត្រៀមប្រកួត ព្រមជាមួយនិងការគោរពគោលការណ៍លេងដោយយុត្តិធម៌ ក្នុងនាមជាម្ចាស់ផ្ទះ។
លោកបានបន្តថា កម្ពុជាក៏បានជម្រាបដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ អំពីការហ្វឹកហាត់ត្រៀមលើវិញ្ញាសាដែលកំណត់នៅក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដោយមិនមែនដល់ពេលទើបយើងប្រាប់ពួកគាត់នោះទេ។ ដូច្នេះ ការរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ លើប្រភេទកីឡាតេក្វាន់ដូ ITF គឺឈរលើគោលការណ៍ប្រកបដោយតម្លាភាព និងយុត្តិធម៌ ពីព្រោះយើងបានចេញវិញ្ញាសាទាំងអស់យ៉ាងលម្អិត ជូនដល់បណ្តាប្រទេសនានាឲ្យបានដឹងមុន។
លោកអគ្គលេខាធិការសង្កត់ធ្ងន់ថា «យើងក៏បានបញ្ជាក់ជំហរជូនបណ្តាប្រទេសទាំងអស់ជាថ្មីផងដែរ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺកម្ពុជានៅតែច្បាស់លាស់ក្នុងការរៀបចំតាមការគ្រោងទុក ដោយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ក៏មានការរាប់ថយក្រោយ ៥០២ថ្ងៃ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងយ៉ាងអធិកអធម ក្រោមវត្តមានដ៏ខ្ពង់ខ្ពង់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
លោកថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក៏បានបង្ហាញនូវក្តីបារម្ភលើផ្នែកប្រព័ន្ធ (System) លើការចុះឈ្មោះ និងការប្រកួតជាដើម ដូច្នេះសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានជម្រាបជូនពួកគាត់ដែរថា សហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិ ជាអ្នករ៉ាប់រងជួយទាំងអស់លើផ្នែកបច្ចេកទេសប្រព័ន្ធនេះ លើដំណើរការនៃការចុះឈ្មោះ ការឲ្យពិន្ទុ ការកាត់សេចក្តីលើប្រព័ន្ធអេឡិចត្រូនិក។ ដូច្នេះ ការប្រកួតេក្វាន់ដូ ITF នៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា គឺគោរពតាមស្តង់ដារអន្តរជាតិ។ នៅក្នុងអំឡុងកិច្ចប្រជុំថ្ងៃនេះ ក៏ពង្រឹងការអភិវឌ្ឍនៅតាមប្រទេសរៀងៗខ្លួន ក៏ដូចជាបានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមក ដើម្បីឲ្យវិស័យកីឡាតេក្វាន់ដូនេះ ឈានដល់ស្តង់ដារមួយដូចនៅបណ្តាប្រទេសអឺរ៉ុបដែរ។
លោក បួនហ៊ីង សុធីយ៉ា បន្ថែមថា ប្រទេសដែលចូលរួមប្រកួត លើផ្នែកវិស័យកីឡាតេក្វាន់ដូ ITF ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ មាន៧ប្រទេសប៉ុណ្ណោះ រួមមានកម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី និងហ្វីលីពីន។ ITF កម្ពុជា បានដាក់គោលដៅដណ្តើមមេដាយមាសឲ្យបាន១៥គ្រឿង ដោយសារតែប្រភេទតេក្វាន់ដូ ITF កម្ពុជា កំពុងមានសក្តានុពលខ្លាំង ដោយកាលពីឆ្នាំ២០១៩ ក្នុងការប្រកួតជើងឯកពិភពលោក នៅប្រទសប៊ុលហ្គារី គឺកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១១ ក្នុងចំណោម៨៧ប្រទេស ហើយបើប្រៀបធៀបការប្រកួតទ្វីបអាស៊ី នៅប្រទេសម៉ុងហ្គោលី កាលពីឆ្នាំ២០១៨ គឺកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប្រទេសកូរ៉េខាងជើង។ ដូច្នេះ ការដាក់គោលដៅដណ្តើមមេដាយមាសឲ្យ១៥គ្រឿង របស់តេក្វាន់ដូ ITF កម្ពុជា នៅពេលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ មិនមែនជាឧបសគ្គធំពេកទេ ដោយសារកីឡាករ កីឡាការិនីជម្រើសជាតិ នៅតែអាចបន្តការហ្វឹកហាត់ជាប់ជាប្រចាំ ហើយឯកឧត្តម កែវ រ៉េមី តែងតែត្រួតពិនិត្យបច្ចេកទេសដោយផ្ទាល់ ក៏ដូចជាផ្តល់ការលើកទឹកចិត្ត ដើម្បីបន្តការអភិវឌ្ឍ ប្រជែងមេដាយឲ្យបានជោគជ័យ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣៕