រាជធានីភ្នំពេញ ៖ ទោះបីជាគម្រោងនៃការការពារ និងអភិរក្សជីវចម្រុះបាតសមុទ្រនៅមានកម្រិត ហើយអ្នកទេសចរដែលទៅផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៃជីវចម្រុះបាតសមុទ្រតំបន់កោះ តាងនៅតិចតួច ប៉ុន្តែអ្នកដែលបានទៅមើលដោយផ្ទាល់ភ្នែកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថា បាតសមុទ្រនៃតំបន់កោះតាងពោរពេញដោយជីវភាពចម្រុះដ៏ស្រស់ស្អាត ។
ស្ថិតនៅចម្ងាយប្រមាណជា៥០ទៅ៦០គីឡូម៉ែត្រពីដែនគោកនៃខេត្តព្រះសីហនុ តំបន់ កោះតាងបានបង្ហាញនូវទិដ្ឋភាពដ៏ស្រស់ត្រកាលកណ្តាលសមុទ្រ និងពោរពេញដោយភោគទ្រព្យធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធគួរឲ្យចង់ស្រូបនិងសម្រាកកម្សាន្ត ប៉ុន្តែមិននឹកស្មានថា នៅបាតសមុទ្រនៃតំបន់កោះតាង កាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើល ហើយព្រឺព្រួច និងរំភើបថែមទៀតនៅពេលដែលសម្រស់នៃផ្កាថ្ម និងជីវចម្រុះបានរំលេចខ្លួនព្រោងព្រាតបញ្ចេញពណ៌ចម្រុះស្រស់ បំព្រងមើលទៅគួរឲ្យត្រជាក់ចិត្តក្រៃលែង ។
មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការជួរមុខនៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រលោកឧត្តមនាវីឯកទៀ សុខា ដែលបានមើលឃើញផ្ទាល់ភ្នែក ថ្លែងឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃជីវចម្រុះបាតសមុទ្រនៅតំបន់កោះតាង ខេត្តព្រះសីហនុ ស្រស់ស្អាតណាស់មិនចាញ់ជីវចម្រុះក្នុងបាតសមុទ្រប្រទេសនានាលើសកលលោកនោះឡើយ ។ លោកបានសន្យាថា នឹងខិតខំថែរក្សាដោយយកចិត្តទុកដាក់នូវជីវចម្រុះបាតសមុទ្រនេះដើម្បីឈានទៅអភិរក្សនៅពេលខាងមុខសំដៅបម្រើផលប្រយោជន៍ប្រទេសជាតិ ។
លោកឧត្តមនាវីឯកទៀ សុខា បានអំពាវនាវដល់ប្រជានេសាទ និងប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមជួយការពារធនធានធម្មជាតិ និងបរិស្ថានរបស់កម្ពុជាយើងដើម្បីខ្លួនឯង ដើម្បីកូនចៅយើង និងដើម្បីប្រទេសជាតិយើងទាំងមូលផងដែរ ។
លោកទៀ សុខា បានប្តេជ្ញាចិត្តថានឹងការពារថែរក្សាធនធានធម្មជាតិបាតសមុទ្ររបស់កម្ពុជាយើងឲ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបានហើយនឹងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារអភិរក្សធនធានបាតសមុទ្រ និងគាំទ្រគម្រោងបង្កើតឧទ្យានជាតិបាតសមុទ្រ ដើម្បីទុកជាសម្បត្តិមរតកដល់ប្រជាពលរដ្ឋខ្មែរយើងជំនាន់ក្រោយបានស្គាល់និងទស្សនា ។ លោកទៀ សុខា បញ្ជាក់ថា បច្ចុប្បន្ននេះប្រជាពលរដ្ឋអាចអញ្ជើញទៅទស្សនាហ្វូងមច្ឆា ផ្កាថ្ម ស្មៅសមុទ្រ និងជីវចម្រុះក្នុងបាតសមុទ្រកោះតាងបានដោយសារមានក្រុមស្ម័គ្រចិត្តជំនាញជនជាតិខ្មែរ ថៃ និងអង់គ្លេស ដែលពួកគេសុទ្ធតែមានបទពិសោធន៍យូរឆ្នាំ និងជំនាញច្បាស់លាស់ពីបរទេសពីរបៀបបង្ហាត់បង្រៀនមុជចូលបាតសមុទ្រ ប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ ។
ទាក់ទងនឹងជីវចម្រុះបាតសមុទ្រនេះ អាជ្ញាធរខេត្តព្រះសីហនុ រួមជាមួយស្ថាប័នជលផលក៏បានប្រជុំជាបន្តបន្ទាប់ដើម្បីការពារ និងអភិរក្សផ្កាថ្ម និងជីវចម្រុះបាតសមុទ្រ បន្ទាប់ពីសកម្មភាពអភិវឌ្ឍវិស័យទេសចរណ៍ បានធ្វើឲ្យ ប៉ះពាល់យ៉ាងធ្ងន់ដល់ការរស់រានរបស់ពពួកផ្កាថ្មត្រូពិក ដែលអាចជាមូលហេតុធ្វើឲ្យមាន ការធ្លាក់ចុះនៃភាពទាក់ទាញសម្រាប់សកម្មភាពទេសចរណ៍ ព្រមទាំងជះឥទ្ធិពលអវិជ្ជមានចំពោះសក្តានុពលសេដ្ឋកិច្ចជាតិ ។
ទាំងអស់នេះ គឺដោយសារតែទម្លាប់នៃការធ្វើអាជីវកម្មគ្មាននិរន្តរភាពក្នុងតំបន់ផ្កាថ្មធ្វើឲ្យ វិនាសផុតពូជសត្វ និងរុក្ខជាតិដែលទំនងអាចឈានទៅរកការឈប់កកើតឡើងវិញនៃប្រព័ន្ធ អេកូឡូស៊ីផ្កាថ្មផងដែរ ៕