ខេត្តពោធិ៍សាត់៖ ខេត្តពោធិ៍សាត់ នឹងមានតំបន់ទេសចរណ៍ថ្មីមួយទៀត ដ៏ស្រស់ប្រណីតអាចទាក់ចិត្តអ្នកទេសចរទៅកម្សាន្ត គឺទឹកធ្លាក់សន្ទរ នៅតំបន់រាំងខ្វាវ ក្នុងភមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
នាពេល ថ្មីៗកន្លងមកលោកសំ ឃឹម ប្រធានមន្ទីរទេសចរណ៍ខេត្តឲ្យដឹងថា អាជ្ញាធរខេត្តរួមទាំងស្ថាប័នជំនាញទេសចរណ៍បាន និងកំពុងស្រាវជ្រាវដើម្បីរៀបចំហេដ្ឋារចនាសម្ពន្ធ័សំខាន់ផ្លូវទៅកាន់រមណីយដ្ឋានទឹកធ្លាក់ឆាយសន្ទរ ព្រោះរំលេចទៅដោយទេសភាពដ៏ស្រស់ត្រកាលដែលកម្រជួបប្រទះ ។ មានដើមឈើច្រើនប្រភេទដុះតម្រៀបគ្នាតាមរបៀបរៀបរយ ហើយមានទឹកហូរជ្រែកតាមចន្លោះគល់ឈើពណ៌ខៀវស្រងាត់ថ្លាឆ្លុះស្រមោល ចោលរស្មីភ្លឺផ្លេក មើលទៅត្រជាក់ភ្នែកធូរអារម្មណ៍ ។
លោកប្រធានមន្ទីរថ្លែងថា «ទឹកធ្លាក់ឆាយសន្ទរនៃតំបន់រាំងខ្វាវនោះស្អាតណាស់ ហើយអាចនិយាយឲ្យអស់ថា ស្អាតមែនទែនតែម្តង និងកម្រមាននៅក្នុងចំណោមរមណីយដ្ឋាន សំខាន់ៗ នៅកម្ពុជាយើង ។ វាកាន់តែទាក់ទាញថែមទៀតសម្រាប់ភ្ញៀវ ទេសចរណ៍បែបផ្សងព្រេង ព្រោះថា តំបន់នោះមិនគ្រាន់តែបង្ហាញនូវសម្រស់ធម្មជាតិដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កប់នូវរឿងរ៉ាវនៃប្រវត្តិសាស្ត្រថែមទៀត »។
លោកសំ ឃឹម ឲ្យដឹងថា តាមដឹងតំបន់នោះត្រូវបានរកឃើញតាំងពីសម័យបារាំង មកម្លេ៉ះ ហើយក៏ជាកន្លែងសម្រាកកម្សាន្តលំហែកាយរបស់ពួកគេថែមទៀត ។ នៅទីតាំងនោះបានរកឃើញបង្គោលខ្ពស់ដ៏ចំណាស់មួយ ដែលសង្ស័យថា ជាបង្គោលទង់ជាតិ តែកំពុងស្រាវជ្រាវនៅឡើយ ។
ទឹកធ្លាក់ឆាយសន្ទរ នៃតំបន់រាំងខ្វាវ ស្ថិតនៅចម្ងាយប្រមាណជាង៤០គីឡូវម៉ែត្រ ពីទីរួមស្រុកភ្នំក្រវាញ និងប្រមាណជា៦០គីឡូម៉ែត្រ ពីទីរួមស្រុកក្រគរនៃខេត្តពោធិ៍សាត់ ។ ប៉ុន្តែអ្វីដែលយើងមិនអាចធ្វើដំណើរដោយរលូនទៅកាន់តំបន់នោះបានដោយសារតែបញ្ហាផ្លូវដែលកំពុងតែសិក្សា និងរៀបចំនៅឡើយ ។
លោកប្រធានមន្ទីររំពឹងថា ក្នុងពេលដែលអាជ្ញាធរខេត្តរៀបចំហេដ្ឋារចនាសម្ពន្ធ័ សំខាន់ផ្លូវទៅកាន់តំបន់នោះរួចរាល់ហើយនោះ ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិច្រើននឹងទៅកាន់ទឹកធ្លាក់ស្វាយសន្ទរ តំបន់រាំងខ្វាវមិនខាន ហើយពួកគេនឹងភ្ញាក់ផ្អើលប្លែកអារម្មណ៍នឹងសម្រស់ធម្មជាតិ ប្លែកៗ ស្រស់ស្អាតដែលពួកគេមិននឹកស្មានដល់មិនខាន ។
តំបន់នោះអាចនឹងទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរបែបផ្សងព្រេងផងដែរ ហើយភាគច្រើនជាជនបរទេស ព្រោះមុននឹងទៅដល់ទឹកធ្លាក់ស្វាយសន្ទរតំបន់រាំងខ្វាវនោះ ពួកគេត្រូវចំណាយពេលវេលារហូតដល់៣យប់៣ថ្ងៃឯណោះ ខណៈដែលនៅទីនោះ មិនគ្រាន់តែជារមណីយដ្ឋានបម្រើឲ្យការលំហែសម្រាកកម្សាន្តនោះទេ តែក៏ជាតំបន់សម្រាប់ការស្រាវជ្រាវផងដែរ ៕