ខេត្តកំពង់ឆ្នាំង ៖ «ទឹកធ្លាក់អន្លង់ស្វាយ» គឺជារមណីយដ្ឋានធម្មជាតិមួយ ដែលត្រួវបានបង្កើតឱ្យមានសហគមន៍ ថែរក្សា ការពារ នៅឆ្នាំ២០០២ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានការអភិវឌ្ឍន៍ ឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទៅកំសាន្តនៅឡើយ។ បញ្ហាសំខាន់ គឺផ្លូវ សេវ៉ាកម្មសម្រាប់ភ្ញៀវ ដូចជាម្ហូបអាហារ ការរៀបចំឱ្យមានកន្លែងអង្គុយកំសាន្ត និងចំណតរថយន្ត-ម៉ូតូជាដើម ។
រមណីយដ្ឋានដ៏ស្រស់ស្អាតមួយនេះ ស្ថិតក្នុងភូមិដូងស្លា ឃុំក្បាលទឹក ស្រុកទឹកផុស មានចម្ងាយជាង៧០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង។
ប្រធានសហគមន៍ទេសរណ៍ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ លោក នុត ហេង នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា សហគមន៍ទេសចរណ៍បានកើតឡើងនៅឆ្នាំ២០០២ ដែលមានប្រជាពលរដ្ឋ៤ភូមិជាសមាជិក គឺមានភូមិដូងស្លា ភូមិតាំងខ្សាច់ ភូមិមោង និងភូមិក្រសាំងដុះឡើង ។ កន្លងទៅ អាជ្ញាធរឃុំ បានចំណាយប្រាក់បដិភាគរបស់ឃុំ ជួសជុលផ្លូវលំប្រវែងជាង៤គីឡូម៉ែត ពីផ្លូវជាតិមកកាន់តំបន់ទឹកធ្លាក់អន្លង់ស្វាយ ដើម្បីជួយសម្រួលការធ្វើដំណើរទៅលេងកម្សាន្តរបស់ភ្ញៀវទេសចរណ៍ ។
ដោយឡែកកន្លងមក ក៏មានអង្គការមួយចំនួនបានជួយឧបត្ថម្ភថវិការភ្ជាប់ប្រព័ន្ធទុយោទឹកពីចង្កេះភ្នំឱរ៉ាល់ មកកាន់ភូមិដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋចំនួន៣ភូមិមានទឹកប្រើប្រាស់គ្រប់គ្រាន់នៅរដូវប្រាំងនិងរដូវវស្សា និងបានជួយកសាងទីស្នាក់ការសហគមន៍ និងបានជួយកសាងបន្ទប់ទឹកមួយចំនួន នៅលើទីតាំងកំសាន្តតំបន់ទឹកធ្លាក់អន្លង់ស្វាយ នេះផងដែរ ។
ប្រធានសហគមន៍ រូបនោះបន្តថា កន្លងមក ដោយសារមានភ្ញៀវទេសចរណ៍មកលេងកំសាន្តតិចតួច គួបផ្សំនឹងមានជំងឺកូវីដ-១៩ ផងនោះ សហគមន៍ពុំមានចំណូលកសាងខ្យូស សម្រាប់ភ្ញៀវអង្គុយលេងឡើយ ។ ចំពោះសេវាកម្មលក់ដូរចំណីអាហារវិញ សហគមន៍ក៏មិនទាន់រកបានដៃគូវិនិយោគបាននៅឡើយ ។ ហេតុនេះហើយ សហគមន៍សូមសំណូមពរដល់អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ សប្បុរស ឬក្រុមហ៊ុនវិនិយោគ មេត្តាជួយសហការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងទីតាំងតំបន់ទឹកធ្លាក់អន្លង់ស្វាយ ដើម្បីបម្រើសេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍ ដែលបានមកលេងកំសាន្ត ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋ ដែលបានមកលេងកំសាន្ត ទឹកធ្លាក់អន្លង់ស្វាយ នៅថ្ងៃអាទិត្យនេះថា ពួកគាត់ធ្លាប់បានមកលេងកំសាន្តនៅទីនេះម្តងហើយ កាលពី៣ឆ្នាំមុន ។ ប៉ុន្តែថ្ងៃនេះ គឺ៣ឆ្នាំក្រោយ នៅទីនេះពុំមានឃើញអ្វីប្លែកឡើយ គឺនៅតែដដែលដូចជាគ្មានឃើញការអភិវឌ្ឍន៍អ្វីសោះ គ្រាន់តែបានផ្លូវចូលស្រួលជាមុនបន្តិចប៉ុណ្ណោះ ។
ពួកគាត់បានបញ្ជាក់ថា៖ តាមពិតទៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ ពិតជាមានធម្មជាតិស្រស់បំព្រងណាស់ មានព្រៃភ្នំ មានអន្លុងទឹកធ្លាក់ជាច្រើនកន្លែង មានម្លប់ឈើ គ្របលើថ្មដាធំៗ ដែលអាចឱ្យភ្ញៀវ អង្គុយលេងកំសាន្តបាន ព្រមជាមួយគ្នានេះ ក៏មានទឹកធ្លាក់ថ្លាដូចកញ្ចក់ មើលឃើញដល់បាតដី ។ ទិដ្ឋភាពដ៏ល្អត្រកាលបែបនេះ គួរតែអាជ្ញាធរមូលដ្ឋាន និងសហគមន៍ រកដៃគូ មកធ្វើការអភិវឌ្ឍន៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្ត ដើម្បីមានចំណូលដល់សហគមន៍ និងប្រជាពលរដ្ឋក្នុងតំបន់នោះផងដែរ៕