ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអំពាវនាវឲ្យពលរដ្ឋរួសរាន់ធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ ជាដើម សម្រាប់ទុកបរិភោគប្រចាំឆ្នាំ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃ១២ ខែធ្នូ បានលើកឡើងថា រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់ សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវនេសាទឆ្នាំ២០២១-២០២២នេះ បន្ទាប់ពីបានធ្វើការសង្កេតតាមដានកម្ពស់ទឹក ដែលហូរចេញពីបឹងទន្លេសាប ពិនិត្យឃើញថា គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ អាចនេសាទត្រីបានច្រើននៅក្នុងខែមិគសិរនេះ នៅថ្ងៃ៨កើត ដល់ថ្ងៃ១២កើត ត្រូវនឹងថ្ងៃទី១២ រហូត ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ ។
ក្រសួងថា យោងលើស្ថានភាពដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផល សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានបំណងដូចជា ការធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ ជាដើម សម្រាប់ទុកបរិភោគប្រចាំឆ្នាំ សូមមេត្តាអញ្ជើញមកទិញត្រីឱ្យបានរួសរាន់ តាមពេលវេលា និងទីកន្លែងដូចខាងលើ ។
ទន្ទឹមនឹងនេះ រដ្ឋបាលជលផល សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រីបានដោយរលូនតាមការគួរ ។
ជាមួយគ្នានេះដែរ រដ្ឋបាលជលផល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាលអំពីវិធានការការពារមេរោគកូវីដ-១៩ ៕