ខេត្តមណ្ឌលគិរី ៖ ក្នុងន័យបង្កើតឲ្យមានចម្រុះភាពនៃតំបន់កំសាន្តប្លែកៗ នាពេលឆាប់ៗខាងមុខនេះ ខេត្ត មណ្ឌលគីរី ទឹកដីពោរពេញដោយសម្រស់ធម្មជាតិ និងមានរហស្សនាមខេត្តសមុទ្រឈើនោះ នឹងមានផលិតផលទេសចរណ៍ថ្មីមួយទៀត ប្រកបដោយសក្តានុពលនោះ គឺរមណីយដ្ឋាន «សមុទ្រឈើ» ដែលមានទីតាំងស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែន មនោរម្យ ខាងលិចបន្តិចពីកន្លែងទស្សនាទេសភាពសមុទ្រឈើ។
តាមការគ្រោងទុក រមណីយដ្ឋានសមុទ្រឈើនឹងបើកដំណើរការជាផ្លូវការនៅអំឡុងចុងឆ្នាំ២០២០ ឈានចូលឆ្នាំ២០២១ ខាងមុខ ។ លោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍នាឱកាសចុះត្រួតពិនិត្យស្ថានភាពវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១០ ឧសភា បានថ្លែងស្វាគមន៍វត្តមានរបស់ «រមណីយដ្ឋានសមុទ្រឈើ» ដែលកំពុងរៀបចំបង្កើតថ្មី ព្រមទាំងបានសាទរនិងណែនាំឱ្យមានការគិតគូរពីសុវត្ថិភាពសុខភាព ស្របពេលផ្ទៃក្នុងប្រទេសកំពុងបន្តវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ។
ចំណែកលោក ជុំ វីរៈ ម្ចាស់រមណីយដ្ឋានសមុទ្រឈើបានថ្លែងឱ្យដឹងថា រមណីយដ្ឋានទេសចរណ៍របស់គាត់ក្រៅពីមានរៀបចំកន្លែងស្នាក់នៅច្រើនប្រភេទ ពួកគាត់ក៏កំពុងរៀបចំឱ្យមានសួនសត្វស្លាបចម្រុះ ដូចជា សត្វអូទ្រីស ឥន្ទ្រីយ ក្ងោក (មយូរា) ជាដើម ដើម្បីទាក់ទាញការ ចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងនោះផងដែរ ក៏មានការរៀបចំឱ្យមានស្ពានសាងស្នេហ៍ សួនកម្សាន្តសម្រាប់កុមារ ហាងលក់ កាហ្វេ-ភេសជ្ជៈដែលច្នៃធ្វើដោយឫស្សី ភោជនីយដ្ឋាន សាលប្រជុំ កន្លែងហាត់ប្រាណ កន្លែងស្ទីម-សូណា ស្កាយបារនៅជាន់លើបំផុត ផ្លូវសម្រាប់ជិះកង់ទេសចរណ៍ សួនបន្លែ សម្រាប់ភ្ញៀវទេសចរចូលបេះ ឬកាត់ដោយខ្លួនឯងជាដើម។
ប៉ុន្តែអ្វីជាការចាប់អារម្មណ៍បំផុតនោះ គឺរមណីយដ្ឋានសមុទ្រឈើ បានអភិរក្សទុកនូវដើមឈើធំៗខ្ពស់ស្កឹមស្កៃ និងរៀបចំឱ្យមាន រានសម្រាប់ភ្ញៀវទេសចរអង្គុយលេងកម្សាន្ត គយគន់ទេសភាពនៅក្រោមដើមឈើទាំងនោះថែមទៀត ។ ដោយឡែក ក៏មានរៀបចំឱ្យមានកន្លែងហាត់ យោគៈ (Yoga) បំប៉នសុខភាព ជាមួយនឹង ការស្រងក្លែបក្លិនគន្ធាបុប្ផាព្រៃភ្នំកៀក ស្និទ្ធនឹង ធម្មជាតិ ។
ភ្ញៀវទេសចរអាចគយគន់ ទស្សនា ទិដ្ឋភាពនាពេលអរុណោទ័យ និងរៀបអស្ដង្គតផងដែរ ទោះបីគេឈរនៅជ្រុងណាក៏អាចមើលឃើញស្អាតដែរ។ ចំណែកនៅរដូវវស្សាមានភ្លៀងធ្លាក់វិញ នៅតាមអូរមានទឹកអូរហូរជាថ្នាក់ៗចំនួន៣ថ្នាក់ ដែលបង្កើតឱ្យមានទេសភាព កាន់តែពិសេសជាចំណីចក្ខុដ៏ប្លែក ៕