ខេត្តស្ទឹងត្រែង ៖ តើអ្នកដឹងពីសក្តានុពលកោះហានមានអ្វីខ្លះ ដែលជក់ចិត្តដិតអារម្មណ៍ ? ជាពិសេសគូស្នេហ៍វ័យក្មេង វ័យចំណាស់កាន់តែមនោរម្យនិងអស់ក្តីកង្វល់ ។ តោះទៅស្គាល់ ទាំងអស់គ្នានៅឯតំបន់រ៉ាមសារដែលសម្បូរទៅដោយជីវចម្រុះធម្មជាតិជាច្រើននាំឱ្យអារម្មណ៍ប្លែកស្រស់ស្រាយគួរជាទីមនោរម្យនិងគួរឱ្យគយគន់យ៉ាងរំភើប ។
ប្រសិនបើគេចង់ទៅដល់កោះហាន គេអាចចេញពីទីប្រជុំជនខេត្តស្ទឹងត្រែង ឆ្លងកាត់ស្ពានសេកុងចម្ងាយ២៤គីឡូម៉ែត្រ ឆ្ពោះទៅទិសខាងកើត ដល់ចំណុចវាលព្រីងជាប់នឹងផ្លូវជាតិលេខ៧សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងមានស្លាកសញ្ញាមួយដាក់ថា រមណីយដ្ឋានសម្រស់កោះហានហើយ។ យើងត្រូវចូលទៅតាមផ្លូវលំនោះប្រមាណជា៤គីឡូម៉ែត្រ ទើបទៅដល់កន្លែងឈប់សម្រាក។ បន្ទាប់មកយើងបន្តជិះទូកដើម្បីស្វែងរកកោះណាមួយ ដែលអ្នកពេញចិត្តសម្រាកកម្សាន្តលំហែកាយ ។
អ្នកដំណើរកម្សាន្តមកពីខេត្តស្ទឹងត្រែង លោក ផាត តូមី បានរៀបរាប់អំពីសក្តានុពលនៅលើកោះហាននោះថា រមណីយដ្ឋានសម្រស់កោះហាន ជាកោះមួយដែលស្ថិតក្នុងតំបន់រ៉ាមសារ នៃខេត្តស្ទឹងត្រែងមានចម្ងាយ២០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង តំបន់នោះមានការទាក់ទាញថ្លាក្នុងអារម្មណ៍ ។
ពេលថ្ងៃយើងអាចជិះទូកមើលព្រៃលិចទឹកនិងហ្វូងសត្វស្លាប ។ ជិះទូកកៃយ៉ាកតាមព្រៃលិចទឹក ពេលយប់បោះតង់លើវាលខ្សាច់ ដោយមានភ្នក់ភ្លើងដុតត្រីស្រស់ៗ ស្តាប់សំឡេងសត្វ ដ៏ស្រងេះស្រងោច ។ វាជាតំបន់រ៉ាមសារដែលមានសក្តានុពល សម្បូរទៅដោយធនធានធម្មជាតិ រួមមានព្រៃលិចទឹក ដែលជាជម្រកដ៏សំខាន់សម្រាប់ពពួកត្រីមេពូជធំៗផងដែរ ។
អ្នកដំណើរកម្សាន្តម្នាក់ទៀតលោក សេង សុធា ក៏បានលើកឡើងដែរថា សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន គឺស្ថិតក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ។ នៅទីនោះយើងអាចជិះទូកមើលព្រៃលិចទឹក សត្វស្លាប ទឹកទន្លេមេគង្គ និងឡើងភ្នំ ទស្សនារូបសំណាកថ្មពាក់ព័ន្ធរឿងព្រេង យើងបោះតង់មើលថ្ងៃលិច និងជិះទូកកៃយ៉ាក់ ពិសារអាហារប្រចាំតំបន់ ដែលរៀបចំដោយសហគមន៍ផ្ទាល់ ។ លោកបន្តថា នៅទីនោះក៏មានផ្ទះស្នាក់របស់សហគមន៍ និងមើលពីការរៀនសូត្រ ជីវភាពអ្នករស់នៅលើកោះផងដែរ ។
ជាងនេះលោកបានរៀបរាប់អំពី តម្លៃសេវាហូបចុក ដែលមានសរសេរផ្លាកសម្រាប់កត់សម្គាល់ ដូចជាម្ហូបអាហារពីរមុខសម្រាប់មនុស្សម្នាក់ចំណាយត្រឹម១២.០០០រៀល ផ្ទះស្នាក់សហគមន៍ចំណាយត្រឹម១២.០០០រៀលក្នុងមួយយប់ ។
សម្រាប់សេវាអ្នកនាំភ្ញៀវ២០.០០០រៀលក្នុងមួយថ្ងៃ ជួលកង់សម្រាប់ជិះលើកោះចំណាយត្រឹម៨.០០០រៀលក្នុងមួយថ្ងៃ ។ រីឯការជួលតង់បោះលើកោះថ្លៃ សេវា៤០.០០០រៀលសម្រាប់តង់មួយក្នុងមួយយប់ ។ នៅទីនោះក៏មានសន្តិសុខសណ្ដាប់ធ្នាប់បរិស្ថាន និងអនាម័យល្អផងដែរ គ្មានរឿងភ័យខ្លាចឡើយ ៕