ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នៅមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ អំពីយុទ្ធសាស្ត្រជាតិជនពិការភាព និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការភាពខេត្តប៉ៃលិន ២០១៩-២០២៣ ក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុកផងដែរ។
បន្ទាប់ពី លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន បានអាននូវពង្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តប៉ៃលិនរួចមក ។
លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានប្រសាសន៍ថា ៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យពិការភាព ជាការងារអាទិភាពមួយក្នុងវិស័យអាទិភាពដទៃទៀត។ ដោយបានកំណត់ក្នុង យុទ្ធសាស្រ្តចតុកោណអំពីការអនុវត្តគោលនយោបាយពិការភាព តាមរយៈការបង្កើតក្រប ខណ្ឌជាតិគាំពារសង្គម ពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ។ ជាមួយគ្នានោះរដ្ឋបាល ខេត្តបានជំរុញ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ជនពិការភាព តាមរយៈការអនុវត្តសកម្មភាពនានាសំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនការងារ និងអាជីពសមស្របសម្រាប់ជនពិការភាព បានចូលបំពេញការងារតាមវិស័យឯកជននានាផងដែរ ។ ជាពិសេសបានយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសុខភាពប្រកបដោយគុណភាព សមភាព ព្រមទាំងការស្តារលទ្ធភាពពលកម្មកាយសម្បទា និងសតិបញ្ញា ហើយបានបង្កើនកិច្ចអន្តរាគមន៍សេវាយុត្តិធម៌ ដើម្បីកាត់បន្ថយ និងឈានទៅរកការលុបបំបាត់ការរើសអើង រំលោភបំពាន ការប្រមាថ និងការកេងប្រវ័ញ្ចពលកម្មមកលើជនមានពិការភាព ។
ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា ផែនការយុទ្ធសាស្រ្តជាតិស្តីពីជនពិការភាព ២០១៩-២០២៣គឺផ្តោតទៅលើការងារ និង សន្តិសុខសេដ្ឋកិច្ច សេវាសុខភាព និងស្តារលទ្ធភាពពលកម្ម ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងបង្កភាពងាយស្រួលការចូលរូមដោយសមភាព សេវាយុត្តិធម៌ និងសិទ្ធិសេរីភាព សមភាពយេនឌ័រ ការកាត់បន្ថយ និងផលប៉ះពាល់ដោយគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ។
ឯកឧត្តមក៏បានបន្ថែមទៀតថា ដើម្បីឈានទៅសម្រេចបាននូវលទ្ធផលតាមផែនការយុទ្ធសាស្រ្តខាងលើ សូមគ្រប់អង្គភាព ទាំងអស់យកចិត្តទុកដាក់ក្នុងការសហការ និងអនុវត្តន៍តាមលិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងវិស័យពិការភាពសំដៅបានធ្វើឱ្យសិទ្ធិក្លាយជាការពិត និង តម្លាភាព។ ឯកឧត្តមអគ្គលេខាធិការរង ក៏បានជំរុញឱ្យសិក្ខាកាមពាក់ព័ន្ធទាំងអស់ ពង្រឹងនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព និងបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការថ្ងៃនេះ គឺជាកាលានុវត្តភាពថ្មីមួយទៀតសម្រាប់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តប៉ៃលិន ក្នុងការពង្រីកនូវចំណេះដឹងឱ្យក្លាយទៅជាអ្នកអនុវត្តន៍ប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងបន្តធ្វើការផ្សព្វផ្សាយ ចែករំលែកនូវបទពិសោធន៍ បន្តទាក់ទងនឹងផែនការយុទ្ធសាស្ត្រជាតិ សំដៅលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងការអនុវត្តអនុសញ្ញាឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅចម្បង គឺបម្រើផលប្រយោជន៍បងប្អូនជនពិការ ៕