ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមានបើកកិច្ចប្រជុំស្តីពីការអនុវត្តកម្មវិធីគោលនយោបាយ ក្នុងការជួសជុលនិងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត អនាម័យជនបទដំណាក់កាលទី៣ ដោយមានការអញ្ជើញចូលរួមពី លោក ហែម ឬទ្ធី អភិបាលរងខេត្ត្តប៉ៃលិន លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកនិងជានាយកគម្រោង ព្រមទាំងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ អស់លោក-លោកស្រី អភិបាលរងក្រុង-ស្រុក និងក្រុមការងារបច្ចេកទេស ។
លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន និងជាប្រធានក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត បានមានប្រសាសន៍ថា៖ ការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ នៅពេលនេះពិតជាមានសារៈសំខាន់ណាស់ ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ និងការអនុវត្ត ផែនការយុទ្ធ សាស្រ្តនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបង្កើនសមត្ថ ភាពបន្ថែមទៀត។ ជាមួយគ្នានោះគោលនយោបាយនិងយុទ្ធសាស្ត្រក្នុងការដោះស្រាយ ផ្សព្វផ្សាយអោយបានផុលផុស សំដៅលើការអនុវត្តផែនការនិង គ្រប់គ្រង ទឹក បង្កើតគុណ ភាព ទឹក គ្រប់គ្រង សំណល់ រាវ ទប់ស្កាត់ការកង្វះ ខាត ទឹក ព្រមទាំងការ ប្រើប្រាស់ ទឹក អោយបានគ្រប់គ្រាន់ ប្រកបដោយ ចីរភាព ជាពិសេសបង្កើន ការកសាងបង្គន់ អនាម័យ ជូនដល់បងប្អូនប្រជាពលរដ្ឋអោយប្រើប្រាស់គ្រប់ៗគ្នា សំដៅកុំ អោយមានការ បន្ទោរបង់ពាសវាលពាសកាលគ្មានអនាម័យ គឺត្រូវថែទាំអនាម័យជា ប្រចាំដើម្បីសុខភាពល្អ ទាំងអស់គ្នា ស្របតាមគោលការរួមគ្នាលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ។ លោកអភិបាលរងខេត្តបានគូសបញ្ជាក់ផងដែរថា៖ បច្ចុប្បន្ននៅទូទាំងខេត្តប៉ៃលិនមានទឹកស្អាតប្រើប្រាស់ប្រមាណ ៧០ភាគរយ ហើយបង្គន់អនាម័យប្រមាណ ៨០ភាគរយផងដែរ។
លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកនិងជានាយកគម្រោងបានមានប្រសាសន៍ថា៖ កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ ព្រោះវាបានផ្ដល់ឱកាស ឲ្យភាគីពាក់ព័ន្ធ អាជ្ញាធរខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍នានា បានជួបពិភាក្សា ចែករំលែកបទពិសោធន៍ ផ្លាស់ប្ដូរទស្សនៈ គំនិតយោបល់ ក្នុងការស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីសំរេចឲ្យបាននូវគោលដៅផែនការ សកម្មភាពខេត្ត ស្ដីពីការ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ របស់រាជរដ្ឋាភិបាលកម្ពុជា និងឈានទៅសំរេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកបានបន្តទៀតថា ស្ថានភាពអនាម័យជនបទជាបញ្ហាប្រឈមដ៏ធំមួយ ក្នុងវិស័យសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅសហគមន៍ លើការប្រតិបត្តិអនាម័យឲ្យបានជាប្រចាំ ដើម្បីឈានទៅរកធ្វើការផ្លាស់ប្តូរទម្លាប់ពីការរស់នៅគ្មានអនាម័យ ឲ្យក្លាយទៅជាការរស់នៅមានអនាម័យ ដើម្បីលើកកម្ពស់វិស័យ សុខភាពសាធារណៈ និងជីវភាពរស់នៅ របស់ពួកគាត់ឲ្យមានភាពប្រសើរឡើង នៅតាមសហគមន៍ជនបទ និងដោយការផ្លាស់ប្ដូរងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់ជាប្រចាំ ពិតជាបានរួមចំណែក ក្នុងការលើកកម្ពស់អនាម័យ នៅក្នុងសហគមន៍ ព្រមទាំងជៀសបាន នូវការឆ្លងរីករាលនៃជំងឺនានា ៕