ខេត្តរតនាគិរី ៖ ខេត្តនេះ គឺជាតំបន់ដែលសំបូររតនសម្បត្តិធម្មជាតិ ប្រកបដោយភាពស្រស់បំព្រង ហើយក៏ជាភូមិកំណើតនៃជនជាតិដើមភាគតិចជាច្រើនអំបូរផងដែរ ដូចជា៖ ជនជាតិទំពួន ចារ៉ាយ គ្រឹង ព្រៅ កាវែត កាចក់ ព្នងនិងលន់ ។
ខេត្តរតនគិរីមានក្រុងមួយគឺក្រុងបានលុង និងស្រុកចំនួន៨ មានស្រុកអូរជុំ វ៉ើនសៃ តាវែង កូនមុំ លំផាត់ បរកែវ អណ្តូងមាស និងស្រុកអូរយ៉ាដាវ ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកទស្សនា និងឈ្វេងយល់ដោយផ្ទាស់នូវទំនៀមទម្លាប់ប្រពៃណីរស់នៅប្រចាំថ្ងៃ ការគោរពបូជា និងជំនឿ ផ្សេងៗទៅតាមអំបូរនៃជនជាតិភាគតិចរៀងខ្លួនបានទៀតផង់ ។
ក្រុងបានលុង ជាទីរួមខេត្តរតនគិរី ស្ថិតនៅលើតំបន់ខ្ពុងរាបព័ទ្ធជុំវិញដោយភ្នំ ជ្រលងភ្នំ ទឹកធ្លាក់និងបឹងធម្មជាតិ ដែលក្លាយមកពីបន្ទុះច្រើនសតវត្សមកហើយ ។
នៅទីនោះរមណីយដ្ឋានទឹកជ្រោះកាចាញ ស្ថិតនៅក្នុងភូមិ២ សង្កាត់កាចាញ ក្រុងបានលុងខេត្តរតនគិរី មានចំងាយប្រមាណ៦គីឡូម៉ែត្រពីក្រុងបានលុង(ទីរួមខេត្ត) ។ វាជារមណីយដ្ឋានធម្មជាតិដ៍ស្រស់តរកាលមួយ តែងតែទាក់ទាញភ្នែកទេសចរ គ្រប់ៗរូបឱ្យទៅទស្សនាកម្សាន្តលំហែរកាយនៅទីនោះ ។
ទឹកធ្លាក់កាចាញនោះកណ្តាលព្រៃភ្នំភ្ជាប់ដោយអូរ និងចំការកៅស៑ូនៅតាមដងផ្លូវធ្វើដំណើរទៅកាន់ទីនោះ ។ ភ្ញៀវទេសចរធ្វើដំណើរតាមយានយន្តគ្រប់ប្រភេទដោយសុវត្ថិភាព ដែលមានផ្លូវអភិវឌ្ឍចាក់ក្រាល់កៅស៑ូតភ្ជាប់ពីក្រុងបានលុងដល់ទីនោះរួចជាស្រេច ។
ដើម្បីគយគន់សម្រសដ៏ត្រកាលនៃទឹកធ្លាក់នេះឱ្យកាន់តែប្លែកភ្នែកទៀតនោះ អ្នកទេសចរជាតិ និងអន្តរជាតិទាំងអស់ អាចចុះតាមកាំជណ្តើរឈើប្រមាណ៧២កាំទៅក្រោម ឬដើរកម្សាន្តតាមស្ពានយោលដែលលាតសន្ធឹងចំពីមុខចរន្តទឹកធ្លាក់ ។
ទិដ្ឋភាពខាងក្រោមនោះ មានដើមឈើ ធំៗដែលផ្តល់ជាម្លប់ត្រជាក់ដល់ការអង្គុយសម្រាកលេង ឬហូបចុកអាហារបានយ៉ាងស្រួលត្រជាក់ចិត្តទៀតផង ។ ចំណែកនៅខាងលើក្បែរចំណុចទឹកធ្លាក់នោះ ក៏មានទីធ្លាចតយានយន្តផ្លាស់ប្តូរសលៀកបំពាក់បែបជនជាតិរាំលេងកម្សាន្តផ្ទះនិមិត្តរូបកូនកំលោះក្រមុំ និងកន្លែងអារហារដ្ឋានលក់ដូរចំណីអាហារភេសជ្ជៈរួមទាំងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ផ្សេងៗសម្រាប់ទេសចរជាតិ និងអន្តរជាតិដែលទៅកម្សាន្តនៅទីនោះផងដែរ ។
ចំណីអាហារ និងវត្ថុអនុស្សាវរីយទាំងនោះ ផលិតដោយដៃមានសម្លៀកបំពាក់តាមបែបប្រពៃណីបងប្អូនជនជាតិដើមភាគតិច មានតម្លៃសមរម្យ និងប្រកបដោយផាសុខភាពសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលមានការណែនាំពីក្រុមការងាររបស់មន្ទីរទេសចរណ៍ជាប្រចាំផងដែរ និងមានភ្ញៀវជាតិអន្តរជាតិកើនឡើងជាលំដាប់ ៕