រាជធានីភ្នំពេញ ៖ ទីបំផុត កីឡាករឡុង ខេត្ត មកពីក្លិបខ្លារខិន បានធ្វើឱ្យកីឡាករពុទ្ធ ម៉ាណូយ មកពីក្លិបពុទ្ធសេរីវង្ស បាត់បង់ឱកាសដណ្ដើមប្រាក់លានខារ៉ាបាវទាល់តែបាន ខណៈយ៉ន ពិសី ក្លិបសាលវ័ន្តកីឡា ត្រូវបានចៅក្រមទាំង៥រូប ប្រកាសឱ្យចាញ់អេ ណារ័ត្ន ដោយពិន្ទុដាច់តែម្ដង សម្រាប់ការប្រកួតនៅលើសង្វៀនស៊ីអិនស៊ី កាលពីថ្ងៃសៅរ៍ ទី៦ វិច្ឆិកា។
គូប្រកួតដណ្ដើមប្រាក់លានរវាងកីឡាករឡុង ខេត្ត និងកីឡាករពុទ្ធ ម៉ាណូយ លើកនេះបានធ្វើឱ្យអ្នកតាមការប្រកួតតាមកញ្ចក់ទូរទស្សន៍មានការចាប់អារម្មណ៍ខ្លាំងមែនទែន ជាពិសេសស្នៀតកណ្ដាប់ដៃឡុង ខេត្ត បានម៉ាត់ចូលមុខពុទ្ធ ម៉ាណូយ ពេញៗចាប់តាំងពីទឹកទី១រហូតដល់ទឹកទី៥តែម្ដង ។ គូនេះគ្រាន់តែបើកឆាកប្រកួតទឹកទី១ ភ្លាមគេមិនបង្អង់ទុកយូឡើយ បានសម្រុករកគ្នាទាត់និងម៉ាត់យ៉ាងសាហា.វបំផុត។
ពុទ្ធ ម៉ាណូយ ដែលមានប្រៀបខាងកម្ពស់ជាងនោះ បានព្យាយាមបញ្ចេញស្នៀតជើងទាត់សន្ធាប់ទៅលើឡុង ខេត្ត ប៉ុន្តែឡុង ខេត្តនៅតែដើរចូលបញ្ជូនស្នៀតកណ្ដាប់ដៃម៉ាត់បកសងមកវិញ ចូលមុខពេញៗ មិនតែប៉ុណ្ណោះឡុង ខេត្ត បានវាយរុញច្រានឱ្យពុទ្ធ ម៉ាណូយ រត់ដកថយអែបខ្សែរេញជាញឹកញាប់ទៀតផង ។ ម្យ៉ាងវិញទៀត ឡុង ខេត្ត ទោះបីជាគេចាញ់ប្រៀបខាងកម្ពស់ជាងបន្តិចមែន តែបើនិយាយពីចិត្តវិញសឿងខ្លាំងណាស់ ។ ការប្រកួត៥ទឹកពេញគេនៅតែសម្រុករហូត ។ ពុទ្ធ ម៉ាណូយ ត្រូវបានគណៈកម្មការប្រកួតប្រកាសលទ្ធផលឱ្យចាញ់ពិន្ទុ ហើយគេពិតជាមានការសោកស្ដាយខ្លាំងណាស់ចំពោះការបាត់បង់ឱកាសដណ្ដើមយកប្រាក់លានលើកនេះ។
ចំណែកយ៉ន ពិសី ក៏មិនខុសពីពុទ្ធ ម៉ាណូយ ប៉ុន្មានដែរ គេក៏ត្រូវបានគណៈកម្មការប្រកួតប្រកាសលទ្ធផលឱ្យចាញ់ពិន្ទុអេ ណារ័ត្នមកពីសមាគមកីឡាប្រដាល់ក្រសួងកសិកម្មដាច់ទាំង៥ទឹកតែម្ដង ធ្វើឱ្យរបូតបាត់ប្រាក់លានពីក្នុងដៃ ។ គូនេះក៏មិនធម្មតានោះដែរ ពួកគេបានវាយសម្រុករកគ្នាចាប់តាំងពីទឹកទី១រហូតមក ។ គូនេះអត់ប្រើស្នៀតកែសោះគិតតែពីម៉ាត់និងទាត់ដូចគ្នា ។
ទោះជាយ៉ាងណា អេ ណារ័ត្ន ត្រូវបានលោកអាជ្ញាកណ្ដាលធ្វើការព្រមាន២លើក ដោយសារតែវាយបំពានបុកជង្គង់ចូលប្រដាប់ការពារ ។ ប៉ុន្តែការប្រកួត៣ទឹកចុងក្រោយនេះអេ ណារ័ត្ន នៅតែមានប្រៀបជាងធ្វើឱ្យគេមានឱកាសយកឈ្នះពិន្ទុនិងក្លាយជាម្ចាស់ប្រាក់លានទាល់តែបាន។
ដោយឡែកគូប្រកួតដណ្ដើមប្រាក់២លានរៀលពីភេសជ្ជះគោជល់ រវាងកីឡាករនូវ ដារ៉ូ មកពីក្លិបគុជសារសមានរិទ្ធ ជាមួយកីឡាករឡុង ជិនក្លិបខ្លារខិនមានរិទ្ធ នៅលើសង្វៀនស៊ីអិនស៊ី ថ្ងៃសៅរ៍នេះដែរ លើកនេះក៏ធ្វើឱ្យអ្នកតាមដានការប្រកួតចាប់អារម្មណ៍ខ្លាំងណាស់ដែរព្រោះអីទាំងសងខាងសុទ្ធតែមានមហិច្ឆិតារៀងៗខ្លួនចង់ក្លាយជាម្ចាស់ប្រាក់លានលើកនេះ ។ ប៉ុន្តែកីឡាករនូវ ដារ៉ូ ធ្វើមិនបានល្អទាល់តែសោះ គេមានការខកចិត្តយ៉ាងខ្លាំក្រោយពីបញ្ចប់ការប្រកួត៥ទឹកពេញត្រូវបានគណៈកម្មការប្រកួតប្រកាសឱ្យចាញ់ពិន្ទុឡុង ជិន៕