ខេត្តសៀមរាប ៖ «ជីក្រែង» គឺជាស្រុកមួយរបស់ខេត្តសៀមរាប ដែលមានចម្ងាយពីទីរួមក្រុងសៀមរាប ជាង៦០គីឡូម៉ែត្រ ត្រូវបានបង្កើតតំបន់ទេសចរណ៍ថ្មី២កន្លែងផ្សេងទៀត គឺរមណីយដ្ឋាន «ទឹកធ្លាក់ចំកាដូងអូររមាស» និងរមណីយដ្ឋាន «ទំនប់ខ្សាក» បន្ទាប់ពីរមណីយដ្ឋាន «ទំនប់ម្កាក់» ។
ថ្វីត្បិតរមណីយដ្ឋានទឹកធ្លាក់ «ចំការដូងអូររមាស» និង «ទំនប់ខ្សាក» ជាតំបន់អភិវឧ្បន៍ទេសចរណ៍អេកូឡូស៊ីថ្មី ប៉ុន្តែគេសង្កេតឃើញថា មានភ្ញៀវទេសចរណ៍ក្នុងស្រុកជាច្រើនទៅកម្សាន្ដនៅទីនោះ ដោយភ្ញៀវទេសចរខ្លះបានទៅសំរាកទទួលទានអាហារថ្ងៃត្រង់នៅរមណីដ្ឋានទឹកធ្លាក់ «ចំការដូងអូររមាស» នាពេលថ្ងៃ ឯពេលល្ងាចពួកគេប្ដូរទៅលំហែកាយនៅខ្នង «ទំនប់ខ្សាក» ជាទីដែលអាចមើលថ្ងៃលិចបាន។
ទាក់ទងទៅនឹងការអភិវឌ្បន៍តំបន់ទេសចរណ៍ទាំងនោះដែរ លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានប្រាប់តាមទូរស័ព្ទនាថ្ងៃទី០៦ ខែសីហានេះថា លោកនឹងបន្តគម្រោងអភិវឌ្បទេសចរណ៍អេកូឡូស៊ី Ecolozi បន្ថែមមួយកន្លែងផ្សេងទៀត បន្ទាប់ពីគម្រោងចាស់ស្ថាបនារួចរាល់ជាស្ថាពរ។ ក្នុងនោះដែរ លោកក៏សូមឱ្យបណ្ដាញព័ត៌មាននានាជួយផ្សព្វ ផ្សាយព័ត៌មានស្ដីអំពីតំបន់ទេសចរណ៍នេះផងដែរ។ លោកក៏រំពឹងថានឹងមានភ្ញៀវទេសចរ កើនឡើងជាបន្តបន្ទាប់។
ដោយឡែកលោក ភឹង វិទូ ដែលជាម្ចាស់គម្រោងអភិវឌ្បន៍តំបន់ថ្មីរមណីយដ្ឋាន «ទឹកធ្លាក់ចំកាដូងអូររមាស» ដែលកំពុងទទួលទានអាហារថ្ងៃត្រង់ក្នុងរមណីយដ្ឋានទឹកធ្លាក់ «អូរមាស» បានរៀបរាប់ប្រាប់នារសៀលថ្ងៃទី៦ ខែសីហានេះថា លោកនឹងរៀបចំប្រព័ន្ធសុវត្ថិភាពជូនភ្ញៀវទេសចរណ៍អោយបានខ្ពស់ ដូចជាការមិនអោយមានទឹកច្រើនពេក ការពាក់អាវពោងសុវត្ថិភាពជាប្រចាំ និងការជិះទូកមានចំនួនកំណត់ ។
បើតាមលោក ភឹង វិទូ បានផ្ដោតសំខាន់នៅរមណីយដ្ឋានទឹកធ្លាក់ «ចំការដូងអូររមាស» គឺការអនាម័យមិនឱ្យចោលសំរាមពាសវាលពាសកាលនោះឡើយ។ ជាមួយគ្នាភ្ញៀវជាតិ និងអន្តរជាតិ អាចយកបាយម្ហូបស្រាទៅពីខាងក្រៅបាន ដោយម្ចាស់ទីតាំងគិតតែថ្លៃតូប និងភេសជ្ជៈប៉ុណ្ណោះ។
សូមបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់ «ចំការដូងអូររមាស» មានកញ្ចុះជាង៤០ ដែលបានធ្វើនៅជាប់មាត់ទឹកហូរ មានលក់ម្ហូបអាហារ សម្រាប់ទទួលភ្ញៀវ។ រមណីយដ្ឋានទឹកធ្លាក់ «ចំការដូងអូររមាស» គឺស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាបមានចំងាយពីទីប្រជុំជនស្រុកជីក្រែងទៅជាង២០គីឡូម៉ែត្រ តាមផ្លូវលេខ២៦៦។ ចំណែក «ទំនប់ខ្សាក» ស្ថិតក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ពីទីប្រជុំជនស្រុកជីក្រែងទៅតាមផ្លូវលេខ២៦៦ មានចម្ងាយជាង៤០គីឡូម៉ែត្រ។
គួរបញ្ជាក់ផងដែរថា ក្នុងស្រុកជីក្រែង ក្រៅពីមានរមណីយដ្ឋានទាំង២ខាងលើ ក៏មានរមណីយដ្ឋានមួយកន្លែងទៀតដែលពលរដ្ឋក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិនិយមចូលចិត្តមកលេងកម្សាន្ត គឺរមណីយដ្ឋាន «ទំនប់ម្កាក់» មានចំងាយពីទីរួមស្រុកជីក្រែង ទៅមានចម្ងាយជាង១០គីឡូម៉ែត្រតែប៉ុណ្ណោះ៕