រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១, នៅសាលាខេត្តប៉ៃលិន, លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយនឹងអាជ្ញាធរដែនដី មន្ទីរជំនាញពាក់ព័ន្ធ ដោះស្រាយទំនាស់ដីធ្លីរវាងលោក នុន ស៊ីនឿន និងប្រជាពលរដ្ឋចំនួន ៨គ្រួសារ នៅក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មានប្រសាសន៍បើកអង្គប្រជុំដោះស្រាយទំនាស់ដីធ្លីនេះ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានលើកឡើងថា ការដោះស្រាយទំនាស់នាពេលនេះ គឺឈរនៅលើគោលការណ៍ ឈ្នះ- ឈ្នះ ទាំងអស់គ្នា។ ដូច្នេះគ្រប់ភាគីទាំងអស់ ត្រូវមានការយោគយល់ និងលះបង់ ដើម្បីរកឃើញនូវចំណុចរួមមួយ ដែលទទួលយកបានទាំងអស់គ្នា។ លោកជំទាវក៏បានណែនាំដល់អាជ្ញាធរដែនដី និងមន្ទីរជំនាញដែលពាក់ព័ន្ធ នឹងការងារដោះស្រាយទំនាស់ដីធ្លីនេះ ត្រូវឈរនៅកណ្ដាល មិនត្រូវមានការលំអៀង ឬកាន់ជើងខាងណាណាមួយឡើយ។
សូមបញ្ជាក់ថា ទំនាស់ដីធ្លីនេះ បានកើតឡើងតាំងពីសម័យក្រោយសមាហរណកម្ម មកម្ល៉េះ ពោលគឺជាពេលមួយដែលប្រជាពលរដ្ឋ នាំគ្នាកាប់រាន ទន្ទ្រានយកដីព្រៃសម្រាប់ធ្វើចំការ និងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយទំនាស់នេះ ក៏ត្រូវបានដោះស្រាយជាបន្តបន្ទាប់ រហូតដល់មានការឡើងដល់កុលាកាទៀតផង៕ ដោយ វួច ពឿន AKP ប៉ៃលិន