ប៉ៃលិន៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ចំនួន ២ខ្សែ ប្រវែង ៥៤គីឡូម៉ែត្រ ដោយខ្សែទី១ ភ្ជាប់ពីចំណុចបំបែកផ្លូវជាតិលេខ៥៩ ក្នុងភូមិទំនប់ រហូតដល់ចំណុចផ្សារឃែរ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងខ្សែរទី២ ចាប់ពីផ្សារឃែរ ក្នុងភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ រហូតភ្ជាប់នឹងផ្លូវជាតិលេខ៥៧ ត្រង់ចំណុចបំបែក (អូរសួស្តី) ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ ១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានា ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ១០០% ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ថា៖ ផ្លូវក្រាលកៅស៊ូប្រភេទ DBST ទាំង ២ខ្សែរ ដែលកំពុងស្ថាបនានេះ មានប្រវែងសរុប ៥៤គីឡូម៉ែត្រ ដោយខ្សែទី១ មានប្រវែង ២៤គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងខ្សែទី២ មានប្រវែង ៣០គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ និងមានដាក់ប្រព័ន្ធលូជាច្រើនកន្លែងបន្ថែមទៀត ដើម្បីបញ្ជាសបញ្ហាស្ទះទឹក ដែលបណ្តាលអោយលិចផ្លូវ ឬផ្ទះប្រជាពលរដ្ឋ ពេលមានករណីជំនន់ទឹកភ្លៀងម្តងៗ៕